លោក​អូបាម៉ា​ស្វាគមន៍​លោក Trudeau ​ដោយ​ផ្តោត​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ

លោក​អូបាម៉ា​ស្វាគមន៍​លោក Trudeau ​ដោយ​ផ្តោត​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​លោកស្រី Michelle Obama បក់​ដៃ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី Justin Trudeau និង​ភរិយា​របស់​លោក​គឺ​លោក​ស្រី Sophie Gregoire នៅ​ក្នុង​ពិធី​ស្វាគមន៍​ការ​អញ្ជើញ​មក​ដល់​របស់​ប្រតិភូ​កាណាដា នៅ​សេតវិមាន កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ទទួល​ស្វាគមន៍​មេដឹកនាំ​ខាង​វឌ្ឍនភាព​គឺ​លោក​នាយក​រដ្ឋ​មន្រ្តី​កាណាដា Justin Trudeau ​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋលើក​ដំបូង​បង្អស់​ក្នុង​រយៈ​ពេល​ជិត​២​ទសវត្សរ៍​កន្លង​ទៅ​នេះ។​

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា «គេ​និយាយ​ថា អ្នក​អាច​ជ្រើស​រើស​មិត្តភក្តិ​បាន ប៉ុន្តែ​អ្នក​មិន​អាច​ជ្រើសរើស​ប្រទេស​ជិត​ខាង​បាន​នោះ​ទេ។ តាម​លក្ខណៈ​ភូមិសាស្រ្ត សហរដ្ឋ​អាមេរិក ​និង​ប្រទេស​កាណាដា​មាន​សំណាង​ណាស់​ដែល​បាន​នៅ​ក្បែរ​គ្នា ប៉ុន្តែ​តាម​ជម្រើស​ ប្រទេស​ទាំង​២​គឺ​ជា​សម្ព័ន្ធមិត្ត​មិន​ប្រែប្រួល ​និង​ជា​មិត្ត​ដ៏ជិត​ស្និទ្ធ»។

លោក​អូបាម៉ា​បាន​លើក​ឡើង​អំពី​តម្លៃ​ជា​រួម​ក្នុង​ពិធី​ទទួល​ស្វាគមន៍​លោក Trudeau ​នៅ​វាល​ស្មៅ​ខាង​ត្បូង​ក្នុង​បរិវេណ​សេតវិមាន ដោយ​បញ្ជាក់​អំពី​សុខាភិបាល​ សេរីភាព​សាសនា និង​ភាព​ចម្រុះ​នៃ​ប្រទេស​ទាំង​២។ ​

មនុស្ស​ជា​ច្រើន​យល់​ថា លោក​នាយក​រដ្ឋ​មន្រ្តី​ថ្មី​របស់​កាណាដា​រូប​នេះ​គឺ​ជា​លោក​អូបាម៉ា​ទី​២។ ​លោក Trudeau វ័យ​៤៤​ឆ្នាំ​បាន​ឃោសនា​ដោយ​ប្រើប្រាស់​សារ​នៃ​ក្តី​សង្ឃឹម​ និង​ការ​ផ្លាស់ប្ដូរស្រដៀង​នឹង​លោក​ប្រធានាធិបតី​អាមេរិកដែរ។

គណបក្ស​សេរីភាព​របស់​លោក Trudeau បាន​យក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាណាដា​កាល​ពី​ខែ​តុលា​ ដោយ​បាន​យក​ឈ្នះ​លោក​នាយក​រដ្ឋ​មន្រ្តី Stephen Harper និង​គណបក្ស​អភិរក្ស​និយម​របស់​លោក​ដែល​បាន​កាន់​អំណាច​តាំង​ពី​ឆ្នាំ​២០០៦​មក។ ​

មេដឹកនាំ​ទាំង​២​រូប​បាន​ជួប​គ្នា​នៅ​ក្នុង​ការិយាល័យ​ប្រធានាធិបតី​អាមេរិក​ មុន​ពេល​បើក​សន្និសីទ​សារព័ត៌មាន​រួម​មួយ​ និង​ចូល​រួម​បរិភោគ​អាហារ​ពេល​ល្ងាច​កាល​ពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍។ ​

មុន​ពេល​លោក Trudeau មក​ដល់​ សេតវិមាន​បាន​ប្រកាស​ពី​ជំហាន​ជារួម​មួយ​ចំនួន​ដែល​សហរដ្ឋ​អាមេរិក​ និង​កាណាដា​នឹង​ធ្វើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​

ប្រទេស​ជិត​ខាង​ទាំង​២​នេះ​បាន​ប្តេជ្ញា​កាត់​បន្ថយ​ការបញ្ចេញ​ឧស្ម័ន​មេតាន​ពី​៤០​ទៅ​៤៥​ភាគរយ​ទាប​ជាង​កម្រិត​ឧស្ម័ន​ដែល​បាន​បញ្ចេញ​កាល​ពី​ឆ្នាំ​២០១២ នៅក្នុង​ទសវត្សរ៍​ខាង​មុខ​នេះ ដោយ​អភិរក្ស​ដី​ និង​ទឹកនៅ​មហាសមុទ្រ​អាកទិច ​និង​បង្កើន​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បៃតង។

សហរដ្ឋ​អាមេរិក​ និង​កាណាដា​ក៏បាន​ប្តេជ្ញា​ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​អន្តរជាតិទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ក្នុង​ទីក្រុង​ប៉ារីស ​និង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឲ្យ​ឆាប់​តាម​តែ​អាច​ធ្វើ​បាន៕