បាតុកម្មហិង្សា​នៅ​កូ​សូ​វ៉ូ​ប្រឆាំង​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ស៊ែរ​ប៊ី

ប៉ូលិស​ជាង​១០​នាក់​ត្រូវ​របួស ហើយ​បាតុករ​២០​នាក់​ត្រូវ​ចាប់ខ្លួន​ក្នុង​ឱកាស​នៃ​បាតុកម្មហិង្សា​មួយ កាលពី​ថ្ងៃ​ទី​៩ មក​រា នៅ​ទីក្រុង​ព្រី​ស្ទី​ណា របស់​ពួក​ប្រឆាំង​កូ​សូ​វូ​៉ ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លាលែង ហើយ​បោះបង់​ចោល​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​ជាមួយ​ស៊ែរ​ប៊ី ។

លោក BAKI KELANI អ្នកនាំពាក្យ​ម្នាក់​របស់​ប៉ូលិស​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ប៉ូលិស​១០​នាក់ ជន​ស៊ី​វិល​២​នាក់ និង​អ្នកកាសែត​២​នាក់​រង​របួស ។ អ្នកនាំពាក្យ​រូប​នោះ​ពុំ​បាន​ផ្តល់​តុល្យការ​ពី​អ្នក​របួស​ក្នុង​ចំណោម​ពួក​បាតុករ​ឡើយ តែ​បញ្ជាក់​ថា បាតុករ​២៤​នាក់​ត្រូវ​ចាប់ខ្លួន ។

បាតុករ​ជា​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​កាលពី​រសៀល​ថ្ងៃ​ទី​៩ មក​រា នៅ​មុខ​វិមាន​រដ្ឋាភិបាល ។ លោក FATMIR LIMAJ មេដឹកនាំ​របស់​ចលនា​ផ្តួចផ្តើម​គំនិត ដើម្បី​កូ​សូ​វ៉ូ​និយាយ​ថា រដ្ឋាភិបាល​នេះ​ធ្វើការ​រត់ពន្ធ​ជាមួយ​អធិបតេយ្យភាព​របស់​យើង ។ យើង​ទាមទារ​ឱ្យ​មានការ​បោះ​ឆ្នោត​មុន​កាលកំណត់​ភ្លាម​ៗ ព្រោះ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ដឹកនាំ​កូ​សូ​វ៉ូ​ឡើយ ។

ចំណែក​មេដឹកនាំ​គណបក្ស​សម្ព័ន្ធភាព ដើម្បី​អនាគត​កូ​សូ​វ៉ូ លោក RUMUSH HARADINAJ អះអាង​ថា បាត​កម្ម​ធំ នេះ​មាន​ន័យ​ថា ជា​ការ​បញ្ចប់​របស់​រដ្ឋាភិបាល​ក្រុង​ព្រី​ស្ទី​ណា​បច្ចុប្បន្ន ។

បាតុករ​មួយ​ចំនួន​បាន​គប់​ដប​សាំង​ដុត ព្រមទាំង​ដុំ​ថ្ម​លើ​សមាជិក​កងកម្លាំង​ពិសេស​របស់​ប៉ូលិស​ដែល​ដាក់​ពង្រាយ​ជុំវិញ​វិមាន​រដ្ឋាភិបាល​។ កញ្ចក់​ទាំងឡាយ​ត្រូវ​បែក​ហើយ​មាន​ភ្លើង​ឆាបឆេះ​នៅ​ជិត​ច្រកចូល​វិមាន​រដ្ឋាភិបាល មុន​ពេល​ពួក​បាតុករ​ត្រូវ​បំបែក ។ កងកម្លាំង​ពិសេស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ប្រើ​កាណុង​បាញ់​ទឹក និង​បណ្តា​រថយន្ត​ប្រឆាំង​កុប្បកម្ម​ដើម្បី​បំបែកពួក​បាតុករ ដែល​ប៉ុនប៉ង​ដាក់​ប៉ា​រ៉ា​ស់នា​នា ដោយ​ចាក់​ធុងសំរាម ។ រថពាសដែក​៣​គ្រឿង​របស់​ប៉ូលិស​ត្រូវ​ភ្លើង​ឆាបឆេះ​ពេល​ត្រូវ​ដប​សាំង​ដុត ក៏​ប៉ុន្តែ​អណ្តាតភ្លើង​ត្រូវ​ពន្លត់​ភ្លាម​ៗ​។

ប្រធានាធិបតី​កូ​សូ​វ៉ូ លោកស្រី ATIFETE JAHJAGA បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អំពើ​ហិង្សា​ទាំងនេះ​ប្រឆាំង​កិច្ចព្រមព្រៀង​ជាមួយ​ស៊ែរ​ប៊ី ដែល​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៣ ។ កិច្ចព្រមព្រៀង​នោះ​ទាមទារ​ដោយ​សហភាព​អឺរ៉ុប ដែល​អាច​ឱ្យ​កូ​សូ​វ៉ូ និង​ស៊ែរ​ប៊ី មានការ​ខិតចូល​ជិត​សហភាព​អឺរ៉ុប​កាន់តែ​ខ្លាំង​។ គោលបំណង​គឺ​ដំ​ដៅ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​ស៊ែរ​ប៊ី និង​កូ​សូ​វ៉ូ​ដែល​ប្រកាស​ឯករាជ្យ​កាលពី​ឆ្នាំ​២០០៨ ដាច់​ចេញពី​ស៊ែរ​ប៊ី ៕