ជន​សង្ស័យ​ម្នាក់​ ដែល​លួច​រត់​ទាំង​ដៃ​ជាប់​ខ្នោះ​នៅ​តុលាការ ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​វិញ

ជន​សង្ស័យ​ម្នាក់​ ដែល​លួច​រត់​ទាំង​ដៃ​ជាប់​ខ្នោះ​នៅ​តុលាការ ​ត្រូវ​បាន​បញ្ជូន​មក​តុលាការ​វិញ



ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​​មីនា ឆ្នាំ​២០១៦​​នេះ ​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារអំពៅ​បាន​ចាប់​​បញ្ជូន​ជនសង្ស័យ​ម្នាក់​ ដែល​បាន​លួច​រត់​ទាំង​ដៃ​ជាប់​ខ្នោះ​ចេញពី​តុលាការ​កាល​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​កុម្ភៈ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​វិញ។

ក្រោយ​ការសាកសួរ​ពី​សំណាក់​ចៅក្រម ម៉េង តូ​នី ចប់​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែ​មីនា​ ឆ្នាំ ​២០១៦ ជនសង្ស័យ​ឈ្មោះ ស្មាន អូ​ឡូ​វី ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​សិន។

មន្ត្រី​តុលាការ​បាន​បញ្ជាក់​ថា​ ករណី​ជនសង្ស័យ ឈ្មោះ ស្មាន អូ​ឡូ​វី នឹង​ត្រូវ​បំបែកសំណុំរឿង​ជា​ពីរ គឺ​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ពាក់ព័ន្ធ​នឹង​អំពើ​ឆក់។ ចំណែក​មួយ​រឿង​ទៀត​គឺ​ករណី​លួច​រត់​ចេញពី​​​តុលាការ។

សូម​រំលឹក​ថា មានការ​ភ្ញាក់​ផ្អើលឆោឡោ​មួយ​នៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង​១០​ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦​កន្លង​មក​នេះ បន្ទាប់ពី​ជនសង្ស័យ​ម្នាក់ បាន​រត់គេច​ចេញពី​តុលាការ​ទាំង​ដៃ​ជាប់​ខ្នោះ ខណៈ​សមត្ថកិច្ច​បញ្ជូន​ឲ្យ​ចៅក្រម​តុលាការ​សាកសួរ។

ជនសង្ស័យ​ឈ្មោះ ស្មាន អូ​ឡូ​វី (​ជាប់ចោទ​ពីបទ លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូប​)។ មុនពេល​កើតហេតុ ជនសង្ស័យ​ត្រូវបាន​នគរបាល​ខណ្ឌ​ច្បារអំពៅ បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ តែ​ចៅក្រម​កំពុង​ជាប់​សួរ​ជនសង្ស័យ​ម្នាក់ទៀត។ លុះ​ឃើញ​ឱកាស​ល្អ ជនសង្ស័យ​រូប​នេះ ក៏​រត់​ចេញពី​បន្ទប់​ទាំង​ដៃ​ជាប់​ខ្នោះ​គេច​ខ្លួន​បាត់​តែ​ម្ដង​ ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល។ ពេល​ដែល​តុលាការ​សួររក​ជនជាប់ចោទ​ស្រាប់តែ​បាត់ រក​មិន​ឃើញ ធ្វើ​ឲ្យ​ក្រុម​ប៉ូលិស​ដែល​បញ្ជូន​ជនសង្ស័យ​មក​តុលាការ ភ្នែក​ត្រី​ស្ងោរ​គ្រប់គ្នា​តែម្ដង រួច​ធ្វើ​របាយការណ៍​ញ័រ​ដៃ​ទទ្រើក៕ មករា​