ដាច់​ជណ្ដើរ​យន្ត​កែច្នៃ ​កៀប​ដៃ​កម្មករ​ម្នាក់​បែក​ខ្ទេច

ដាច់​ជណ្ដើរ​យន្ត​កែច្នៃ ​កៀប​ដៃ​កម្មករ​ម្នាក់​បែក​ខ្ទេច



ភ្នំពេញ ​៖​ ​កម្មករ​សំណង់​ម្នាក់​ បាន​រង​របួស​ធ្ងន់​ ហើយ​ត្រូវ​បាន​មេការ​សំណង់​ដឹក​​បញ្ជូន​ចេញពី​ការដ្ឋាន​ដោយ​ស្ងាត់​ៗ​ មិន​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដឹង​នោះ​ទេ ខណៈ​​​កម្មករ​រូប​នោះ​កំពុងតែ​ជញ្ជូន​ឥដ្ឋ​ឡើង​ទៅ​លើ ស្រាប់តែ​​​មិន​ដឹង​ជា​យ៉ាងម៉េច​ក៏បាន​ដាច់​ខ្សែ​ជណ្ដើរ​​រថយន្ត​កែច្នៃ​បណ្ដាល​ឲ្យ​កៀប​ដៃ​ខាងឆ្វេង​បែក​ខ្ទេច​រង​របួស​ធ្ងន់​តែ​ម្ដង។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ ​នៅ​ចំណុច​អាគារ​សាងសង់​ថ្មី ​កម្ពស់​ជិត​១០​ជាន់ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៥ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។ ជនរងគ្រោះ​មិន​ត្រូវ​បាន​ស្គាល់​ឈ្មោះ​នោះ​ទេ ខណៈ​ម្ចាស់​ទីតាំង​ព្យាយាម​លាក់បាំង​ព័ត៌មាន។

តាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជញ្ជូន​ឥដ្ឋ​​ដូច​រាល់ដង​ ក៏​ស្រាប់តែ​ឮសូរ​ធ្លាក់​ជណ្ដើរយោង​​​ដូច​រន្ទះ។ ភ្លាមៗ​នោះ​ពួកគាត់​ក៏​នាំ​គ្នា​រត់​ទៅ​មើល​ឃើញ​ ជនរងគ្រោះ​កៀប​ដៃ​ខាង​ឆ្វេង​បែក​ខ្ទេច​ ហើយ​​មេការ​ក៏​បាន​ដឹក​ជនរងគ្រោះ​ចេញពី​កន្លែង​កើតហេតុ ​ដោយ​មិន​រាយការណ៍​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ ​ពីព្រោះ​មិន​ចង់​ឲ្យ​លេច​ឮ​ព័ត៌មាន​អាក្រក់​ពី​កន្លែង​អាគារ​កំពុង​សាងសង់​របស់​ខ្លួន។

ដោយឡែក​លោក​កាន់ វណ្ណា នាយ​ប៉ុស្តិ៍​នគរបាល​​ស្រះចក​​បាន​ឲ្យ​ដឹង​ថា ​លោក​មិន​បាន​ទទួល​ព័ត៌មាន​ថា​ មាន​កម្មករ​ធ្លាក់​ពីលើ​អាគារ​នោះ​ទេ​ ដោយ​ម្ចាស់​ទីតាំង​ព្យាយាម​លាក់បាំង​ព័ត៌មាន​ផងដែរ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា​ សង្ស័យ​អាគារ​សំណង់​កម្ពស់​ជិត​១០​ជាន់​ខាង​លើ​នេះ​ មិន​មាន​ច្បាប់​សាងសង់ ឬ​គ្មាន​បច្ចេកទេស​គ្រប់គ្រាន់​ទើប​ខាង​ម្ចាស់​សំណង់​ព្យាយាម​លាក់បាំង​ព័ត៌មាន​បែបនេះ។ ដូច្នេះ​ហើយ​ពួកគាត់​សូមពរ​ឲ្យ​អាជ្ញាធរ​​​ពាក់ព័ន្ធ​គួរតែ​ចុះ​ទៅ​ត្រួតពិនិត្យ​ថា​តើ​សំណង់​ខាង​លើ​នេះ​មាន​ច្បាប់ ឬ​ក៏​គ្មាន​ច្បាប់៕
ដាច់​ជណ្ដើរ​យន្ត​កែច្នៃ ​កៀប​ដៃ​កម្មករ​ម្នាក់​បែក​ខ្ទេច