លោក​ជា​ពីសី​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក

លោក​ជា​ពីសី​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក



ភ្នំពេញ ៖ គម្រោង​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ជា​អាទិភាព​លើ​បញ្ហា​ប្រព័ន្ធ​លូ​ប្រឡាយ​ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​ និង ​ទឹក​ស្អុយ​ដែល​កន្លងមក​ជំនន់​ទឹកភ្លៀង​បាន​គំរាមកំហែង​ទីក្រុង​ភ្នំពេញ​យ៉ាង​ខ្លាំង ទើប​នៅ​គ្រប់​ទីកន្លែង​គេ​សង្កេតឃើញ​មានការ​ស្តារ​ប្រឡាយ​និង​ដាក់​លូ​ធំៗ ជា​ប្រយោជន៍​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​របស់​យើង។

នៅក្នុង​នោះ​ប្រឡាយ​បាក់​ទូក​ក៏​ជា​ប្រឡាយ​សម្រាប់​រំដោះ​ទឹក​មួយ​យ៉ាង​សំខាន់​ផង​ដែរ នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ដែល​បច្ចុប្បន្ន​អាជ្ញាធរ​រាជធានី​និង​អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បាន​ធ្វើ​ការស្តារ​ប្រឡាយ​នេះ​បាន​ប្រហែល​ជាង​៥០​ភាគរយ​ហើយ និង​ធ្វើ​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ​ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរ ដែល​បច្ចុប្បន្ន​កំពុង​តែ​មមាញឹក​ខ្លាំង​នៅ​តំបន់​នោះ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ជា​ពីសី​អភិបាលខណ្ឌ​ឫស្សីកែវ​ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មីៗ ក៏បាន​ប្តេជ្ញា​ចិត្ត​ថា​នឹង​បន្ត​ខិត​ចំ​ប្រឹងប្រែង​យកចិត្តទុកដាក់​លើ​ការ​ស្តារ​ប្រឡាយ​បាក់​ទូក​នេះ​ឲ្យ​ទទួល​បាន​ជោគ ជ័យ​នៅ​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ។

ជាក់ស្តែង នៅ​រសៀល​ថ្ងៃទី​៩​ ខែមីនា​ ឆ្នាំ​២០១៦ លោក​អភិបាល​ថ្មី​ក៏បាន​ដឹកនាំ​មន្ត្រី​ពាក់​ព័ន្ធ​មួយចំនួន​ចុះ​ពិនិត្យ​ដើម្បី​មើល​ការ​ស្តារ​ប្រឡាយ​នេះ​និង​ផ្តល់​អនុសាសន៍​ខ្លះៗ​ជា​ប្រយោជន៍​ដើម្បី​ពន្លឿ​ន​ការស្តារ​ប្រឡាយ​នេះ​ឲ្យ​រួចរាល់​មុន​រដូវវស្សា​ដែល​នឹង​មកដល់​ឆាប់ៗ​ខាងមុខនេះ។

លោក​អភិបាលខណ្ឌ​ឫស្សីកែវ បាន​មានប្រសាសន៍ថា បន្ទាប់ពី​ស្ថានីយ​ទំនប់​ទួលគោក​កសាង​រួច ប្រឡាយ​បាក់​ទូក​ដែល​យើង​កំពុង​សម្រុក​ស្តារ​នេះ​នឹង​អាចមាន​វិសាលភាព​ធំ​ទូលាយ​ហើយ​ច្បាស់​ជា​រំដោះ​ទឹកបាន​ជាច្រើន​លាន​ម៉ែត្រ​គីប​មិន​ខាន។ លោក​បន្ត​ថា ទៅ​អនាគត​ប្រឡាយ​នេះ​នឹង​មាន​ផ្លូវ​សងខាង​ងាយស្រួល​ធ្វើដំណើរ​ដូច​ប្រឡាយ​បឹងត្របែក​ដែរ។ ដូច្នេះ​លោក​ក៏បាន​សំណូមពរ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ប្រឡាយ​នោះ​មានការ​យោគយល់​អធ្យាស្រ័យ​ដល់​អាជ្ញាធរ​ដែល​ចុះ​ស្តារ​ប្រឡាយ​នេះ​ដោយ​អនុគ្រោះ​ផង​ព្រោះនេះ​ជា​ប្រយោជន៍​រួម​សម្រាប់​យើង​ទាំងអស់គ្នា៕