ចាប់ខ្លួន​បុរស​ម្នាក់​ពី​បទ​ចង់​លួច​ចាប់​ឆ្កែ​មួយ​របស់​គ្រួសារ​លោក​អូ​បា​ម៉ា

បណ្តាសារ​ព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ មក​រា ថា បុរស​ម្នាក់​ដែល​ប្រហែលជា​គ្រោង លួច​ចាប់​យក​ឆ្កែ​មួយ​ក្នុង​ចំណោម​ឆ្កែ​របស់​គ្រួសារ​លោក​អូ​បា​ម៉ា នៅ​សេត​វិមាន​ត្រូវ​ចាប់ខ្លួន​កាលពី​ស​ប្តា​ហ៍​កន្លង​ទៅ​នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ។

យោង​តាម​ទូរទស្សន៍ NBC ថា បុរស​ឈ្មោះ SCOTT STOCKERT អាយុ​៤៩​ឆ្នាំ ហើយ​មាន​ដើម​កំណើត​នៅ​រដ្ឋ​ដា​កូតា​ខាងជើង ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ មក​រា ក្នុង​សណ្ឋាគារ​មួយ​នៅ​រដ្ឋធានី​សហព័ន្ធ ដោយ​ភ្នាក់ងារ​សម្ងាត់​ទទួល​បន្ទុក​ការពារ​ប្រធានាធិបតី​អា​េ​ម​រិ​ក ។ ការ​ចាប់ខ្លួន​បុរស​នោះ​ក្រោយ​ពី​ការ​ចេញផ្សាយ​រូបគំនូរ​បុរស​នេះ​ដោយ​ការិយាល័យ​សេវាកម្ម​មី​នី​សូ​តា​មក ។

យោង​តាម​ភ្នាក់ងារ​សម្ងាត់​ថា បុរស​រូប​នេះ​មាន​បំណង​លួច​ចាប់​ឆ្កែ​ឈ្មោះ BO ជា​ឆ្កែ​ចាស់​ជាងគេ​ក្នុង​ចំណោម​ឆ្កែ​ពូជ​ព័រ​ទុ​យ​ហ្គា​ល់​របស់​គ្រួសារ​លោក​អូ​បា​ម៉ា មក ។ ឆ្កែ​មួយទៀត​ជា​ឆ្កែ​ញី​មានឈ្មោះ​ថា SUNNY ។ បុរស​ឈ្មោះ SCOTT STOCKERT និយាយ​ប្រាប់​ប៉ូលិស​ថា រូបគេ​ជា​កូនប្រុស​របស់​លោក JOHN F. KENNEDY និង​លោកស្រី MARILYN MONROE ។ ក៏​ប៉ុន្តែ​ក្នុង​រថយន្ត​របស់​គេ​មាន​កាំភ្លើង​២​ដើម និង​គ្រាប់​៣០០​គ្រាប់ ព្រមទាំង​ដាវ​មួយ និង​ព្រនង់​មួយ ហើយ​ជន​នេះ​អាច​ជាប់ចោទ​ពី​បទ​កាន់​អាវុធ ដោយ​ពុំ​មានការ​ចុះបញ្ជី​របស់​អាជ្ញាធរ ។ រូបគេ​កាលពី​ថ្ងៃ​ទី​៧ មក​រា បញ្ជូន​មក​កាន់​តុលាការក្រុង​វ៉ា​ស៊ី​ន​តោន​មួយ ហើយ​ចៅក្រម​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​៨ មក​រា ដោះ​លែង​គេ​ក្រោម​លក្ខខណ្ឌ​មួយ​ចំនួន ពិសេស​ហាម​មិន​ឱ្យមក​ក្បែរ​សេត​វិមាន និង​វិមាន​កា​ពី​តូ​ល ៕