ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​លួច​កាប់​គោ​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​តុលាការ​

ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ ពី​បទ​លួច​កាប់​គោ​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​តុលាការ​



កំពង់ចាម ៖ ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​បក្សពួក​៤​នាក់ ​ដែល​បាន​ធ្វើ​សកម្មភាព​លួច​គោ​របស់​ប្រជាពលរដ្ឋ​យក​មក​កាប់​ពន្លះសាច់ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​និង​៤០​នាទី ​នៅ​ចំណុច​បឹង​តា​ងា​ល ​ស្ថិត​ក្នុង​ភូមិ​ទួលរ​ការ ឃុំ​រអាង ​ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម។

លោក ពេជ្រ​ គឹម​ស៊ា អធិការរង​នគរបាល​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ថា​ នៅ​យប់​ថ្ងៃ​ទី៩មីនា​កម្លាំង​នគរបាល​ឃុំ​រអាង​ និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ពួន​ចាំ​មើល​សកម្មភាព​ចោរលួច​គោ​ ដែល​តែង​តែ​ធ្វើ​សកម្មភាព​លួច​គោ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ លុះ​រហូត​រំលង​អធ្រាត្រ​ម៉ោង១និង​៤០នាទី ​ឈាន​ចូល​ថ្ងៃ​ទី​១០​មីនា សមត្ថកិច្ច​បានឃើញ​ជនសង្ស័យ​ចំនួន៤​នាក់​កំពុង​វះ​សាច់​គោ​នៅ​ចំណុច​បឹង​តា​ងា​ល​ ស្ថិត​ក្នុង​ភូមិ​ទួល​ត​ការ ឃុំ​រអាង​ ស្រុក​កំពង់សៀម ​ខេត្ត​កំពង់ចាម ក៏​នាំគ្នា​ឃាត់​ជនសង្ស័យ​ទាំង​៤​នាក់​ តែ​ពេលនោះ ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​នាំគ្នា​រត់គេចខ្លួន​ តែ​ត្រូវ​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ម្នាក់​ ឯ​បក្សពួក​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់។

លោក ពេជ្រ គឹម​ស៊ា បានឲ្យដឹងថា ​ជនសង្ស័យ​ត្រូវ​ចាប់ខ្លួន​នោះ​មាន​ឈ្មោះ ​សួ​ វ៉េ​ត​ ភេទ​ប្រុស ​អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ណេង ​សង្កាត់​សំបួរមាស​ ក្រុង​កំពង់ចាម ​ខេត្ត​កំពង់ចាម។ សមត្ថកិច្ច​បានឲ្យដឹង​ថា ​នៅ​កន្លែងកើតហេតុ​បាន​បន្សល់ទុក​នូវ​សាច់​គោ​វះ​រួច ​និង​ឆ្អឹង​គោមួយ​ចំនួន ​រួម​នឹង​ម៉ូតូ​C100​ ពណ៌​ក្រហម​មួយ​គ្រឿង។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បានឲ្យដឹងថា ​នៅ​ថ្ងៃ​ទី៩មីនា​ ពួកគេ​មាន​គ្នា៤នាក់​ គឺ​ទី​១-ឈ្មោះ សួ វ៉េ​ត​ ២-ឈ្មោះ ស៊ុន ថា​ន​(​ហៅ​បារាំង​)​ ភេទ​ប្រុស​ មាន​អាយុ៥២ឆ្នាំ ​ទីលំនៅ​ភូមិ​បឹង​កុក​សង្កាត់​បឹង​កុក​ ក្រុង​កំពង់ចាម​ និង​២​នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ​បាន​នាំគ្នា​លួច​កាប់​គោ​របស់​ប្រជាពល​រដ្ឋ​ដែល​លែង​ឲ្យ​ស៊ី​ស្មៅ​នៅ​ភូមិ​ច្រក​ស្តៅ​ ឃុំ​ទ្រាន ​ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម។​

ហើយ​ពេល​លួច​គោ​បាន​ហើយ​ពួក​ខ្លួន​បាន​ដឹក​យក​មក​ក្នុង​ព្រៃ​រហូត​យប់​ស្ងាត់​ ទើប​នាំគ្នា​ដឹក​មក​កន្លែងកើតហេតុ​កាប់​ពន្លះសាច់​ច្រក​ការុង​ទុក​យក​ទៅ​លក់​ តែ​ពេល​កាប់​ជិត​រួច​ស្រាប់តែ​សមត្ថកិច្ច​ទៅដល់។ ជនសង្ស័យ ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​កំពង់សៀម​ ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ និង​សុំ​ដីកាចាប់ខ្លួន​បក្សពួក​បន្ត៕​