ផ្សារ​ស្ទោង​ស្ថិត​នៅ​ក្នុង​គំនរ​សំរាម ​សង្ស័យ​ប្រធាន​ផ្សារ​ និង​អភិបាល​ស្រុក​ស្ទោង​ទុក​អភិរក្ស

ផ្សារ​ស្ទោង​ស្ថិត​នៅ​ក្នុង​គំនរ​សំរាម ​សង្ស័យ​ប្រធាន​ផ្សារ​ និង​អភិបាល​ស្រុក​ស្ទោង​ទុក​អភិរក្ស



កំពង់ធំ​ ៖ ​គំនរ​សំរាម​ក្នុង​ផ្សារ​ស្ទោង ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​គំនរ​សំរាម​រាប់​ឆ្នាំ​មក​ហើយ ហើយ​ក្រុម​អាជីវករ ​ក្នុង​ផ្សា​អះអាង​ថា គ្មាន​ទីតាំង​ចាក់​សំរាម ដែល​ត្រូវ​បាន​ម្ចាស់​ផ្សារ និង​អាជ្ញាធរ​រៀបចំ​ឲ្យ​មាន​ការ​ចោល​​ មាន​របៀប និង​​​អនាម័យ​នោះ​ទេ ​​​​ជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​នាំគ្នា​ចោល​សំរាម​ក្នុង​ផ្សារ​គរ​ដូច​ភ្នំ​ បង្ក​​ឲ្យ​មាន​ក្លិន​ឆ្អេះឆ្អាប​ស្អុយ​យ៉ាង​ខ្លាំង​ ជាពិសេស​ក្នុង​ពេល​មាន​ភ្លៀង​ធ្លាក់​ ទឹក​សំរាម​ស្អុយ​ពេញបន្ទុក។ ទីតាំង​ផ្សារ​នេះ​ស្ថិត​នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ។

ក្រុម​អាជីវករ​លក់​ត្រី​ លក់​បន្លែ​ និង​លក់​សម្លៀក​បំពាក់​បាន​នាំគ្នា​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ ប្រធាន​ផ្សារ​ស្ទោង​ថា ​មិន​ចេះ​រៀបចំ​សណ្ដាប់ធ្នាប់​ផ្សារ មិន​គិត​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ បណ្ដោយ​ឲ្យ​ការ​លក់ដូរ​នៅ​ជាមួយ​នឹង​គំនរ​សំរាម និង​ពុំបាន​គិតគូរ​ពី​ការ​សំអាត គិត​តែ​ដើរ​យក​ផាស៊ី​តែមួយ​មុខ។ ចំណែក​សំរាម​មាន​ចោល​គ្រប់​ទីកន្លែង​ស្ទើរតែ​ក្លាយ​ជា​ផ្សារ​សំរាម ដោយសារតែ​សំរាម​ចោល​ពេញ​ផ្សារ ទាំង​កន្លែង​លក់​ខោអាវ លក់​ម្ហូប អាហារ ត្រី​សាច់ សុទ្ធ​តែ​មាន​សំរាម​ទាំងអស់ ក្នុង​នោះ​ពួកគាត់​បាន​កំពុង​តែ​មាន ការ​ព្រួយបារម្ភ​​​ថា នៅ​ពេល​រដូវភ្លៀង បើសិនជា​លោក ប្រធាន​ផ្សារ និង​លោក ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង ពុំ​មាន​វិធានការ​នោះ​ទេ ទឹក​ជ្រាំ​ច្បាស់​ជា​ហូរ​ចេញពី​សំរាម​​​ពាសពេញ​ផ្សារ​ដូច​សព្វដង​ហើយ។

អ្នកដើរ​យក​ផាស៊ី​ផ្សារ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​ថា​ រឿង​សំរាម​ និង​ភក់ជ្រាំ​លោក​មិន​បាន​ទទួលខុស​ត្រូវ​នោះ​ទេ ព្រោះ​​​រឿង​នេះ ​​​លោក​ប្រធាន​ផ្សារ​ជា​អ្នកចាត់ចែង។ ចំណែក​លោក​មាន​ភារកិច្ច​គ្រាន់តែ​ដើរ​យក ភាស៊ី​ផ្សារ​តែប៉ុណ្ណោះ។ គាត់​ចង់​និយាយ​រឿង​នឹង​ដែរ តែ​គាត់​និយាយ​មិនកើត​ ព្រោះ​គាត់​ជា​អ្នក​ស៊ី​ឈ្នួល​គេ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ចុង​ឆ្នាំ​២០១៦ លោក​អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ​បាន​ចុះ​ពិនិត្យ​ម្តង រួចមកហើយ ព្រមទាំង​បាន​ណែនាំ​ឲ្យ​ម្ចាស់​ផ្សារ និង​អាជ្ញាធរ​ស្រុក​រៀបចំ​សំអាត​ឲ្យ​មាន​អនាម័យ ចៀសវាង​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ តែ​ពុំ​ត្រូវ​បាន​ម្ចាស់​ផ្សារ​មាន​ចំណាត់ការ​លើ​ការ​ចោល​សំរាម​នោះទេ។

លោក​នង ស៊ីថា ប្រធាន​ភាស៊ី​ផ្សារ​បាន​បញ្ជាក់​ថា ផ្សារ​ស្ទោង​គឺជា​ផ្សារ​អានាធិបតេយ្យ​ ពុំ​អាច​គ្រប់គ្រង​បាន​ទេ ឲ្យ​តែ​ប៉ះ​រលាក់​ៗ​ហើយ ទោះជា​ហាម​យ៉ាងណា​ក៏​មិន​ព្រម​ធ្វើ​តាម​ការណែនាំ​ដែរ។ ចំណែក​សំរាម​នៅ​ខាង មុខ​លោក​បាន​កំពុងតែ រៀបចំ​ឲ្យ​មានការ​សំអាត​ទីតាំង​ចាក់សំរាម​ឡើងវិញ។
លោក​ព្រឹម រដ្ឋា អភិបាលស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា បញ្ហា​សំរាម​ គឺ​ផ្សារ​ស្ទោង​​ ពុំ​មាន​លទ្ធភាព​ទិញ ដី​សម្រាប់​ចាក់សំរាម​ទេ ហើយក៏​អត់​មាន​រថយន្ត​ក្នុង​ការ​ដឹកជញ្ជូន​សំរាម​ទៀត។ ចំណែក​អ្នកម៉ៅការ​សំរាម គឺ​គេ​យក​ភាស៊ី​តែ​អ្នកលក់​ក្នុង​ផ្សារ ចំណែក​អ្នកលក់​ខាងក្រៅ​ផ្សារ នាំគ្នា​យក​សំរាម​មក​ចាក់​នៅ​ខាងក្រៅ​ផ្សារ ទើប​បានជា​ក្រុមហ៊ុន​ម៉ៅការ​សំរាម មិន​ព្រម​ដឹក​យក ទៅ​ចោល។ ចំណែក​ក្នុង​ផ្សារ​ ដែល​មាន​សំរាម​ច្រើន គឺ​អ្នក​រស់នៅ​ជុំវិញ​ផ្សារ​យក​មក​ចោល ហើយ​អ្នក​ទាំងនោះ​ពុំបាន​បង់​លុយ​ឲ្យ​ខាង​ភាស៊ី​ផ្សារ​ទេ។ លោក​បាន​បញ្ជាក់​ថា ស្រុក​ស្ទោង​នេះ​ពិបាក​ណាស់​មិនទាន់មាន ក្រុមហ៊ុន​ម៉ៅការ​សំរាម​នោះទេ៕

ផ្សារ​ស្ទោង​ស្ថិត​នៅ​ក្នុង​គំនរ​សំរាម ​សង្ស័យ​ប្រធាន​ផ្សារ​ និង​អភិបាល​ស្រុក​ស្ទោង​ទុក​អភិរក្ស

ផ្សារ​ស្ទោង​ស្ថិត​នៅ​ក្នុង​គំនរ​សំរាម ​សង្ស័យ​ប្រធាន​ផ្សារ​ និង​អភិបាល​ស្រុក​ស្ទោង​ទុក​អភិរក្ស

ផ្សារ​ស្ទោង​ស្ថិត​នៅ​ក្នុង​គំនរ​សំរាម ​សង្ស័យ​ប្រធាន​ផ្សារ​ និង​អភិបាល​ស្រុក​ស្ទោង​ទុក​អភិរក្ស