ក្រុង​វ៉ា​ស៊ី​ន​តោន និង​បណ្តា​សម្ព័ន្ធមិត្ត​គំរាម​ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​បង់​តម្លៃ​យ៉ាង​ខ្ពស់

សហរដ្ឋ​អា​មេ​រិ​ក និង​សម្ព័ន្ធមិត្ត​យោធា​សំខាន់​២​នៅ​អាស៊ី​គឺ​កូរ៉េ​ខាងត្បូង និង​ជប៉ុន​កាលពី​ថ្ងៃ​ទី​៧ មក​រា សន្យា​ពី​ការ​រួប​រួមការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​ប្រតិកម្ម​ម៉ឺងម៉ាត់ និង​ខ្លាំងក្លា​បំផុត​មួយ ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៤​របស់​កូរ៉េ​ខាងជើង ។

ចំណែក​អង់គ្លេស​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង ដើម្បី​គូសបញ្ជាក់​ដោយ​ពាក្យ​ធ្ងន់​ៗ​ការ​ថ្កោលទោស​របស់​ខ្លួន​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​នេះ ។

បន្ទាប់​ពី​ការ​ប្រកាស​របស់​ក្រុង​ព្យុ​ង​យ៉ាង​ពី​ជោគជ័យ​នៃ​ការ​សាកល្បង​គ្រាប់បែក​អីុ​ដ្រូ​ហ្សែ​ន មេដឹកនាំ​សហរដ្ឋ​អា​មេ​រិ​ក កូរ៉េ​ខាងត្បូង និង​ជប៉ុន​ប្រញាប់​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ។  ការ​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ដែល​សន្យា​ដាក់​ទណ្ឌកម្ម​កាន់តែ​ធ្ងន់​លើ​កូរ៉េ​ខាងជើង ។ សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សា​នេះ ក្នុង​នោះ​មាន​ចិន​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​ក្រុង​ព្យុ​ង​យ៉ាង​ផង ប្រកាស​ពី​បណ្តា​វិធានការ​បន្ថែម ដើម្បី​បញ្ចូល​ក្នុង​ដំណោះស្រាយ​ថ្មី​មួយ ។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោកស្រី PARK GEUN HYE ដែល​ពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ទាមទារ​ឱ្យ​មាន​ចម្លើយ​តប​យ៉ាង​ខ្លាំង​បំផុត ។ បន្ទាប់​មក​សេត​វិមាន​ចេញផ្សាយ​សេចក្តី​ប្រកាស​មួយ​ប្រើ​ពាក្យ​ធ្ងន់​ៗ​ដូច​គ្នា ហើយ​វាយតម្លៃ​ថា ការ​សាកល្បង​នេះ​ជា​ការ​រំលោភ​បំពាន​ថ្មី លើ​បណ្តា​កាតព្វកិច្ច​របស់​ក្រុង​ព្យុ​ង​យ៉ាង​ចំពោះ​​ច្បាប់​អន្តរជាតិ ក្នុង​នោះ​មាន​ដំណោះស្រាយ​ជា​ច្រើន​របស់ អ​.​ស​.​ប​ផង ។ សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា ពេល​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រយៈពេល​២០​នាទី លោក​អូ​បា​ម៉ា អះអាង​ជា​ថ្មី​ពី​ការ​សន្យា​របស់​សហរដ្ឋ​អា​មេ​រិ​ក​ជួយ​ការពារ​សន្តិសុខ​របស់​កូរ៉េ​ខាងត្បូង ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន ហ្សូ​អា​បេ វិញ ក៏​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​អូ​បា​ម៉ា ដោយ​វាយតម្លៃ​ថា ប្រទេស​ទាំង​២​ត្រូវ​នាំមុខ​ធ្វើ​បូជនីយកិច្ច​មួយ​សម្រាប់​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងតែង​បំផុត ។ លោក​អា​បេ មាន​ប្រសាសន៍​ថា យើង​នឹង​បោះ​ជំហាន​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត និង​ម៉ឺងម៉ាត់ ៕