ឃាត់ខ្លួន​អ្នកបើកបរ​ស្ថិតនៅ​ក្នុង​ភាព​ស្រវឹង​និង​ប្រមាថ​ថ្នាក់ដឹកនាំ​បញ្ជូន​ទៅ​តុលាការ

ឃាត់ខ្លួន​អ្នកបើកបរ​ស្ថិតនៅ​ក្នុង​ភាព​ស្រវឹង​និង​ប្រមាថ​ថ្នាក់ដឹកនាំ​បញ្ជូន​ទៅ​តុលាការ



ភ្នំពេញ ៖ ​នា​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦ នៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​បង្ហាញមុខ​បុរស​ម្នាក់ ជា​សា​ធារ​ណៈ ពាក់ព័ន្ធ​ករណី​បើកបរ​យានយន្ត​នៅពេលដែល​ខ្លួន ស្ថិត​នៅ​ក្នុង​ភាព​ស្រវឹង ព្រមទាំង​បាន​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូលៗ បញ្ជូន​ទៅ​តុលាការ​ចាត់ការ តាមច្បាប់។

ជនសង្ស័យ​ឈ្មោះ សាន ប៊ុនធឿន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​អ្នក​សារ​ព័ត៌មាន  មាន​ទីលំនៅ ផ្ទះជួល​មុខ​ផ្សារ​ទំនើប អ៊ី​អន ផ្លូវ​សុធារស សង្កាត់​ទ​ន្លេ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

លោក​វរសេ​នី​យ៍​ឯក ចេ​វ ហាក់ នាយការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នង ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង ២២ និង​៤៣​នាទី នៅ​ត្រង់​ចំណុច​គោលដៅ​កំបូល តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គណៈកម្មការ​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង បាន​ឃាត់​ម៉ូតូ ចំនួន ១​គ្រឿង ម៉ាក HONDA PCX ពណ៌ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សាន ប៊ុនធឿន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​អ្នក​សារ​ព័​ត៌​មាន  មាន​ទីលំនៅ ផ្ទះ​ជួល​មុខ​ផ្សារ​ទំនើប អ៊ី​អន ផ្លូវ​សុធារស សង្កាត់​ទ​ន្លេ​បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ  (  មិនបាន​បង្ហាញ ប័ណ្ណ​សម្គាល់​យាន ) ។ នៅពេល ដែល​កម្លាំង​បាន​ឃាត់ ដើម្បី​ត្រួតពិនិត្យ ឈ្មោះ សាន ប៊ុនធឿន បាន​បង្ក​ភាព​បាត់បង់  សណ្តាប់ធ្នាប់ នៅ​គោលដៅ ដោយ​ស្រែក​ឡូឡា ប្រមាថ​ថ្នាក់ដឹកនាំ​កំពូលៗ ពោល គឺ ប្រើ​ចរិត​ច្រងេងច្រងាង អ​សីលធម៌ ដោយមាន​ច​រិ​ត​បែបនេះ ទើប​កម្លាំង ជំនាញ​បាន​បញ្ជូន ឈ្មោះ សាន ប៊ុនធឿន និង​ម៉ូតូ មក​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី។

លោក​វរ​សេនី​យ៍​ឯក ចេ​វ ហាក់ ប្រាប់​បន្ត​ថា ផ្អែក​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការ​ធ្វើ​តេស្ត​ជាតិ អាល់កុល ឃើញថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ សាន ប៊ុនធឿន និង​អ្នក​រួម​ដំណើរ ជាមួយ មិន​ពាក់មួក​សុវត្ថិភាព ចំណែក​ម៉ូតូ គ្មាន​ស្លាក​លេខ ( គ្មាន​លិខិតស្នាម ) និង​អ្នកបើកបរ ស្ថិត​នៅ​ក្នុង​ភាព​ស្រវឹង ដោយមាន អត្រា​ជាតិ អាល់កុល 0,64 Mg/L ល្មើស និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក    ( ជំពូក​ទី​១០ ទោស​បញ្ញត្តិ មាត្រា ៧៧ ) ៕

ឃាត់ខ្លួន​អ្នកបើកបរ​ស្ថិតនៅ​ក្នុង​ភាព​ស្រវឹង​និង​ប្រមាថ​ថ្នាក់ដឹកនាំ​បញ្ជូន​ទៅ​តុលាការ