អាង​ត្រពាំង​ថ្ម​និង​ប្រែ​ក្លាយទៅជា អាងទឹក​ដ៏​មាន​សក្ដានុពល ស្តុក​ទឹក ៣០០ លាន​ម៉ែត្រគូប​សម្រាប់ បម្រើ​ឲ្យ​ការ​ស្រោចស្រព

អាង​ត្រពាំង​ថ្ម​និង​ប្រែ​ក្លាយទៅជា អាងទឹក​ដ៏​មាន​សក្ដានុពល ស្តុក​ទឹក ៣០០ លាន​ម៉ែត្រគូប​សម្រាប់ បម្រើ​ឲ្យ​ការ​ស្រោចស្រព



ភ្នំពេញ ​៖​ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កំពុង  ធ្វើការ​ស្តារ និង​ជួសជុល​ឡើងវិញ ដើម្បី ប្រែក្លាយ​ទៅជា អាងទឹក​ដ៏​មាន​សក្តានុពល ស្តុក​ទឹក ប្រមាណ​ជា​៣០០ លាន​ម៉ែត្រគូប​សម្រាប់ បំរើ​ឲ្យ​ការប្រើប្រាស់ និង ស្រោច​ស្រ​ព ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ​។​

​លោក ចាន់ យុ​ត្ថា នាយក​ខុទ្ទកាល័យ​និង​ជា​អ្នកនាំពាក្យ​ក្រសួង ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា នៅ​អាង​ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំងថ្ម ស្ថិត​ក្នុង​ឃុំ​ប៉ោយចារ ឃុំ​ពន្លៃ និង​ឃុំ​ស្រះ​ជីក ក្នុងស្រុក​ភ្នំស្រុក និង​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើការ​ស្តារ និង​ជួសជុល​ឡើងវិញ ដើម្បី​ពង្រីក​លទ្ធភាព​ស្រោចស្រព​ដីស្រែ​របស់​បងប្អូន​ប្រជាកសិករ។​

លោក​បន្ថែម​ថា នៅក្នុង​ដំណើរការ​នៃ​ការធ្វើ​អនុត្តរភាព​ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំងថ្ម គឺ​ធ្វើ​ឡើង​ជា​ជំហានៗ ក្នុង​នោះ​ជំហាន​ទី​១ បាន​ចាប់​ផ្តើម​នៅ​ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០០៨ ដោយ​បាន​ធ្វើការ​ជួសជុល​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ប្រឡាយ​ស្រោចស្រព និង​ប្រព័ន្ធ​ប្រឡាយ​ដោះ​ទឹក​ប្រវែង ៣៥ គីឡូម៉ែត្រ ព្រមទាំង​សាងសង់​សំណង់​សិល្បការ​ធំ​-​តូច ជាច្រើន​កន្លែង​ទៀត ដើម្បី​ធានា​ទឹក​បញ្ចេញ​-​បញ្ចូល​ដល់​ដីស្រែ​របស់​ប្រជាកសិករ​ក្នុង​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

អ្នកនាំពាក្យ​ក្រសួង រូប​នោះ​បញ្ជាក់​ថា បន្ទាប់ពី​បាន​បញ្ចប់​ជំហាន​ទី​១ នៅក្នុង​ឆ្នាំ ២០១០ លទ្ធភាព​ស្រោចស្រព​របស់​ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំង​ថ្ម បាន​កើនឡើង​ពី ៧.០០០ ហិតា ដល់ ២០.០០០ ហិតា។ នៅក្នុង​ដំណាក់​កាលនោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ត ដោយ​ដៃ​ម្ខាង​ជំរុញ​នូវ​ការធ្វើ​អនុត្តរភាព​ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំងថ្ម​ផង និង​ដៃ​ម្ខាង​ទៀត​ជំរុញ​ការងារ​ដាំ​ដុះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​ផង រហូត​ធ្វើ​ឲ្យ​ផ្ទៃដី​ដំណាំ​ស្រូវ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទាំង​ស្រូវវស្សា និង​ស្រូវប្រាំង គ្រប់​ចំនួន ២០.០០០ ហិតា។

​ចាប់ពី​ឆ្នាំ ២០១១ រហូតដល់​ឆ្នាំ ២០១៥ ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំងថ្ម ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើ​អនុត្តរ​ភាពជា​ជំហានៗ​បន្តបន្ទាប់​ទៀត ដើម្បី​ពង្រីក​លទ្ធភាព​ស្រោចស្រព​ឱ្យ​កើន​ដល់ ៣៥.០០០ ហិតា។ នៅក្នុង​អំឡុង​ពេលនោះ ក្រសួង ក៏បាន​ធ្វើការ​ជួសជុល​ស្តារឡើង​វិញ​ប្រព័ន្ធ​ប្រឡាយ​ភ្នំ​ដីព្រៃ​មាន់ ប្រវែង ២១ គីឡូម៉ែត្រ ផង​ដែរ ។​

សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ ២០១៨ នេះ ក្រសួង​កំពុងធ្វើការ​អភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្ត្រ​អាង​ត្រពាំងថ្ម ឲ្យ​ទៅ​ជា​អាងទឹក​ដ៏​មាន​សក្តានុពល​មួយ ដែល​អាច​ស្តុក​ទឹកបាន​រហូតដល់ ៣០០ លាន​ម៉ែត្រគូប ដោយ​កសាង​នូវ​ប្រព័ន្ធ​ប្រឡាយ​ដោះ​ទឹកជា​ច្រើន​បន្ថែម​ទៀត ដើម្បី​ធានា​ដោះ​ទឹក​ឲ្យ​បាន​ទាន់​ពេល​វេលា នៅពេល​មាន​ជំនន់ និង​មាន​ទឹក​គ្រប់គ្រាន់​សម្រាប់​ការស្រោចស្រព​ដំណាំ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​។ នៅពេល​បញ្ចប់​គម្រោង​នេះ ក្រៅពី​ការ​ផ្តល់​ទឹក​ស្រោចស្រព ប្រព័ន្ធ​ធារាសាស្ត្រ​អាង​ត្រពាំង​ថ្ម ក៏​នឹង​ប្រែក្លាយ​ទៅជា​តំបន់​អេកូ​ទេសចរ​ដ៏​ស្រស់​ត្រកាល និង​ទាក់ទាញ​មួយ​ផង​ដែរ​៕

 អាង​ត្រពាំង​ថ្ម​និង​ប្រែ​ក្លាយទៅជា អាងទឹក​ដ៏​មាន​សក្ដានុពល ស្តុក​ទឹក ៣០០ លាន​ម៉ែត្រគូប​សម្រាប់ បម្រើ​ឲ្យ​ការ​ស្រោចស្រព

អាង​ត្រពាំង​ថ្ម​និង​ប្រែ​ក្លាយទៅជា អាងទឹក​ដ៏​មាន​សក្ដានុពល ស្តុក​ទឹក ៣០០ លាន​ម៉ែត្រគូប​សម្រាប់ បម្រើ​ឲ្យ​ការ​ស្រោចស្រព