Sharapova ជាប់​បម្រាម​ប្រកួត​រយៈពេល​1​ឆ្នាំ ដោយសារ​ប្រើ​ថ្នាំ​ប៉ូវ

សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ (ITF) ថ្លែង​ថា នាង Maria Sharapova កីឡាការិនី​វាយ​កូន​បាល់​លំដាប់​ទី​៧ នៅ​លើ​ពិភពលោក​ត្រូវ​ជាប់​បម្រាម​ប្រកួត​រយៈពេល​១​ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​១២ មីនា តទៅ ក្រោយ​ពី​នាង​បាន​សារភាព​ថា មិន​បាន​ឆ្លងកាត់​ការ​ពិនិត្យ​ឈាម​អំឡុង​ពេល​ប្រកួត​ក្របខ័ណ្ឌ Grand Slam នៃ​កម្មវិធី​Australian Open ។

នាង Maria Sharapova អាយុ​២៨​ឆ្នាំ សារភាព​ថា នាង​បាន​ប្រើ​ឱសថ Meldonium ជា​សារធាតុ​ហាមឃាត់​របស់​អង្គការ​ប្រឆាំង​នឹង​សារធាតុ​ប៉ូវ​កម្លាំង​ពិភពលោក (WADA) ។ អ្នក​ធ្វើ​អត្ថាធិប្បាយ​ព័ត៌មាន​កីឡា​រំពឹង​ថា កីឡាការិនី​ដែល​មាន​ចំណូល​ខ្ពស់​នៅ​លើ​ពិភពលោក​ចំនួន​២១​លាន​ផោន​កាលពី​ឆ្នាំ​មុន​រូប​នេះ នឹង​គ្មាន​សិទ្ធិ​ចូល​ប្រកួត​យ៉ាងតិច​រយៈពេល​១​ឆ្នាំ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​NIKE ក៏​បាន​លុប​ចោល​កិច្ចសន្យា​ឧបត្ថម្ភ​លើ​រូប​នាង​ផង​ដែរ ៕