ស្រីមុំ​ចេញមុខ​បកស្រាយ​ថា ធ្លាប់​ទាក់ទង​ទូរស័ព្ទ​ជាមួយ​លោក​កឹម សុខា ពេល​ទៅ​កាត់សក់ ប៉ុន្តែ​មិនដែល​ទៅ​សណ្ឋាគារ​ចឹ​ង​ហ្មង

ស្រីមុំ​ចេញមុខ​បកស្រាយ​ថា ធ្លាប់​ទាក់ទង​ទូរស័ព្ទ​ជាមួយ​លោក​កឹម សុខា ពេល​ទៅ​កាត់សក់ ប៉ុន្តែ​មិនដែល​ទៅ​សណ្ឋាគារ​ចឹ​ង​ហ្មង



ភ្នំពេញ ​៖ ​កញ្ញា ឃុំ ច័ន្ទ​តារា​ទី ហៅ “​ស្រីមុំ​” ដែល​មាន​អាយុ​២៥ ឆ្នាំ ហើយ​ដែល​គេ​អះអាង​ថា មាន​ទំនាក់ទំនង​រឿងអាស្រូវ​ស្នេហា​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ បាន​ចេញមុខ​មក​ហើយ តាម​សមាគម​អាដហុក ហើយ​បានផ្តល់​បទសម្ភាសន៍​ជាមួយ​ប្រព័ន្ធ​ព័ត៌មាន​ចំនួន​២ កាលពី​យប់​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៦​។

តាមរយៈ​បទសម្ភាសន៍ កញ្ញា ឃុំ ច័ន្ទ​តារា​ទី ហៅ “​ស្រីមុំ​” បាន​អះអាងថា ខ្លួន​ពិតជា​បាន​ស្គាល់ និង​ធ្លាប់​និយាយ​ទូរស័ព្ទ​ជាមួយ លោក កឹម សុខា និង​ជួប​ស្គាល់​លោក កឹម សុខា នៅពេល​ទៅ​ទទួល​សេវា​កាត់សក់​នៅ​ហាង​ខ្មែរ​អង្គរ នៅ​ម្តុំ​ក្បែរ​វិមានឯករាជ្យ ដែលជា​កន្លែង​នាង​បម្រើការ ប៉ុន្តែ​ថា​នាង​គ្មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ លោក កឹម សុខា នោះទេ ព្រមទាំង​បដិសេធ​សំឡេង​សាសង​និយាយ​ជាមួយ​លោក កឹម សុខា ដែល​គេ​បង្ហោះ​នៅលើ Facebook និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផងដែរ។

កញ្ញា ឃុំ ច័ន្ទ​តារា​ទី ហៅ “​ស្រីមុំ​” បាន​និយាយ​យ៉ាងនេះ​ថា “​សំឡេង​ហ្នឹង​មិនមែនជា​សំឡេង​​​របស់ខ្ញុំ​ទេ​។ ខ្ញុំ​បាន​ស្តាប់​ខ្ញុំ​គ្មាន​អ្វីដែល​ត្រូវ​សាសង​ស្នេហា​ទេ​។ ខ្ញុំ​មានអី​ត្រូវ​និយាយថា សំឡេង​ហ្នឹង​ជា​សំឡេង​ខ្ញុំ​។ ខ្ញុំ​ស្គាល់​លោក កឹម សុខា ក្នុង​លក្ខណៈ​ជា​ភ្ញៀវ​កាត់សក់​នៅក្នុង​ហាង (​ខ្មែរ​អង្គរ​) មុន​គាត់​ទៅ​កាត់សក់ គាត់​បាន​តេ​ទៅ​ថា ជាង​ទំនេរ​អត់ ? ពីព្រោះ​គាត់​ទៅ​កាត់សក់​នៅ​ហ្នឹង​ជាង​១០ ឆ្នាំ​ហើយ តែ​ខ្ញុំ​ធ្វើការ​ទើប​ជាង​១ ឆ្នាំ​ទេ​។ … ខ្ញុំ​មិនមែន​ជាងកាត់សក់​ទេ មាន​ជាង​ប្រុសៗ ហើយ​ខ្ញុំ​គ្រាន់តែ​ជាជាង​កាត់​ក្រចក លាប​សក់ កក់​សក់​អីចឹង ខ្ញុំ​អត់​ដែល​ទៅ​លាប​សក់ លាប​អី​នៅ​សណ្ឋាគារ នៅផ្ទះ​អី គឺ​អត់​ចឹ​ង​ហ្មង ខ្ញុំ​អត់​ដែល​ទៅ​ទេ​”​។​

នៅពេល​មាន​សំណួរ​ថា តើ​ធ្លាប់​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោក កឹម សុខា ណាត់​ទៅធ្វើ​សក់ ទៅធ្វើ​អី​មាន​ទេ ? កញ្ញា ឃុំ ច័ន្ទ​តារា​ទី ហៅ “​ស្រីមុំ​” បាន​និយាយថា “​ចាស ! ប៉ុន្តែ​នៅ​ពេល​គាត់​ណាត់​ទៅ​កាត់សក់​ហ្នឹង គាត់​អត់​កំណត់​ថា មួយខែ ឬមួយ​ឆ្នាំ​ហ្នឹង​ទៅ​ម្តង​ទេ ពេលខ្លះ​មាន​មួយខែ ពេលខ្លះ​មាន​ពីរ​ខែ ពេលខ្លះ​មាន​២០ ថ្ងៃ និយាយ​រួម​អត់​ទៀង​សម្រាប់​គាត់​។ មុន​គាត់​ទៅ​គាត់​អាច​តេ​សួរថា ជាង​ទំនេរ​អត់ បាន​គាត់​ទៅ​ម៉ា​ភ្លែត ពេលខ្លះ​គាត់​កាត់​តែ​អត់​លាប​សក់​ទេ ពេលខ្លះ​លាប ពេលខ្លះ​អត់។ ខ្ញុំ​និយាយ​ឲ្យ​អស់​ទៅ ពេល​ខ្ញុំ​លាប​សក់​ឲ្យ​គាត់​ហ្នឹង ខ្ញុំ​អត់​ដឹង​ថា គាត់​មាន​ចរិត​យ៉ាងណាទេ … ខ្ញុំ​អត់​អាច​វាយ​តម្លៃ​ថា គាត់​ជា​ភ្ញៀវ​បែបណា​ចឹ​ង​ហ្មង​”​។​
ដោយឡែក​ទាក់ទង​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Mon Srey” កញ្ញា ឃុំ ច័ន្ទ​តារា​ទី ហៅ “​ស្រីមុំ​” អះអាងថា ពិតជា​របស់​នាង​ពិតប្រាកដ​មែន ហើយ​រូប​នៅក្នុង​ប្រូ​ហ្វា​ល់ ក៏​ជា​រូប​របស់​កញ្ញា​ដែរ តែ​ការ​សរសេរ​ខ្លឹមសា ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា នោះ កញ្ញា​អត់​ដឹង​ទេ​។ កញ្ញា​អត់​មានលទ្ធភាព​សរសេរ​ខ្លឹមសារ​បែប​ហ្នឹង​បានទេ ពីព្រោះ​កញ្ញា​រៀន​មិន​ជាប់​ថ្នាក់​ទី​៤​ផង មាន​គេ​លេង និង​ដូរ​លេខ​សម្ងាត់​របស់​កញ្ញា​។ តាម​កញ្ញា ឃុំ ច័ន្ទ​តារា​ទី ហៅ “​ស្រីមុំ​” បាន​បញ្ជាក់ថា នៅ​ថ្ងៃ​សុក្រ​ទី​១១ ខែមីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ ព្រឹក ក្រសួងមហាផ្ទៃ នឹង​កោះហៅ​ឲ្យ​កញ្ញា​ចូលទៅ​បំភ្លឺ ហើយ​កញ្ញា នឹង​ចូល​តាម​ការកោះហៅ​នោះ។ កញ្ញា ឃុំ ច័ន្ទ​តារា​ទី ហៅ “​ស្រីមុំ​” បាន​បញ្ជាក់ថា ខ្ញុំ​មិនដឹងថា ច្បាប់​ត្រូវ​ចាត់ការ​អ្នក​ផ្សព្វផ្សាយ​សំឡេង​យ៉ាងណាទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ត្រូវការ​ភាពយុត្តិធម៌ និង​ភាព​ស្អាតស្អំ​មកវិញ​”​។ ប៉ុន្តែ​ទាក់ទង​បញ្ហា​នេះ ម្ចាស់​ផេ​ក “​រឿង​ពិត CNRP” មានការ​សោកស្តាយ និង​ហួសចិត្ត​ចំពោះ​បញ្ហា​នេះ​។​

ម្ចាស់​ផេ​ក​ឈ្មោះ រឿង​ពិត CNRP បាន​សរសេរ​កាល​ពីយ​ប់​ថ្ងៃទី​១០ ខែមីនា ថា មានការ​សោកស្តាយ និង​ហួសចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បានឮ​សំឡេង​ស្រីមុំ ដែល​រងគ្រោះ​ដោយ​អំពើ​បោកប្រាស់​របស់លោក កឹម សុខា ហើយ​នៅ​បន្ត​បោកប្រាស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង និង​ក្រៅប្រទេស​ទៀត ថា​មិន​ធ្លាប់មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក កឹម សុខា​។ ម្ចាស់​ផេ​ក​ដដែល​បាន​បញ្ជាក់ថា “​ពូ​បាន​ស្តាប់ឮ​ការសាកសួរ​របស់លោក ជុន ចាន់​បុត្រ អ្នកឆ្លើយឆ្លង​វិទ្យុ​អាស៊ីសេរី​ជាមួយ​ក្មួយ​ស្រី នា​យប់​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​ចង់​បញ្ជាក់ថា តើ​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​គ្នា​នោះ ជា​សំឡេង​ក្មួយ​ស្រី និយាយ​ជាមួយ​លោក កឹម សុខា ពិតប្រាកដ​មែនដែរ​ឬទេ​។ ប៉ុន្តែ​ក្មួយ​ស្រី​មិនមាន​ភាពក្លាហាន​និយាយ​ការពិត​បន្តិច​សោះឡើយ ផ្ទុយទៅវិញ​ក្មួយ​ស្រី​បានប្រកែក​ម្តង​ហើយ​ម្តងទៀត បើទោះជា​លោក ជុន ចាន់​បុត្រ ក៏បាន​ទទួលស្គាល់ថា ខ្សែអាត់​សំឡេង​នោះ​មាន​សំឡេង​ស្រដៀង​ទៅនឹង​សំឡេង​របស់​ក្មួយ​ស្រី​ក៏ដោយ​”​។​

ម្យ៉ាងវិញទៀត ម្ចាស់​ផេ​ក “​រឿង​ពិត CNRP” បញ្ជាក់ទៀតថា ក្រោយ​ពេលដែល​រឿងនេះ​បាន​បែកធ្លាយ គឺ​ស្រីមុំ​អះអាងថា មិនដែល​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ជាមួយ​លោក កឹម សុខា​ម្តងណា​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ នៅ​យប់​ថ្ងៃទី​២៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រោយ​ពេលដែល​រឿងអាស្រូវ​រវាង​ក្មួយ​ស្រី​និង​លោក កឹម សុខា ត្រូវបាន​បង្ហោះ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​រួចមក ស្រីមុំ​ក៏បាន​និយាយ​ឆ្លើយឆ្លង​យ៉ាង​វែង​អន្លាយ​ជាមួយ​លោក កឹម សុខា ផងដែរ ដែល​នៅ​ក្នុងការ​ឆ្លើយឆ្លង​គ្នា​នោះ លោក កឹម សុខា ក៏បាន​និយាយប្រាប់​ក្មួយ​ថា “​បើ​អា​មុំ​ឯង​មិន​ប្រាប់​គេ ធ្វើ​ម៉េច​គេ​ដឹង​រឿង​ពិត​របស់​យើង សូម្បីតែ​រឿង​ពិត​ដែល​យើង​និយាយ​គ្នា​តែ​ពីរ​នាក់​សោះ ក៏​គេ​ដឹង​ដែរ ហើយ​ថែមទាំង​យក​សំឡេង​ខ្ញុំ ( កឹម សុខា​) ទៅ​បង្ហោះ​ផ្សព្វផ្សាយ​ថែមទៀត​”៕