សុំ​លែង​ប្តី​ក្នុង​ថ្ងៃ​បុណ្យ​ក្តី​ស្រឡាញ់​ទៅ​ស្រឡាញ់​កីឡាករ​ក្លិប Sunderland

ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​មួយ​ផ្សាយ​ថា ស្ត្រី​ម្នាក់​បាន​សុំ​លែង​ប្តី​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ (១៤​កុម្ភៈ​) ដោយ​ផ្តល់​ហេតុផល​ថា ខ្លួន​ស្រឡាញ់​កីឡាករ Jermain Defoe ខ្សែប្រយុទ្ធ​ក្លិប​Sunderland ។

Jermain Defoe បាន​បង្ហាញ​អារម្មណ៍​រីករាយ ក្រោយ​ពី​ទទួល​ដំណឹង​ថា នាង  Rachel Calvert សុំ​លែង​ប្តី​នៅ​ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ដោយ​ផ្តល់​ហេតុផល​ថា ព្រោះតែ​ស្រឡាញ់​លោក​ខ្លាំង​ពេក ។ ចំណែក​នាង  Rachel Calvert អាយុ​២៤​ឆ្នាំ ដែល​បាន​បង្ហាញ​រូបថត​អូស​ធុងសំរាម​ចេញពីផ្ទះ​កីឡាករ Jermain Defoe បាន​បញ្ចប់ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​លោក Dockworker Tony ដែល​ជា​ស្វាមី​របស់​ខ្លួន​នៅ​ទីលាន​ចត​រថយន្ត​របស់​ហាង​លក់ទំនិញ Asda ។

នៅ​ថ្ងៃ​នោះ លោក Dockworker Tony បាន​ទិញ​ផ្កា​កុលាប​ឱ្យ​នាង Rachel Calvert ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ដើម្បី​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​នាង ប៉ុន្តែ​ជា​អកុសល​លោក​បែរជា​ត្រូវ​នាង Rachel Calvert សុំ​លែង​ទៅ​វិញ ។ ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា បុរស​អភ័ព្វ​ស្នេហ៍​រូប​នេះ​គឺជា​អ្នកគាំទ្រ​ក្លិប Newcastle ហើយ​គាត់​ស្ទើរតែ​មិន​ជឿ​ខ្លួនឯង​ពេល​ជួប​រឿង​បែប​នេះ ប៉ុន្តែ​ជា​ចុង​ក្រោយ​គាត់​ក៏​ទទួលស្គាល់​ការណ៍​ពិត ហើយ​ក៏​ចាប់​ទាញ​យក​ផ្កា​កុលាប​ពី​ដៃ​នាង Rachel Calvert យក​ទៅ​ជូន​មិត្តភក្តិ​ជំនួស​វិញ ៕