លោក​ចៅសង្កាត់​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​រង​របួស​ធ្ងន់​ ត្រូវសមត្ថកិច្ច​ស្ទាក់ចាប់​បាន

លោក​ចៅសង្កាត់​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​រង​របួស​ធ្ងន់​ ត្រូវសមត្ថកិច្ច​ស្ទាក់ចាប់​បាន



ស្វាយរៀង ៖ លោក​ចៅសង្កាត់​ព្រៃ​អ​ង្គុ​ញ​ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​ ខ​ណៈ​ដែល​ត្រូវ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​កាល​វេលា​ម៉ោង ៧និង៣០ ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៦​ស្ថិតនៅ​សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត។

សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន ឈ្មោះ​ជេ​ត កូវ​លី  អាយុ​២៦​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ ចំបក់ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ។​

រីឯ​ជនរងគ្រោះ​មានឈ្មោះ​ខាំ រឿន   អាយុ ៧៦ ឆ្នាំ មុខរបរ​ជា​ចៅសង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត​ដោយ​រងរបួស​ត្រូវ​ចំ​ស្មា​ខាងក្រោយ ខ​ណៈ​រូបលោក​កំពុង​នៅ​បន្ទប់ធ្វើការ​របស់​គាត់​នៅ​សាលាសង្កាត់​ត្រូវ​ជនសង្ស័យ​ចូល​ទៅ​វាយ​និង​បំពង់​ទីប។

ប្រភព​បន្ត​ថា​ ក្រោយពី​ធ្វើ​សកម្មភាព ជនសង្ស័យ​ក៏​យក​ម៉ូតូ​បាន​ឡើង​ជិះ​ចេញ​មក​ទិស​ខាងលិច​ភ្លាមៗ។ ប៉ុន្តែ​បន្ទាប់ពី​ទទួល​បាន​ការ​រាយការណ៍​ពី​សមត្ថកិច្ច​នគរបាល​ព្រមទាំង​កម្លាំង​អាវុធហត្ថ​ខេត្ត​ចេញ​កម្លាំង​ពួនស្ទាក់​រហូតដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ​ទើប​ឃាត់ខ្លួន​បាន។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ខណៈ​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម៕