រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​សម្អាត​អនាម័យ​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​សម្អាត​អនាម័យ​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ

កំពង់ស្ពឺ ​៖​ លោក​សាប៊ូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ជំរុញ​ដល់​គ្រប់​អង្គភាព​ ដែល​ជា​ដៃគូ​ពាក់ព័ន្ធ​ មេត្តា​រួម​គ្នា​លើក​កម្ពស់​ សម្អាត​បរិស្ថាន និង​អនាម័យ។ ការ​ជំរុញ​បែប​នេះ ខណៈ​ដែល​លោក​បាន​​អញ្ជើញ​ជា​អធិបតី​តំណាង​​​លោក​បណ្ឌិត​សាយ សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ ​និង​លើក​ផែនការ​បន្ត​ឆ្នាំ​២០១៦ នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ ដោយ​មាន​វត្តមាន​លោក តុង​សេង អភិបាលរង​ខេត្ត​កំពង់ស្ពឺ​ចូលរួម​ដែរ។

ផ្នែក​តាម​របាយការណ៍​របស់​​​មន្ទីរ​បរិស្ថាន​ខេត្ត​អាន​ដោយ​លោក​គាត​ រ​ង្ស៉ី ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹងថា ឆ្នាំ​២០១៥ មន្ទីរ​បាន​ត្រួតពិនិត្យ​គ្រប់​ទីតាំង​ចិញ្ចឹម​សត្វ​ទាំង​២០​កន្លែង ​ក្នុង​ក្រុង​ច្បារមន​ ទាំង​បរិស្ថាន និង​អនាម័យ ចុះ​ពិនិត្យ​ការ​ទុកដាក់​សំណល់​រឹង និង​រាវ តាម​រោងចក្រ​សហគ្រាស ៧៩ ក្រុមហ៊ុន ត្រួតពិនិត្យ​ការ​ដឹក​សំរាម​ជុំវិញ​ផ្សា​កំពង់ស្ពឺ និង​បាន​ធ្វើ​ការ​បំផុស​ចលនា​មហាជន​ឲ្យ​​ស្រឡាញ់​បរិស្ថាន ​​រួមគ្នា​រើស​សំរាម​តាម​លំនៅដ្ឋាន ទីប្រជុំជន​ជាច្រើន​កន្លែង​ក្នុង​ខេត្ត។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា មន្ទីរ​បាន​ធ្វើការ​ស្រាវជ្រាវ​ការទន្ទ្រាន​យក​ដី​ក្នុង​សហគមន៍​ការពារ​ធម្មជាតិ សហការ​​​ទប់ស្កាត់​រាល់​បទល្មើស​ឈូស​ឆាយ​ដី​ពាក់ព័ន្ធ​ ជា​ដី​ក្នុង​ឧទ្យាន​ជាតិ គិរីរម្យ ។​ល​។​មិនតែប៉ុណ្ណោះ​បាន​សហការ​​​ជាមួយ ក្រុម​ការពារ​សត្វព្រៃ​ចាប់​យក​សាច់​សត្វ​ដុត​កម្ទេច​ចោល និង​ផ្ដន្ទាទោស​ជនល្មើស​បាន​មួយ​ចំនួន​ផង​ដែរ។

លោក​សាប៊ូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​បរិស្ថាន​ស្អាត​ល្អ អង្គភាព​រដ្ឋ​នានា​ត្រូវ​រួមគ្នា​ការពារ​បរិស្ថាន ក្នុង​នោះ​រាប់​តាំងពី​ការ​ដាក់​ធុង​សំរាម​នៅ​ក្នុង​អង្គភាព​ផង​ដែរ។ លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា មន្ទីរ​បរិស្ថាន​ជា​បង្គោល​ក្នុង​វិស័យ​ការងារ​បរិស្ថាន​សង្គម​នៅ​មូលដ្ឋាន​ ដែល​ត្រូវ​បំផុស​ឲ្យ​ពលរដ្ឋ មន្ត្រីរាជការ ​ព្រះសង្ឃ​ សិស្សានុសិស្ស ចូលរួម​ការពារ​បរិស្ថាន​ទាំង​អស់​គ្នា ស្វែងយល់​ពី​ការ​បោះចោល​សំរាម​ ទប់ស្កាត់​ការ​បង្ហូរ​វត្ថុ​រឹង រាវ ចោល​ពាសវាលពាសកាល​​​ជាហេតុ​បង្ក​ឲ្យ​ខូច​បរិស្ថាន​ធ្ងន់ធ្ងរ​នៅ​តាម​បណ្តា​រោងចក្រ សហគ្រាស ​ក្រុមហ៊ុន​ឧស្សាហកម្ម​នានា។

រដ្ឋលេខាធិការ​​បាន​សង្កត់​ធ្ងន់​ថា តាម​ប្រសាសន៍​លោក​បណ្ឌិត សាយ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ដាស់តឿន​ដល់​មន្ត្រី​បរិស្ថាន​ទាំងអស់​គួរ​តែ​សិក្សា​បំពេញ​បន្ថែម​ឲ្យ​ស្របតាម​តម្រូវការ​សម័យ​វិទ្យាសាស្ត្រ បច្ចុប្បន្ន​ដែល​យើង​គ្រប់រូប​ត្រូវ​ចេះ​ទាំង​ភាសា​ និង​​កុំព្យូទ័រ​ ព្រមទាំង​មាន​សញ្ញាប័ត្រ​គ្រប់គ្រាន់​ងាយស្រួល​ដល់​ការដឹកនាំ​ក្នុង​អង្គភាព​របស់​យើង។

សូម​រំលឹក​ថា មន្ទីរ​បរិស្ថាន​ខេត្ត​មាន​មន្ត្រី​ក្របខ័ណ្ឌ​ចំនួន៣២​នាក់ ស្រី​១​នាក់ បុគ្គលិក​បណ្ដែត​មាន​ចំនួន​១០​នាក់ មន្ត្រី​ជាប់កិច្ចសន្យា​ជា​ឧទ្យានុរក្ស ចំនួន​៨០​នាក់ និង​អនុប្រធាន​មន្ទីរ​ចំនួន​​៤​នាក់​ដែល​កំពង់​បម្រើ​ការងារ​បច្ចុប្បន្ន៕