សម្ព័ន្ធ​សហជីព​CNC​ប្រកាស​គាំទ្រ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចំពោះ​កិច្ច

សម្ព័ន្ធ​សហជីព​CNC​ប្រកាស​គាំទ្រ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចំពោះ​កិច្ច



ភ្នំពេញ ៖ សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា​(CNC)​នា​រសៀល​ថ្ងៃទី​១០ ខែមីនា ឆ្នាំ២០១៦ បាន​ប្រកាស​គាំទ្រ​ស្វាគមន៍​ចំពោះ​ដំណើរការ​នៃ​ការបង្កើត​ច្បាប់​ស្តី​ពី​សហជីព​នៅ​កម្ពុជា ដែល​បាន​ពិភាក្សា​ក្នុង​យន្តការ​ត្រីភាគី​ចាប់តាំងពី​ឆ្នាំ​២០០៨​រហូត​មក​អស់​ច្រើនលើកច្រើនសា​រួច​មក​ហើយ នា​ដំណាក់កាល​ចុង​ក្រោយនេះ​គណៈកម្មការ​ចំពោះ​កិច្ច​បានសម្រេច​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​កិច្ចប្រជុំ​របស់ខ្លួន។

លោក​យឹ​ង ឈុន ប្រធាន​CNC​បាន​ថ្លែង​នា​រសៀល​ថ្ងៃទី​៩​មីនា​នេះ​ថា សម្ព័ន្ធ​សហព័ន្ធ​សហជីព​ការងារ​ជាតិ​កម្ពុជា​និង​សមាជិក សមាជិកា​ទាំងអស់​សូម​សម្តែង​ការ​គាំទ្រ​និង​ស្វាគមន៍​ចំពោះ​ដំណើរការ​នៃ​ការបង្កើត​ច្បាប់​ស្តី​ពី​សហជីព​នៅ​កម្ពុជា ដែល​បាន​ដំណើរការ​ពិភាក្សា​ក្នុង​យន្តការ​ត្រីភាគី​ចាប់តាំងពី​ឆ្នាំ​២០០៨ ​រហូត​មក​អស់​ច្រើនលើកច្រើនសា​រួច​មក​ហើយ។ ខ្លឹមសារ​នៃ​សេចក្តី​ព្រាងច្បាប់​នេះ មាន​ទម្រង់​ស្រប​ទៅ​នឹង​ច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់​ស្តី​ពី​ការងារ និង អនុសញ្ញា​អន្តរជាតិ​លេខ​៨៧​និង​លេខ​៩៨​ជាពិសេស​ស្របតាម​ការ​រីកចម្រើន​នៃ​សេដ្ឋ​ជាតិ​និង​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា។

លោក​យឹ​ង ឈុន ក្នុងនាម​សមាជិក សមាជិកា​ទាំង​ជាង​១០​ម៉ឺន​នាក់ ​បាន​ប្រកាស​ជំហរ​៤​ចំណុច​ដូច​ខាង​ក្រោម ១-​គាំទ្រ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចំពោះ​កិច្ច​ដែល​បាន​ទទួលយក​សំណើ​របស់​ក្រុម​សហជីព​និង​និយោជក​ទៅ​ប្រជុំ​ពិនិត្យ​ពិភាក្សា​រួមគ្នា​លើ​សេចក្តី​ព្រាងច្បាប់​នេះ ព្រមទាំង​បាន​កែសម្រួល​លើ​មាត្រា​មួយ​ចំនួន​តាម​សំណូមពរ​របស់​ភាគី​ពាក់ព័ន្ធ ២-​ក្រុម​សហជីព​យើងខ្ញុំ​អាច​ទទួល​យក​បាន​នូវ​សេចក្តី​ព្រាងច្បាប់​នេះ​ និង ​សូម​ឲ្យ​រដ្ឋសភា​ពិនិត្យ​និង​អនុម័ត ៣-​សហជីព​យើងខ្ញុំ​គាំទ្រ​ចំពោះ​ការបង្កើត​ច្បាប់​សហជីព​ និង ​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ធានាបាន​នូវ​សិទ្ធិ​សេរីភាព ព្រមទាំង​គាំទ្រ​ចំពោះ​ការ​ចាត់វិធានការ​ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​រើសអើង​ចំពោះ​សហជីព ​ឬ ​យក​សហជីព​ធ្វើជា​មធ្យោបាយ​សម្រាប់​បម្រើ​ឲ្យ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​ក្រុម​របស់​ខ្លួន​មិន​បម្រើ​ផលប្រយោជន៍​របស់​កម្ម​ករ​និយោជិត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​វិនិយោគ​និង​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​និង​៤-​សូម​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​អង្គការ​ជាតិ  អន្តរជាតិ​ជួយ​ពង្រឹងសមត្ថភាព​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​អនុវត្ត​ច្បាប់​។

លោក​យឹ​ង ឈុន បន្តទៀត​ថា ​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្តី​ព្រាងច្បាប់​សហជីព​នៅ​កម្ពុជា​មន្ត្រី​CNC​ក៏បាន​សម្រេច​ធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ប្រកាស​ជា​សាធារណៈ​អំពី​ជំហរ​គាំទ្រ​ទាំងស្រុង​ចំពោះ​ពង្រាង​ច្បាប់​សហជីព​នៅ​កម្ពុជា​ចុងក្រោយ​នេះ​។ កិច្ចប្រជុំ​នេះ​បាន​ចប់សព្វ​គ្រប់​នៅ​ម៉ោង​៥​កន្លះ​ល្ងាច​ក្រោម​ស្នូរ​ទះដៃ​អបអរសាទរ​ចំពោះ​ការ​ខិតខំ​តាក់តែង​ច្បាប់​សហជីព​នៅ​កម្ពុជា​របស់​រាជរដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​នានា។

សូម​បញ្ជាក់​ថា ពង្រាង​ច្បាប់​សហជីព​នៅ​កម្ពុជា​ចុងក្រោយ​នេះ​មាន​១០០​មាត្រា និង​១៧​ជំពូក​ដែល​បាន​ឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នា​ថ្ងៃទី​១៣​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លងមក​នេះ៕

សម្ព័ន្ធ​សហជីព​CNC​ប្រកាស​គាំទ្រ​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចំពោះ​កិច្ច