លោក​អ៊ុំ​ រាត្រី ​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​នៃ​ទីក្រុង​ស្អាត សាលា​ស្អាត ស្តង់ដារ​ផ្សារ​ស្អាត

លោក​អ៊ុំ​ រាត្រី ​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​នៃ​ទីក្រុង​ស្អាត សាលា​ស្អាត ស្តង់ដារ​ផ្សារ​ស្អាត



បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​១០​ ខែ​មីនា​ឆ្នាំ​២០១៦ នៅ​សាល​ប្រជុំ​ក្នុង​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​បាន​បើក​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​អំពី​ទីក្រុង​ស្អាត​ថ្នាក់​ខេត្ត​លើ​ស្តង់ដារ​សាលា​ស្អាត ស្តង់ដារ​ផ្សារ​ស្អាត និង​ទីក្រុង​ស្អាត​ជាដើម​។ ពិធី​នេះ​មានការ​ចូលរួម លោក​អ៊ុំ​រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ លោកស្រី​ចាន់​ថេ​ង​អភិបាលក្រុង​សិរីសោភ័ណ លោក​ឈើ​យ​ ចាន់ណា​ ប្រធាន​មន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ ប្រធាន​ផ្សារ  មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត មន្ត្រី​ក្រុង​ស្រុក​ទាំង​៩ សាខា​សាកលវិទ្យាល័យ​ទាំង​៤​វិទ្យាល័យ​បាន​ចូលរួម​សរុប​ចំនួន​៣៤០​នាក់​។

ក្នុង​សិក្ខា​នោះ​លោក​ឈើ​យ ​ចាន់ណា ​បាន​មានប្រសាសន៍ថា​ ការ​បើក​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តម្លៃ​ទីក្រុង​ស្អាត សាលា​ស្អាត និង​ផ្សារ​ស្អាត​នោះ​មាន​គោលបំណង​ដើម្បី​ជំរុញ​គ្រប់​ផ្សារ​ទាំងអស់​ឆ្ពោះ​ទៅ​រក​ភាព​បៃតង និង​មាន​បរិស្ថាន​ស្អាត ព្រមទាំង​អាច​បញ្ជ្រាប​ចំណេះដឹង​ទៅដល់ អាជីវករ និង​អតិ​ភិ​ជន​ឲ្យ​មានការ​យល់ដឹង​ទៅលើ​ការ​ថែរក្សា បរិស្ថាន និង​ផល​ប៉ះពាល់​ក្នុង​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ច​និង​ចង់​បណ្តុះ​គំនិត​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់​បរិស្ថាន​និង​ម្យ៉ាងវិញទៀត​សិក្ខាសាលា​នេះ​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​គ្រប់​ផ្សារ​មានគំនិត​ប្រឡងប្រណាំង​ក្នុង​ការ​ដណ្តើម​កេរ្តិ៍​ឈ្មោះថា​ជា​ផ្សារ​មាន​បរិស្ថាន​ស្អាត​និង​មាន​របៀបរៀបរយ​។

លោក​ ឈើ​យ ​ចាន់ណា ​បាន​បញ្ជាក់​ទៀត​ថា ​ក្នុង​សិក្ខា​សាល​នេះ​ផង​ដែរ​ ក៏​ចង់​បណ្តុះ​ផ្នត់គំនិត​របស់​សិស្សានុ​សិស្ស និស្សិត និង​យុវជន​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង​ពី​ការ​ថែរក្សា​និង​ការពារ​បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​ឲ្យ​បាន​ស្អាត​ល្អ និង​ឲ្យ​បាន​យល់ដឹង​អំពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មកពី​បរិស្ថាន​មិនល្អ និង​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់ដឹង​អំពី​អត្ថប្រយោជន៍​និង​ផល​ប៉ះពាល់​ក្នុង​ការ​ទុកដាក់​កាកសំណល់ ផល​ប៉ះពាល់​នៃ​ការ​ថង់​ប្លា​ស្ទិ​ច​ និង​ឲ្យ​បាន​យល់​អំពី​អត្ថប្រយោជន៍​ដើមឈើ​ជាដើម​។ ក្នុង​សិក្ខាសាលា​នោះដែរ ​លោក​ អ៊ុំ​ រាត្រី ​ក៏បាន​មានប្រសាសន៍​ដែរថា​ ការ​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ផ្សារ​ស្អាត និង​សាលា​ស្អាត​នោះ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​នាំគ្នា​ចូល​រួន​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ដូចជា ត្រូវ​ចូលរួម​ដើរ​រើស​ថង់​ប្លា​ស្ទិ​ច​ និង ​សំរាម​នៅ​ទី​ប្រជុំជន​ជុំវិញ​ផ្ទះ​និង​នៅតាម​ទី​សា​ធារ​ណៈ​យក​ទៅ​ដាក់​ចូលក្នុង​ធុងសំរាម ប្រមូល​ដុត​ឲ្យ​បាន​ស្អាត ប្រមូល​សំរាម​វិច​ខ្ចប់​ឲ្យ​បាន​ស្អាត​យក​ទៅ​ដាក់​ក្នុង​ធុងសំរាម​ដើម្បី​ឲ្យ​រថយន្ត​ដឹក​សំរាម​យក​ទៅ​ចាក់ចោល​នៅ​ទីវាល​ចាក់សំរាម​ជាដើម​។

លោក​អ៊ុំ​ រាត្រី ​បាន​បញ្ជាក់​ទៀត​ថា​ ស្តង់ដា​រសាលា​និង​ផ្សារ​ស្អាត​លុះត្រា​ណា​តែ​សាលា​និង​ផ្សារ​នោះ​ពុំ​មាន​សំរាម​នៅ​ជុំវិញ​សាលា​ និង​ផ្សារ​ត្រូវ​ចេះ​គ្រប់គ្រង​កាកសំណល់​រឹង​រាវ​ឲ្យ​បាន​ល្អ​ត្រូវ​ចេះ​ថែរក្សា​បរិស្ថាន​ធ្វើ​យ៉ាណា​ថែរក្សា​នូវ​ភាព​បៃតង​ជានិច្ច។

លោក​អ៊ុំ​រាត្រី​បានបញ្ជាក់​ទៀត​ថា​ ថ្ងៃ​នោះ​លោក​បាន​ចូលរួម​សិក្ខាសាលា​ស្តីពី​ការវាយតម្លៃ​ទីក្រុង​ស្អាត ផ្សារ​ស្អាត និង​សាលារៀន​ស្អាន​នេះ​ គឺ​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ទីក្រុង​ស្អាត​នៅពេល​ខាងមុខនេះ​ដើម្បី​ឲ្យ​ទទួល​បាន​នូវ​ផ្កាកូឡាប​៣​ទង​ឲ្យ​បាន​ដាច់ខាត​៕

លោក​អ៊ុំ​ រាត្រី ​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​នៃ​ទីក្រុង​ស្អាត សាលា​ស្អាត ស្តង់ដារ​ផ្សារ​ស្អាត លោក​អ៊ុំ​ រាត្រី ​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ការ​ផ្សព្វផ្សាយ​និង​ធ្វើការ​វាយ​តំលៃ​នៃ​ទីក្រុង​ស្អាត សាលា​ស្អាត ស្តង់ដារ​ផ្សារ​ស្អាត