គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ

គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ



ភ្នំពេញ ​៖ ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អចិន្ត្រៃយ៍​កណ្ដាល​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ថា គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ បាន​ដាក់​លិខិត​ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​ប្រកាស​ទ្រព្យសម្បត្តិ លើ​សមាសភាព​ថ្នាក់ដឹកនាំ​គណបក្ស​រួចហើយ​ កាលពី​នៅ​ថ្ងៃ​ពុធ ទី​៩ ខែមីនា ឆ្នាំ​២០១៦​។​

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គលេខាធិការដ្ឋាន​អចិន្ត្រៃយ៍​កណ្តាល​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ចុះ​ទី​៩ ខែមីនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ចាប់តាំង​ពី​ការចាប់ផ្តើម រហូតដល់​ពេល​បច្ចុប្បន្ន គណបក្ស​បាន​ខិតខំ​ប្រតិបត្តិការ​ការងារ ដើម្បី​ឈាន​ទៅរក​ការដឹកនាំ​ប្រទេស​តាមរយៈ​ការ​ផ្តល់នៅ​សេចក្តីទុកចិត្ត និង​ជំនឿ​ជឿជាក់​ពី​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​ឆ្នោត​មក​លើ​មេដឹកនាំ​របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ។

ដោយឡែក​លិខិត​របស់​ប្រធាន​គណៈកម្មាធិការ​បណ្ដោះអាសន្ន​នៃ​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ដែល​បាន​ដាក់ជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ទី​៩ ខែមីនា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​ពេល​បច្ចុប្បន្ននេះ​មាន​សមាសភាព​ថ្នាក់ដឹកនាំ​ជាច្រើនរូប ព្រមទាំង​មាន​គណៈកម្មាធិការ​បណ្ដោះអាសន្ន​ថ្នាក់​រាជធានី​ខេត្ត ២៥ ខេត្ត​ក្រុង​។

តាម​លិខិត​ដដែល​បញ្ជាក់ថា ការប្រកាស​ទ្រព្យសម្បត្តិ​នេះ គឺ​ដើម្បី​ចូលរួម​បញ្ជាក់​នូវ​ភាព​ស្អាតស្អំ តម្លាភាព និង​សុចរិត​ភាព ដើម្បី​ធ្វើជា​គំរូ​ល្អ​របស់​ថ្នាក់ដឹកនាំ​ម្នាក់ៗ ក្នុងការ​ប្រកាស​នូវ​ទ្រព្យសម្បត្តិ​ចាប់តាំងពី​ការចាប់ផ្តើម​គណបក្ស​ពេល​​​​បច្ចុប្បន្ន​ក៏ដូចជា អនាគត​នៅក្នុង​ប្រតិបតិ្តការ​ការងារ​គណបក្ស និង​ឈានទៅរក​ការដឹកនាំ​ប្រទេស​តាមរយៈ​ការ​ផ្តល់នូវ​សេចក្តីទុកចិត្ត និង​ជំនឿ ជឿជាក់​ពី​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​មកលើ​មេដឹកនាំ​របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​។​

សូមបញ្ជាក់ថា គណបក្ស “​មហា​សាមគ្គី​ជាតិខ្មែរ​” បានកើត​ចេញពី​ក្រុម​អតីត​សមាជិក​គណបក្ស​សំបុក​ឃ្មុំ​របស់លោក ម៉ម សូណង់ដូ ចាកចេញ ហើយ​បាន​ទៅ​បង្កើតឡើង និង​បានប្រកាស​បើក​ជា​ផ្លូវការ​កាល​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦​។ គណបក្ស “​មហា​សាមគ្គី​ជាតិខ្មែរ​” នោះ មាន​លោក ញ៉ែម វណ្ណ​ថន ជា​ប្រធាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ចក្រី នុព​ល ជា​ប្រធាន​កិត្តិយស និង​លោក មៀ​ច សំរួល ជា​អគ្គលេខាធិការ។
លោក ញ៉ែម វណ្ណ​ថន ជា​ប្រធាន​មហា​សាមគ្គី​ជាតិខ្មែរ​ធ្លាប់បាន​លើកឡើងថា គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​គ្រោង​ធ្វើ​សមាជ​នៅមុន​ចូលឆ្នាំ​ខ្មែរ ក្នុង​ខែ​មេសា ឆ្នាំ​២០១៦ ក្រោយពី​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​មាន​សាខា​គណបក្ស​នៅ​ទូទាំង​រាជធានី ខេត្ត ចំនួន​១៧ ហើយ​បានរៀបចំ​រចនាសម្ព័ន្ធ​មូលដ្ឋាន និង​ថ្នាក់ជាតិ​សម្រាប់​ការចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់​ឆ្នាំ ២០១៧​និង​ការបោះឆ្នោត​សកល ឆ្នាំ​២០១៨ ខាងមុខ។

លោក ញ៉ែម វណ្ណ​ថន បាន​បញ្ជាក់​ថា លោក​ចេញមក​បង្កើត​គណបក្ស​នេះ ដោយសារតែ​មើលឃើញ​បញ្ហា​សង្គម​មួយចំនួន ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​​​ពិតប្រាកដ ហើយ​លោក​ចេញពី​គណបក្ស សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដោយសារតែ​ការដឹកនាំ​បែប​អនាធិបតេយ្យ ប្រជុំ​មិនដែល​មាន​របៀបវារៈ មិន​ដែល​មាន​សេចក្តី​សម្រេច​។ លោក​បន្តថា គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ មាន​គោលការណ៍​បង្រួបបង្រួម​ជាតិ គោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយ​លោក​សង្ឃឹមថា នឹង​ទទួលបាន​អាសនៈ​មួយចំនួន​ក្នុងការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​២០១៧ និង​បោះឆ្នោត​សកល។

ទាក់ទង​សំណួរ​អំពី​ការចុះបញ្ជី លោក ញ៉ែម វណ្ណ​ថន បន្ថែមថា គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ នៅ​មិនទាន់បាន​ចុះបញ្ជី​ជា ផ្លូវការ​នៅ​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ ប៉ុន្ដែ​បានស្នើ​សុំ​បង្កើត​គណបក្ស​រួចហើយ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦​។ គណបក្ស​នេះ នឹងធ្វើ​សមាជ នៅមុន​ចូលឆ្នាំ​ខ្មែរ ១ ឬ​២ ថ្ងៃ​។​

សមាជិក សមាជិកា និង​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ មាន​អ្នកខ្លះ​មកពី​គណបក្ស​សំបុក​ឃ្មុំ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​មូលដ្ឋាន ហើយ​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ ប្រកាន់​គោលការណ៍​អព្យាក្រឹត្យ និង​គិតគូរ​ផល​ប្រយោជន៍​ជាតិ ជា​សំខាន់៕
គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ