សម្តេច​តេ​ជោ ប្រកាស​ឲ្យ​បញ្ចូល​ក្របខណ្ឌ​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ទៅក្នុង​ក្របខណ្ឌ​រដ្ឋ​ជា​ស្វ័យប្រវត្តិ

សម្តេច​តេ​ជោ ប្រកាស​ឲ្យ​បញ្ចូល​ក្របខណ្ឌ​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ទៅក្នុង​ក្របខណ្ឌ​រដ្ឋ​ជា​ស្វ័យប្រវត្តិ



ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បញ្ចូល​ក្រុម​គ្រូពេទ្យ​ឯកទេស​ទាំងអស់ ទៅ​ក្នុង​ក្របខណ្ឌ​រដ្ឋ​ដោយ​ស្វ័យប្រវត្តិ​ខណៈ​ពេលដែល​នៅ​តាម​មន្ទីរពេទ្យ​មួយចំនួន​របស់​រដ្ឋ​ខ្វះ​ក្រុម​គ្រូពេទ្យ​ឯកទេស ។ ការ​ខ្វះ​គ្រូពេទ្យ​ឯកទេស​នេះ​ត្រូវ​បាន​សម្តេច​លើកឡើងថា ដោយសារតែ​លក្ខខណ្ឌ​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ​របស់​ក្រសួងសុខាភិបាល​វា​“​ងាប់ក្រឡា​”​និង​អាយុ​ចូលនិវត្តន៍​របស់​គ្រូពេទ្យ​ឯកទេស​មិន​ត្រូវ​បាន​ពន្យារ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​នេះ​នៅក្នុង​ពិធី​បិទ​សន្ន​បាត​បូកសរុប​ការងារ​ក្រសួងសុខាភិបាល​ឆ្នាំ ២០១៥ និង ទិសដៅ​ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ ២០១៦។

​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា មុន​នេះ​គ្រូពេទ្យ​ឯកទេស​ដូចជា​“​ស្លាប់ក្រឡា​”​យើង​ប្រើពាក្យ​មួយ​ម៉ាត់​ថា “​ស្លាប់ក្រឡា​” ។ គ្រូពេទ្យ​ឯកទេស​គាត់​រៀន​ច្រើនជាង​គ្រូពេទ្យ​ធម្មតា ដល់ពេល​គាត់​ចេញមក​ហួស​អាយុ​ប្រឡង​ចូល​ក្របខ័ណ្ឌ​រដ្ឋ​បាត់​ទៅ​ហើយ ។ ឥឡូវ​យើង​បាន​ផ្លាស់​ហើយ​បានចេញ​សេចក្តីសម្រេច​ប្តូរ​អាយុ​ប្រឡង​ចូល​ក្របខ័ណ្ឌ​ពី ៣០ ឆ្នាំ ទៅ ៣៥ ឆ្នាំ សម្រាប់​គ្រូពេទ្យ​ឯកទេស ។ សម្តេច​ក៏បាន​ស្នើ​ឲ្យ​មានការ​ពិនិត្យមើល​គ្រូពេទ្យ​ឯកទេស​ដែល​មិនទាន់​បាន​ចូល​ក្របខណ្ឌ​រដ្ឋ​បច្ចុប្បន្ន ដោយ​សម្តេច​បាន​ឲ្យ​ក្រសួង​មុខងារសាធារណៈ និង ក្រសួងសុខាភិបាល​ត្រូវធ្វើ​បញ្ចូល​ទៅ​ក្នុង​ក្របខណ្ឌ​ជាបន្ទាន់​។ សម្តេច​បាន​បន្ត​ថា យើង​ត្រូវការ​ណាស់​គ្រូពេទ្យ​ឯកទេស​ដោយសារតែ​ខ្វះ​គ្រូពេទ្យ​ឯកទេស​នេះ​ហើយ​បានជា​យើង​ចេះតែ​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​នៅ​ខាងក្រៅ​ប្រទេស​។ ប៉ុន្តែ​យើង​មាន​គ្រូពេទ្យ​ឯកទេស​ដែល​រៀន​បាន​ខ្ពស់​បែរជា​ទៅជា​អ្នក​ដែល​មិនអាច​ចូល​ក្របខណ្ឌ​រដ្ឋ​បាន​ទៅវិញ​។ ជា​មួយ​នេះ សម្តេច​តេ​ជោ បាន​ប្រកាស​បញ្ចូល​ជា​ស្វ័យប្រវត្តិ​តែម្តង​នូវ​ក្រុម​គ្រូពេទ្យ​ឯកទេស​ដែរ​មិន ទាន់​បាន​ចូល​ក្របខណ្ឌ​រដ្ឋ។

សម្តេច​បាន​មានប្រសាសន៍ថា យើង​លើកយក​លក្ខខណ្ឌ​ថា​ហួស​អាយុ ងាប់​តែម្តង យើង​ទៅ​បញ្ចូល​គ្រូពេទ្យ​ថ្មីៗ​តែ​គ្រូពេទ្យ​ឯកទេស​ខ្ពស់ មាន​ឯកទេស​បែរជា​មិនអាច​ចូល​ក្របខណ្ឌ​រដ្ឋ​បាន ឥឡូវ​កុំ​ឲ្យ​ពិបាក​មាន​ប៉ុន្មាន​ប្រមូល​ទាំងអស់​តែ​ម្តង​ទៅ​វា​អត់​អស់​ប៉ុន្មាន​ទេ​សំខាន់​ត្រង់​ថា​យើង​បានទទួល​ផលប្រយោជន៍​ពី​ក្រុម​គ្រូពេទ្យ​ឯកទេស​នេះ​តែម្តង ។

​សម្តេច​តេ​ជោ បាន​បន្ត​ទៀត​ថា​«​ក្រៅពី​គ្រូពេទ្យ​ដែល​ខ្ញុំ​ចុះហត្ថលេខា​ហើយ តើ​នៅមាន​ប៉ុន្មាន​ទៀត​ខ្ញុំ ប្រកាស​ដាក់​ចូល​ក្របខណ្ឌ​ដោយ​ស្វ័យប្រវត្តិ​ទាំងអស់​។ ​វា​មិន​អស់​ប៉ុន្មាន​ទេ​សំខាន់​យើង​ទទួល​បាន​ផលប្រយោជន៍​ពី​គ្រូពេទ្យ​អ្នកឯកទេស​នេះ​តែម្ដង​…​។​ហើយ​ឲ្យ​ចាប់​ទទួល​ប្រាក់ខែ​ចាប់ពី​ខែមេសា​នេះ​ទៅ​»​។ ​សម្តេច​តេ​ជោ ក៏បាន​ឲ្យ​មានការ​ពិនិត្យ​ផងដែរ​ថា​គ្រូពេទ្យ​ឯកទេស​របស់​យើង​ដល់​អាយុ ៦០ គឺ​ចូលនិវត្តន៍​ហើយ អញ្ចឹង​កន្លងទៅ​ខ្ញុំ​បាន​ឲ្យ​មានការ​តែងតាំង​ក្នុង​ក្របខណ្ឌ​ឲ្យ​ទៅជា​មុខងារ​នយោបាយ​ឲ្យ​ពួកគាត់​មាន​ឳ​កាស​ធ្វើការ​បន្ត​ទៅ​ទៀត​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ។ គ្រូពេទ្យ​អ្នកឯកទេស​ខិតខំ​បណ្តុះបណ្តាល​មិន​ទាន់​បាន​ប៉ុន្មាន​ចូលនិវត្តន៍​អស់​ប្រឹង​បណ្តុះបណ្តាល​មក​មិនអាច​ចូល​ក្របខណ្ឌ​បាន ដោយ​លើស​អាយុ អាហ្នឹង​យើង​ជា​អ្នក​សរសេរ​តើ​នេះ​បានជា អន្ទង់​វែង ឆ្នាំង​វែង។ សម្តេច​តេ​ជោ បាន​បន្ត​ថា គ្រូពេទ្យ​ឯកទេស​មិនសូវ​ជាមាន​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​យើង​ស្លាប់ក្រឡា។

លោក​វេជ្ជបណ្ឌិត តាន់ សុ​គន់ ប្រធាន​មន្ទីរ​ព្រះ​កុ​សមៈ​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការប្រកាស​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​លោក​បាន​ចាត់ទុកថា​នេះ​គឺជា​ភាព​វ័យ​ឆ្លាត​ប្រកប ដោយ​គតិបណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន។

លោក​បន្ត​ថា ​ជា​ការពិត​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​មួយចំនួន ពិតជា​មានការ​ខ្វះខាត​គ្រូពេទ្យ​ឯកទេស​មែន។ ការសម្រេច​របស់​សម្តេច​នៅ​ពេល​នេះ​ពិតជា​ត្រឹមត្រូវ​ដោយ​សម្តេច​បាន​បង្កើន​អាយុ​សម្រាប់​គ្រូពេទ្យ​ឯកទេស​ប្រឡង​ចូល​ក្របខណ្ឌ​រដ្ឋ និង អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​ឯកទេស​ដែល​ចូលនិវត្តន៍​អាច​បន្តធ្វើ​ការងារ​បន្ត​ទៀត​នៅ​តាម​មន្ទីរពេទ្យ ក្នុង​ឋានៈ​មុខងារ​នយោបាយ ជាទី​ប្រឹក្សា​របស់​មន្ទីរ​ពេទ្យ នេះ​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​គុណភាព​វិស័យ​សុខាភិបាល​នៅ​កម្ពុជា។

​លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា អ្នកឯកទេស​ផ្នែក​ជំងឺមហារីក​ និង​ ជា​ប្រធាន​ក្រុម​គ្រូពេទ្យ​មហារីក​ប្រចាំ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​មួយឆ្នាំ​យើង​បណ្តុះបណ្តាល​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​នេះ​បានតែ​ពីរ​នាក់​ប៉ុណ្ណោះ​ ដោយសារតែ​កន្លែង​បណ្តុះបណ្តាល​យើង​តូច ព្រោះ​ការបណ្តុះបណ្តាល​នេះ​យើង​ជ្រើសរើស​វេជ្ជបណ្ឌិត​ដែល​បាន​បញ្ចប់​ការសិក្សា​មក​រៀន​យក​ឯកទេស​និង​អនុវត្តន៍​ជាក់ស្តែង​លើ​ការ​ព្យាបាល​អ្នក​ជំងឺ ។ ការសិក្សា​នេះ​ត្រូវ​ប្រើ​រយៈពេល​៤​ទៅ​៥​ឆ្នាំ​បន្ថែមទៀត​មិនមែន​យើង​បណ្តុះបណ្តាល​ឲ្យ​តែ​ចប់ៗ នោះទេ​។​ ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ប្រទេស​មួយ​ត្រូវការ​មាន​គ្រូពេទ្យ​ឯកទេស​យ៉ាង​ហោច​ក៏​ម្នាក់​ដែរ​ក្នុងចំណោម​ប្រជាជន ១០ ម៉ឺន​នាក់​។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​ជាង ១៤ លាន​នាក់​នោះ​មាន​គ្រូពេទ្យ​ឯកទេស​ប្រមាណ​ត្រឹមតែ ២ នាក់​ប៉ុណ្ណោះ​ហើយ​មួយចំនួន​បាន​ចូលនិវត្តន៍​ទៀត​៕

សម្តេច​តេ​ជោ ប្រកាស​ឲ្យ​បញ្ចូល​ក្របខណ្ឌ​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ទៅក្នុង​ក្របខណ្ឌ​រដ្ឋ​ជា​ស្វ័យប្រវត្តិ សម្តេច​តេ​ជោ ប្រកាស​ឲ្យ​បញ្ចូល​ក្របខណ្ឌ​គ្រូពេទ្យ​ឯកទេស​ទាំងអស់​ទៅក្នុង​ក្របខណ្ឌ​រដ្ឋ​ជា​ស្វ័យប្រវត្តិ