សមត្ថកិច្ច​ចាប់​ជនសង្ស័យ​មួយ​ក្រុម​…​តែ​មហាជន​មានការ​ងឿងឆ្ងល់

ខេត្ដ​បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល​បាន​បើករថយន្ត​១​គ្រឿង​មក​ពាំង​ពីមុខ​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​ចាប់​វាយ​ខ្នោះ​បុរស​ម្នាក់ និង​ឃាត់​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឱ្យ​ចុះ រួច​ឡើង​រថយន្ត​របស់​សមត្ថកិច្ច​ជិះ​ចេញ​ទៅ​បាត់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦​។

យ៉ាងណា​ក៏​ដោយ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​មិន​បាន​ប្រាប់​ពី​អង្គភាព​ណាមួយ ហើយ​ក៏​មិន​ទាន់​ប្រាប់​ថា​ករណី​នោះ​ពាក់ព័ន្ធ​នឹង​រឿង​អ្វី​ផង​ដែរ ដោយ​គ្រាន់តែ​និយាយ​យ៉ាង​ខ្លី​ថា ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សិន រួច​ក៏​បើករថយន្ត​ចេញ​ទៅ​បាត់​។ ដំបូង​គេ​ឃើញ​រថយន្ត​ពណ៌​ខ្មៅ​២​បាំង​កន្លះ ដែល​ជនសង្ស័យ​បើកបរ​មក​ពី​ទិស​ខាងលិច លុះដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​ទំនើប​របស់​សមត្ថកិច្ច​តាម​មក​ពីក្រោយ រួច​បត់​ចូល​ពាំង​ផ្លូវ បន្ទាប់​មក​ក៏​ចុះ​មក​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង។

កម្លាំង​សមត្ថកិច្ច​ទាំង​អស់នោះ​គេ​ឃើញ ខ្លះ​ស្លៀកពាក់​ស៊ី​វិល និង​ខ្លះ​ទៀត​មាន​ឯកសណ្ឋាន មាន​កាំភ្លើងខ្លី វែង  ហើយ​ក៏​ឃាត់ខ្លួន​បុរស​ស្ត្រី​២​នាក់​ផ្សេង​ទៀត​ទៅ​ជាមួយ​ផង​ដែរ ។​តាម​ប្រភព​ក្រៅផ្លូវការ​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​មួយ​ក្រុម​នោះ ជា​ជំនាញ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន៕