កីឡា​ច្រើន​ប្រភេទ​ត្រៀមខ្លួន​បង្ហាញមុខ​នៅ​បុណ្យ​ទន្លេ

រាជា​ធានី​ភ្នំពេញ ៖ នៅ​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ពិធីបុណ្យ​ទន្លេ​លើក​ទី​២​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​២​គឺ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ។ កីឡា​ច្រើន​ប្រភេទ ក៏​បាន​ត្រៀមខ្លួន​បង្ហាញមុខ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ដើម្បី​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ ។

ដោយ​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) និង​ក្រសួងទេសចរណ៍ នឹង​រៀបចំ​ពិធីបុណ្យ​ទន្លេ​ជា​ថ្មី​ទៀត​ចាប់ពី​ថ្ងៃ​ទី​១១-១២ និង​១៣ មីនា ខាង​មុខ​នេះ ដោយ​មាន​កីឡា​រហូត​ដល់​១១​ប្រភេទ​ឯណោះ​នឹង​ចេញ​មុខ​បង្អួត​សាធារណជន ។ មន្ត្រី​ទទួល​បន្ទុក​បាន​អះអាង​ថា ព្រឹត្តិការណ៍​ឆ្នាំ​នេះ ប្រភេទ​កីឡា​នឹង​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ទាក់ទាញ​អ្នកទេសចរ​បំផុត ដើម្បី​ឱ្យ​ការ​ចូលរួម​របស់​មហាជន​កាន់តែ​មាន​កំណើន​ខ្ពស់ បើ​ធៀប​នឹង​ការ​រៀបចំ​បុណ្យ​ទន្លេ​កាលពី​ឆ្នាំ​មុន​នៅ​ខេត្តក្រចេះ ។ អ៊ីចឹង​ហើយ​ទើប​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ត្រូវ​បាន​ចាត់ចែង និង​ត្រៀម​ទុក​ដោយ​ម៉ត់ចត់​បំផុត​សម្រាប់​បុណ្យ​ទន្លេ​ឆ្នាំ​នេះ ដើម្បី​កុំឱ្យ​មាន​ភាព​ខ្វះចន្លោះ​នៅ​ក្នុង​ព្រឹត្តិការណ៍​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​អះអាង​ថា កីឡា​ទាំង​១១​ប្រភេទ​នោះ​រួម​មាន​ចំបាប់​, អុកចត្រង្គ​, ក្បាច់គុន​បុរាណ​ខ្មែរ​, ល្បុក្កតោ​, បាល់ទះ​, ប្រណាំងទូក​, ហែល​ទឹក​, ជិះ​កង់​, ជិះ​ឆត្រយោង​, រត់ប្រណាំង និង​ជ្រមុជ​ទឹកជា​ដើម​ដែល​ត្រូវ​ប្រកួត​ទាំង​បី​ថ្ងៃ​តែ​ម្តង ។ យ៉ាងណា​ក៏​ដោយ កីឡា​ទាំងនោះ​មិន​ត្រូវ​បាន​លេង​សម្ដែង​ក្នុង​ថ្ងៃ​តែ​មួយ​នោះ​ទេ ដោយ​បំបែក​គ្នា​ធ្វើ​ឡើង​នៅ​តំបន់​ខុស​ៗ​គ្នា និង​ចែក​ថ្ងៃ​ខុស​គ្នា ។ លោក​វ៉ា​ត់ ចំរើន បាន​ថ្លែង​ថា មក​ទល់​ពេល​នេះ​ថ្នាក់ដឹកនាំ​កីឡា​ដែល​មានឈ្មោះ​ខាងលើ​បាន​ប្រឹងប្រែង​រៀបចំ​ផែនការ​ដោយ​ម៉ត់ចត់​ណាស់ ដើម្បី​ឲ្យ​ការ​សម្ដែង ឬ​ការ​ប្រកួត​នៅ​ក្នុង​កម្មវិធី​មាន​ភាព​ទាក់ទាញ​នៅ​លើ​វេទិកា។

ជាក់ស្ដែង​ដូច​ជា​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ លោក​ថា​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែមីនា គឺ​ថ្ងៃ​ទី​២ ដោយ​មាន​កីឡាករ​កម្ពុជា និង​ថៃ​ប្រកួត​គ្នា​មួយគូ​ផង​ដែរ​ចាប់ពី​ម៉ោង​៣​រហូត​ដល់​ម៉ោង​៦​ល្ងាច ។ ក្នុង​នោះ​កីឡា​ប្រភេទ​ផ្សេង​ក៏​នឹង​ត្រូវ​បាន​ចាត់ចែង​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ផង​ដែរ សម្រាប់​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ ។ លោក​និយាយ​ថា​៖ «​ឥឡូវ​​ហ្នឹង​ពួក​គាត់​(​កីឡាករ​)​ត្រៀមខ្លួន​សម្បើម​ណាស់ ព្រោះ​បុណ្យ​ទន្លេ​កាល​លើក​ទី​១​យើង​ជោគជ័យ អ​ញ្ចឹ​ង​សម្រាប់​លើក​ទី​២​គឺ​ដាច់ខាត​ត្រូវ​តែ​ធ្វើ​ឲ្យ​ល្អ​ជាង​ហ្នឹង !»​។ ក្នុង​ចំណោម​កីឡាករ​ដែល​បាន​គ្រោង​ធ្វើ​សម្រាប់​បុណ្យ​ទន្លេ​នោះ លោក​ថា​ក៏​នឹង​ផ្ដល់​ឱកាស​ឲ្យ​មហាជន​ជា​អ្នក​ទស្សនា​ចូលរួម​ផង​ដែរ ដើម្បី​ញុ​ាំ​ង​កម្មវិធី​ទាំងមូល​ឱ្យ​មាន​ភាព​សប្បាយ​រីករាយ​ផង និង​ធ្វើ​ឱ្យ​អ្នកចូលរួម​កាន់តែ​ស្រឡាញ់​កីឡា​ផង ។ លោក​ថា ដូច​ជា​កីឡា​រត់ប្រណាំង និង​ជិះ​កង់​ជាដើម​គឺ​សុទ្ធតែ​មាន​មហាជន​ចូលរួម​ទាំងអស់​សម្រាប់​បុណ្យ​ទន្លេ​ឆ្នាំ​នេះ ដោយ​រំពឹង​ថា នឹង​ច្រើន​ជាង​ឆ្នាំ​មុន​នោះ​ផង ដោយសារ​តែ​បុណ្យ​ទន្លេ​ក្នុងឆ្នាំនេះ​ត្រូវ​បាន​រៀបចំ​នៅ​២​ខេត្ត​ចូល​គ្នា ហើយ​ជា​ខេត្ត​ដែល​មាន​ពលរដ្ឋ​កុះករ និង​មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ស្រាប់ ។

លោក​វ៉ា​ត់ ចំរើន មើលឃើញ​ថា វត្តមាន​កីឡា​បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​បែប​នេះ គឺ​មិន​ត្រឹមតែ​បំផុស​ឲ្យ​មាន​អ្នក​ចង់​ទស្សនា​បុណ្យ​ទន្លេ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ធ្វើ​ឲ្យ​ប្រភេទ​កីឡា​ទាំងអស់​ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ចំណោម​ក្រសែភ្នែក​មហាជន​កាន់តែ​ច្រើន​នោះ​ផង​ដែរ ។ ជាក់ស្ដែង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​នីមួយ​ៗ គឺ​មិន​អាច​អត់​វត្តមាន​របស់​កីឡា​បាន​ទេ​ដោយសារ​តែ​ការ​ប្រកួត​កីឡា​ដែល​បាន​ធ្វើ​ឡើង គឺ​បាន​បំផុស​ឲ្យ​មានការ​ចូលរួម​ច្រើន​សម្រាប់​មហាជន ។ លោក​ទទូច​ឱ្យ​កីឡាករ​ទាំងអស់​ប្រឹង​ប្រែង​បង្កើន​សមត្ថភាព ដោយសារ​តែ​ប្រទេស​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កាន់តែ​បាន​រៀបចំ​កម្មវិធី​ថ្នាក់​ជាតិ​ដូច​ជា​កម្មវិធី​អង្គរ​សង្ក្រាន្ត កម្មវិធី​បុណ្យ​សមុទ្រ និង​បុណ្យ​ទន្លេ​ជាដើម ដែល​ជួយ​ឱ្យ​អ្នកទេសចរ​មាន​កំណើន​ខ្ពស់​នៅ​កម្ពុជា និង​ជួយ​ធ្វើ​ឲ្យ​ប្រភេទ​កីឡា​កាន់តែ​ច្រើន​មាន​ទីផ្សារ​ចេញ​សម្ដែង ឬ​ចេញ​ប្រកួត​ញឹកញាប់ ។ លោក​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ កីឡា​មិនមែន​ហាត់​ហើយ​ដេក​ចាំតែ​ការ​ប្រកួត​ថ្នាក់​ជាតិ​នោះ​ទេ ដោយ​ក្រៅពី​ត្រូវ​ត្រៀមខ្លួន​ចូល​ប្រកួត​ថ្នាក់​ជាតិ​មួយ​ឆ្នាំ​ម្ដង​ដើម្បី​ស្វែងរក​មេដាយ​ហើយ​នោះ ក៏​ត្រូវ​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ ដើម្បី​លើកមុខ​លើក​មាត់​របស់​ខ្លួន​នោះ​ផង​ដែរ ។

ជាក់ស្ដែង​ដូច​ជា​កីឡាករ​អុកចត្រង្គ និង​ល្បុក្កតោ ដែល​កាលពីមុន​មិនសូវ​មាន​ទីផ្សារ ពេល​នេះ​សឹង​មិន​មាន​ពេល​សម្រាក​នោះ​ផង បន្ទាប់​ពី​ព្រឹត្តិការណ៍​បុណ្យ​ជាតិ​ទាំង​៣​ត្រូវ​បាន​រៀបចំ​រៀង​រាល់​មួយ​ឆ្នាំ​ម្ដង ដែល​មិន​អាច​អត់​ប្រភេទ​កីឡា​ទាំង​ពីរ​នេះ​បាន ។ ក្នុង​ឆ្នាំ​បន្តបន្ទាប់ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​គ្រោង​ដាក់​ប្រភេទ​កីឡា​ឱ្យ​បាន​ច្រើន​ជាង​នេះ​បន្ថែម​ទៀត ដើម្បី​ឱ្យ​មានមុខមាត់ និង​ទីផ្សារ​នៅ​ក្នុង​ព្រឹត្តិការណ៍​កម្រិត​ជាតិ ។ លោក​ថា កាលពី​បុណ្យ​ទន្លេ​នៅ​ខេត្តក្រចេះ កីឡា​មាន​តែ​៨​ប្រភេទ​ប៉ុណ្ណោះ​ត្រូវ​បាន​រៀបចំ ប៉ុន្តែ​ឆ្នាំ​នេ​គឺ​ឡើង​ដល់​១១​ប្រភេទ​ដែល​មាន​ន័យ​ថា​កីឡា​៣​ប្រភេទ​ផ្សេង​ទៀត ត្រូវ​បាន​ដាក់​បន្ថែម​ជា​បណ្ដើរ​ៗ​ហើយ ដើម្បី​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ជួយ​ឲ្យ​ប្រភេទ​កីឡា​កាន់តែ​ច្រើន​មានការ​ងារ​ក្រៅពី​ការ​ប្រកួត​ថ្នាក់​ជាតិ ៕