អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​ចានជ័រ​ប្រអប់​បាយ​អស់​ស្ទើរ​ទាំងស្រុង

អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​ផលិត​ចានជ័រ​ប្រអប់​បាយ​អស់​ស្ទើរ​ទាំងស្រុង



ភ្នំពេញ ៖ រោងចក្រ​ផលិត​ប្រអប់​បាយ​ និង ​ចានជ័រ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទោះបី​ឡានទឹក​មកដល់​ត្រៀបត្រា​ហើយ​ក្ដី​ក៏​មិនអាច​បាញ់​ទឹក​ពន្លត់​ទាន់ពេល​បាន​ដែរ​ដោយសារ​គ្មាន​ប្រឡោះ​ចូល​ទម្រាំ​គេ​វាយ​កម្ទេច​របង​ស៊ក​ទុយ​យោ​ចូល​បាន​ភ្លើង​ឆេះ​ស្ទើរ​អស់​ទៅហើយ។

គេ​មិនទាន់​ដឹង​ពី​មូលហេតុ នៃ​ការ​ឆេះ​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ប៉ុន្ដែ​ភាគច្រើន​គេ​សន្និដ្ឋាន​ថា​ សងកស័យ​ម​ក​ពី​ទុស្សេ​ខ្សែភ្លើង។

ហេតុ​ការណ៍​នេះ​មានការ​ភ្ញាក់ផ្អើល​ការ​ពី​វេលា​ម៉ោង​១៥​និង​១៥​នាទី​រសៀល​ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦​នៅក្នុង​ភូមិ​កន្ទោក​ខាងជើង ​សង្កាត់​កន្ទោក ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រោងចក្រ​នេះ​មាន​យីហោ​ឃ្យូ​ង​ស៊ុ​ង​ជា​រោងចក្រ​របស់​ជនជាតិ​កូរ៉េ​។ តាម​កម្មករ​ធ្វើការ​នៅក្នុង​រោងចក្រ​នេះ​បាន​ឲ្យ​ដឹង​ថា​ គេ​មិនដឹង​ថា ​មកពី​មូលហេតុ​អ្វី​ទេ​ខណៈ​ពេល​កំពុងធ្វើការ​ងា​រសុខៗ​ស្រាប់តែ​កម្មករ​នាំគ្នា​ផ្អើល​ឈុល​រត់​ជាន់​ជើងគ្នា​រក​ច្រកចេញ​ស្ទើរ​មិនទាន់​តែ​ពុំ​មាន​កម្មករ​ណា​ម្នាក់​រងរបួស​នោះ​ទេ។ នៅពេល​រត់ចេញ​មកដល់​ក្រៅរបង​រោងចក្រ​ក្រឡេក​មើលឃើញ​ផ្សែង​ឆេះ​ខ្មៅខ្មួល​ខ្មាញ់​កប់​ពពក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ​និង ​ប្រជាពលរដ្ឋ ប្រហែល​មួយសន្ទុះ​ក្រោយមក​ទើប​គេ​ឃើញ​មាន​រថយន្ដ​ពន្លត់អគ្គិភ័យ​មកដល់​ជា​បន្ដ​បន្ទាប់ តែ​មកដល់​ភ្លាម​មិនទាន់​បាន​បាញ់​ទឹកបាន​ភ្លាម​ទេ​ដោយសារ​ក​ច្រកចូល​មិនឃើញ ចូល​បាន​ពីមុខ​បន្ដិច​បាញ់​ទឹក​មិន​ឈ្នះ​ភ្លើង​នៅពេល​មក​បាញ់​ពីក្រោយ​ជាប់​របង​ហើយ​គេ​បាន​វាយ​ទម្លុះ​របង​បេតុង​មួយ​ប្រឡោះ​ដើម្បី​រុលចូល។

អគ្គិភ័យ​បាន​បន្ដ​ឆាបឆេះ​អស់​រយៈពេល​ជិត​ពីរ​ម៉ោង​នៅតែ​មិន​ស្រាកស្រាន្ត​ពោល​គឺ​បន្ដ​ឆេះ​ជាប់​រហូត​ទោះបី​គេ​ឃើញ​ឡានទឹក​មក​ជួយ​អន្ដរាគមន៍​ជាង​១០​គ្រឿង​ក៏ដោយ ក៏​ភ្លើង​នៅតែ​ឆាបឆេះ​យ៉ង​ខ្លាំង​ដដែល​តែ​មិន​បង្ក​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​នោះ​ទេ ​ដោយសារ​រោងចក្រ​នេះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ ម្យ៉ាងវិញទៀត​មាន​របង​បេតុង​ខ្ពស់​ផង។

ភ្លាមៗ​នេះ​គេ​មិនទាន់​ដឹង​ថា បណ្ដាល​ឲ្យ​ខូចខាត​អស់​ប៉ុន្មាន​នោះ​ទេ​ តែ​សម្រាប់​អគារ​រោងចក្រ ​គឺ​ឆេះ​ម៉ត់​តែម្ដង​ហើយក៏​កំពុង​បន្ដ​ឆេះ​ជាប់​ដដែល៕