គូស្នេហ៍​មួយ​គូ​ណាត់​​​​គ្នា​នៅ​ព្រះវិហារ​លេប​ថ្នាំ​បញ្ចប់​ជីវិត(Update)

គូស្នេហ៍​មួយ​គូ​ណាត់​​​​គ្នា​នៅ​ព្រះវិហារ​លេប​ថ្នាំ​បញ្ចប់​ជីវិត(Update)



ពោធិ៍សាត់ ​៖ ​គូ​ស្នេហ៍​ដ៏​ផ្អែមល្ហែម​មួយ​គូ​ ជា​​ជនជាតិ​ខ្មែរ​ឥស្លាម​ បាន​ណាត់​ជួប​គ្នា​លេប​ថ្នាំ​សម្លាប់​ខ្លួន​នៅ​ព្រះវិហារ​ឥស្លាម​មួយ​កន្លែង​ស្លាប់​ទាំង​ពីរ​នាក់​​យ៉ាង​អាណោចអាធ័ម​បង្ក​​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​​អ្នក​ភូមិ ​និង​សមត្ថកិច្ច​ជំនាញ​មក​ពិនិត្យ​កន្លែង​កើតហេតុ​ ហើយ​សមត្ថកិច្ច​អះអាង​ថា​អាច​មាន​ការ​បំបែក​ស្នេហា​របស់​ពួកគេ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦ ​ត្រង់​ចំណុច​ព្រះវិហារ​ឥស្លាម​សំរោង​ ហៅ​ព្រះវិហារ​ឥស្លាម​ទួល​ទទឹង ​ស្ថិត​ក្នុង​ភូមិ​ទួល​ទទឹង ឃុំ​កញ្ជរ ​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។

លោក​ស៊ិន សុខា ​អធិការ​រង​ទទួល​កិច្ចការ​ព្រហ្មទណ្ឌ​ស្រុក​កណ្ដៀង​ បាន​ប្រាប់​ថា​ ជនរងគ្រោះ​ទាំងពីរ ​ទី​១. ​ឈ្មោះ ​សុះ​សល់​លី ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ​មាន​ទីលំ​នៅ​ភូមិ​កំពង់​ឡ​ ឃុំ​កំពង់ពោធិ៍​ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ ទី​២. ​ឈ្មោះ ស្មាន តី​នូ អាយុ​១៦​ឆ្នាំ ​ភេទ​ស្រី ​​មាន​ទីលំនៅ​ភូមិ​កើតហេតុ​ខាងលើ។

លោក​​​បាន​បន្ត​ថា​ ៖​ នៅ​វេលា​ម៉ោង​កើតហេតុ​​​ ស្រាប់​តែ​​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​ដោយ​អ្នក​ភូមិ​ទួល​ទទឹង​ បាន​ប្រទះឃើញ​គូស្នេហ៍​មួយ​គូ​​​ដេក​ស្លាប់​​យ៉ាង​អាណោចអាធ័ម​ នៅ​លើ​គ្រែ​ក្នុង​ព្រះវិហារ ​សំរោង​អណ្ដែត ​ហៅ​ព្រះវិហារ​ទួល​ទទឹង ​ដោយ​ខាង​ប្រុស​បាន​ដេក​​​​​​ផ្ងារ ​ឯ​នារី​ជា​គូស្នេហ៍​របស់​គេ​ដេក​ផ្កាប់មុខ។ លោក​បន្ត​ថា ​ក្រោយ​ពេល​មាន​ហេតុការណ៍​នោះ​ភ្លាម ​អ្នក​ភូមិ​ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច​​​ចុះ​ដល់​ទីតាំង​កើតហេតុ​ ពិនិត្យ​សព​អ្នក​ទាំងពីរ​ទើប​ដឹង​ថា​ ពួកគេ​បាន​នាំគ្នា​លេប​ថ្នាំ​សម្លាប់​ខ្លួន​ព្រម​គ្នា​អស់​ជាច្រើន ​ដោយ​ថ្នាំ​នោះ​ជា​ប្រភេទ​ថ្នាំ​បំពុល​កុក។

លោក​ហ៊ីវ​ សេងហ៊ីម ​អធិការ​ស្រុក​កណ្ដៀង​​​​បន្ត​ទៀត​ថា​ ករណី​នេះ​យើង​មិនទាន់​ដឹង​ឲ្យ​ពិតប្រាកដ​នៅឡើយ​ទេ ពី​ការ​សម្រេចចិត្ត​សម្លាប់​ខ្លួន​របស់​ពួកគេ​នេះ​ថា ​ផ្ដើម​ចេញ​ពី​​រឿង​អ្វី​ តែ​បើ​តាម​ព័ត៌មាន​ជាបឋម ​ដែល​កម្លាំង​ជំនាញ​យើង​ទទួល​បាន ​​​​​​​ប្រាប់​ថា​ដោយសារ​តែ​ស្នេហា​របស់​ពួកគេ​ត្រូវ​គ្រួសារ​ភាគី​ម្ខាង​មក​បំបែកបំបាក់ ព្រោះ​ពួកគេ​បាន​ស្រឡាញ់​គ្នា​ស្បថស្បែ​ស្លាប់រស់​ជាមួយគ្នា​ទៅ​ហើយ ​គ្រា​ដែល​ពួកគេ​ជួប​គ្នា​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​​យ៉ាង​ផ្អែមល្ហែម​ថ្វីត្បិតតែ​ខាង​ប្រុស​នៅ​ស្រុក​ក្រគរ​ ហើយ​ខាង​នារី​នៅ​ស្រុក​កណ្ដៀង​​ក្ដី តែ​ភូមិ​កំពង់​ឡ និង​ភូមិ​ទួល​ទទឹង​នៅ​ជិត​គ្នា​បង្កើយ​ងាយស្រួល​ជួប​គ្នា​ជាទីបំផុត។ នៅ​ពេល​ដែល​ពួកគេ​ដឹង​ថា​គ្រួសារ​ម្ខាង​បំបែក​គូស្នេហ៍​របស់​គេ​ទើប​ពួកគេ​ណាត់គ្នា​មក​ព្រះវិហារ​ខាងលើ​លេប​ថ្នាំ​បញ្ចប់​ជីវិត​ទាំង​ពីរ​នាក់​តែម្ដង៕
គូស្នេហ៍​មួយ​គូ​ណាត់​​​​គ្នា​នៅ​ព្រះវិហារ​លេប​ថ្នាំ​បញ្ចប់​ជីវិត(Update) ​គូស្នេហ៍​មួយ​គូ​ណាត់​​​​គ្នា​នៅ​ព្រះវិហារ​លេប​ថ្នាំ​បញ្ចប់​ជីវិត(Update)