ភាព​តានតឹង​នៅ​តាម​ព្រំដែន​កូរ៉េ​ទាំង​2​ក្រោយ​ក្រុង​សេ​អ៊ូ​ល​ធ្វើការ​ឃោសនា​ឡើង​វិញ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង

ការ​ផ្សាយ​ការ​ឃោសនា​តាម​ប្រដាប់​បំពង​សំឡេង​របស់​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ឡើង​វិញ​នា​ថ្ងៃ​ទី​៨ មក​រា ចាប់ពី​វេលា​ថ្ងៃត្រង់​ទៅ នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េ​ខាងជើង ។ នេះ​ជា​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង ។

ក្រុង​សេ​អ៊ូ​ល​បាន​សម្រេច​បើក​ធ្វើ​ឡើង​វិញ​នូវ​យុទ្ធនាការ​ឃោសនា​នេះ ក្រោយ​ការ​ប្រកាស​របស់​ក្រុង​ព្យុ​ង​យ៉ាង​កាលពី​ថ្ងៃ​ទី​៦ មក​រា ពី​ការ​សាកល្បង​គ្រាប់បែក​អីុដ្រូ​ហ្សែ​ន ។ តាម​ប្រដាប់​បំពង​សំឡេង​កម្លាំង​ខ្លាំង​នានា​ក្រុង​សេ​អ៊ូ​ល​ផ្សាយ​កម្មវិធី​មួយ លាយ​បញ្ចូល​គ្នា​នូវ​បទ​ចម្រៀង​ប៉ុប​ឧតុនិយម ព័ត៌មាន​នានា ឬ​ការ​រិះគន់​ទាំងឡាយ​ប្រឆាំង​របប​កូរ៉េ​ខាងជើង ។

វិធីសាស្ត្រ​នៃ​សង្គ្រាមចិត្តសាស្ត្រ​នេះ​ត្រូវ​បាន​ប្រើ​ក្នុង​បណ្តា​ឆ្នាំ​នៃ​ជម្លោះ​ដោយ​ចំហ​រវាង​កូរ៉េ​ទាំង​២ (១៩៥០-១៩៥៣) ។ បច្ចុប្បន្ន​ទោះបីជា​បុរាណ​បន្តិច​មែន តែ​វិធី​នោះ​នៅ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ កាលពី​រដូវក្តៅ​កន្លង​មកនេះ ពេល​មាន​ភាព​តានតឹង​ខ្លាំង​រវាង​កូរ៉េ​ទាំង​២ ការ​ផ្សាយ​សារ​តាម​ប្រដាប់​បំពង​សំឡេង​ទាំងនេះ​ញ៉ាំង​ឱ្យ​ក្រុង​ព្យុ​ង​យ៉ាង​ក្តៅក្រហាយ​យ៉ាង​ខ្លាំង ។ របប​កូរ៉េ​ខាងជើង​គំរាម​បាញ់កាំភ្លើង​ធំ​លើ​ទីតាំង​ទាំងនេះ ហើយ​ក្រុង​សេ​អ៊ូ​ល​ទីបំផុត​ក៏​បាន​ផ្អាក​វិញ យោង​តាម​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ​មួយ​ដែល​ចុះហត្ថលេខា​នា​ដំណាច់​ខែសីហា ។

កូរ៉េ​ខាងជើង​បាន​បង្កើន​កាលពី​ថ្ងៃ​ទី​៨ មក​រា នូវ​ចំនួន​កងទ័ព​ក្នុង​ផ្ទៃ​កងឯកភាព​មួយ​ចំនួន​ដាក់​ពង្រាយ​ជិត​ខ្សែបន្ទាត់​ហាម​មិន​ឱ្យ​មាន​កងទ័ព ។ ចំណែក​កូរ៉េ​ខាងត្បូង​វិញ​បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន​យោធា​ដល់​កម្រិត​ខ្ពស់​បំផុត ក្នុង​បណ្តា​តំបន់​ស្ថិត​នៅ​ក្បែរ​កន្លែង​ដាក់​ប្រដាប់​បំពង​សំឡេង​ទាំងឡាយ ៕