ជប៉ុន​ចុះ​កិច្ច​សន្យា​ផ្តល់​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ចំនួន ៣ ដល់​កម្ពុជា

ជប៉ុន​ចុះ​កិច្ច​សន្យា​ផ្តល់​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ចំនួន ៣ ដល់​កម្ពុជា



ភ្នំពេញ ៖ រាជរដ្ឋាភិបាល​ជប៉ុន បាននឹងកំពុង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រជាជន​កម្ពុជា​។ ជាក់ស្តែង​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ ត្រូវបាន​ផ្តល់​ដល់​គម្រោង​ចំនួន​៣​នៅ​កម្ពុជា ដែល​កិច្ចសន្យា​ផ្តល់ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​នេះ ត្រូវបាន​ចុះហត្ថលេខា​នៅវេលា​ម៉ោង ៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​១០ ខែមីនា​នេះ នៅ​ស្ថានទូត​របស់​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា រវាង​លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជាមួយ​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង ជាមួយ​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​ជាមួយ​លោក គីម សាវុធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តស្វាយរៀង​។

លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែងថា កិច្ចសន្យា​ផ្តល់ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ ត្រូវបាន​ផ្តល់​ដល់​គម្រោង​ចំនួន​៣​នៅ​កម្ពុជា​នេះ​រួមមាន គម្រោង​ទី​១​ការ​ស្តារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​ប្រឡាយ​យោធា​ក្នុង​ខេត្តបាត់ដំបង ដែល​មាន​ថវិកា​សរុប ៨៩៣៩២​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​រួមមាន​ការស្តារ​ប្រឡាយ​១​ខ្សែ​ប្រវែង ១៤០០​ម៉ែត្រ ការសាងសង់​សំណង់​ក្បាល​ប្រឡាយ​១​កន្លែង និង​សំណង់​ស្ទាក់​ទឹក​លើ​ប្រឡាយ​១​កន្លែង​។ គម្រោង​ទី​២​ផ្តល់ជូន​ដើម្បី​ជួយ​ដល់​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ សម្រាប់​ការសាងសង់​មជ្ឈមណ្ឌល​សហគមន៍​កសិកម្ម​ចំនួន​៣​កន្លែង ដែល​មាន​ថវិកា​សរុប ៨៤៦៦២​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​នឹង​ធ្វើ​ការសាងសង់​មជ្ឈមណ្ឌល​សហគមន៍​ក​សិ​កម្ម​ចំនួន​៣ ព្រមទាំង​ផ្តល់​នូវ​ម៉ាស៊ីន​កសិកម្ម​ជាច្រើន​គ្រឿង​រួមមាន គោយន្ត​ចំនួន​៣​គ្រឿង ម៉ាស៊ីនបោកស្រូវ​ចំនួន​២​គ្រឿង ម៉ាស៊ីន​បោក​សណ្តែក​ចំនួន​១​គ្រឿង និង​ឡ​សម្ងួត​ស្រូវ​ចំនួន​១​គ្រឿង ដែល​នឹង​ផ្តល់​ជូន​ដល់​សហគមន៍​កសិកម្ម​ចំនួន​៣​។ ចំពោះ​គម្រោង​ទី​៣ នឹង​ផ្តល់​ជូន​សម្រាប់​ពង្រីក​ផ្ទៃដី​ស្រោចស្រព​នៅក្នុង​ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ដែល​មាន​ថវិកា​សរុប​ចំនួន ៨៩៦០១​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​រួមមាន​ការ​ស្តារ​ប្រឡាយ​មេ​១​ខ្សែ​ប្រវែង ១៤២០​ម៉ែត្រ និង​សំណង់​ស្ទាក់​ទឹក​១​កន្លែង៕

ជប៉ុន​ចុះ​កិច្ច​សន្យា​ផ្តល់​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ចំនួន ៣ ដល់​កម្ពុជា