មនុស្ស​ជិត​60​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​លើ​ពន្ធនាគារ​មួយ​របស់​អាល់​កៃ​ដា​នៅ​ស៊ី​រី

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថ្លែង​ថា មនុស្ស​ជិត​៦០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៩ មក​រា ក្នុង​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​ប្រឆាំង​អគារ​មួយ​យក​ធ្វើ​ជា​គុក​របស់​បណ្តាញ​អាល់​កៃ​ដា​នៅ​ស៊ី​រី ជា​ប្រទេស​រង​ការ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​ចាប់តាំងពី​ជិត​៥​ឆ្នាំ​មក​ហើយ ។

តុល្យការ​នៃ​ការ​វាយប្រហារ​របស់​កង​យន្តហោះ​រុ​ស្ស៊ី​នេះ ប្រឆាំង​អគារ​មួយ​ដែល​ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​ជា​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី​ប្រើ​ធ្វើ​ជា​គុក​នៅ​ទីក្រុង MAARET AL NOOMANE ភាគ​និរតី​ប្រទេស​មាន​កាន់តែ​ខ្ពស់​ដោយ OSDH នា​វេលា​ល្ងាច​ថ្ងៃ​ទី​៩ មក​រា រៀបរាប់​ពី​ចំនួន​អ្នក​ស្លាប់​ថា មាន​៥៧​នាក់ ។ អង្គការ​នេះ​បញ្ជាក់​ថា តុល្យការ​អ្នក​ស្លាប់​ឡើង​ដល់​៥៧​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​២១​នាក់ យុទ្ធ​ជន​ក្រុម​អាល់​ណូ​ស្ត្រា​២៣​នាក់ យុទ្ធ​ជន​ឧទ្ទាម​ក្រៅពី​នេះ​៦​នាក់ ព្រមទាំង​អ្នកទោស​៧​នាក់ ។ អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ទៀត ព្រោះ​អ្នក​របួស​៣០​នាក់​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ មជ្ឈមណ្ឌល​ឃុំឃាំង​នេះ​ស្ថិត​នៅ​ជិត​ផ្សារ​មាន​មនុស្ស​កុះករ​មួយ នៃ​ទីក្រុង​នោះ ត្រួតត្រា​ដោយ​ពួ​ួ​ក​ឧទ្ទាម និង​ក្រុម​អាល់​ណូ​ស្ត្រា​ក្នុង​ខេត្ត​អីុ​ដ​លី​ប ។

ប្រទេស​រុ​ស្ស៊ី​បាន​ធ្វើ​អន្តរាគមន៍៍​ពី​ដំណាច់​ខែកញ្ញា​មក ក្នុង​ជម្លោះ​នៅ​ស៊ី​រី ដើម្បី​ជួយ​ដល់​កងទ័ព​លោក​អាសា​ដ ប្រឈម​មុខ​នឹង​ពួក​ឧទ្ទាម ព្រមទាំង​ពួក​ជី​ហា​ដ ។ កាលពី​ដំណាច់​ខែធ្នូ OSDH អះអាង​ថា ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី​រយៈពេល​៣​ខែ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២.៣៧១​នាក់ ក្នុង​នោះ​ជិត​១​ភាគ​៣​ជា​ជន​ស៊ី​វិល ៕