កីឡាករ​កម្ពុជា​-​ថៃ​6​រូប​ណាត់ជួប​គ្នា​នៅ​លើ​សង្វៀន​ខេត្តកំពង់ចាម

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​យប់​ខានស្អែក​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ទេសចរណ៍​ជើង​ទី​៣​របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ប្រចាំឆ្នាំ​២០១៦ នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ខេត្តកំពង់ចាម​វិញ​ម្ដង ។ កីឡាករ​កម្ពុជា​៣​រូប​គឺ បឺត ខាំ​, ម៉ឺន សុភា និង​មាស ច័ន្ទ​មាន ដែល​សុទ្ធតែ​ជា​កីឡាករ​ល្អ​ៗ នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​សមត្ថភាព​មិន​ណ​យ​ដែរ​នោះ​ពិតជា​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ខ្លាំង​ជាង​វត្តមាន​របស់​គូ​អន្តរជាតិ​កាលពីមុន​ទៅ​ទៀត ។

កីឡាករ​បឺត ខាំ ជើង​ខ្លាំង​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នឹង​ត្រូវ​គេ​ឱ្យ​ស្វាគមន៍​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ណាំ ឈោ​ក ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទី​១ ។ កីឡាករ​ទាំង​ពីរ​នឹង​ឡើង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​មួយ​នេះ ​នៅ​លើ​ទឹកដី​ខេត្តកំពង់ចាម​ចាប់ពី​ម៉ោង​៨​យប់​រហូត​ដល់​ម៉ោង​១០​យប់ ថ្ងៃ​សុក្រ ​ទី​៤ មីនា ខានស្អែក ។ ការ​ប្រកួត​របស់​គូ​នេះ​ ត្រូវ​គេ​កត់​សម្គាល់ថា បាន​ទទួល​ការ​តាមដាន​ខ្ពស់​ណាស់​ពី​ក្រុម​អ្នកគាំទ្រ ដោយសារ​តែ​កីឡាករ​ថៃ​ត្រូវ​គេ​អះអាង​ថា ជា​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ ហើយ​កីឡាករ​កម្ពុជា​មានការ​ទទួលស្គាល់​យូរ​មក​ហើយ​ថា​មិន​ណ​យ ចាប់តាំងពី​បាន​ត្រឡប់​មក​កាន់​សង្វៀន​ប្រដាល់វិញ ។ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​បាន​អះអាង​ថា នៅ​ក្នុង​ប្រទេស​ថៃ​កីឡាករ ណាំ ឈោ​ក ធ្លាប់​ផ្ដួល​កីឡាករ​ល្អ​នៅ​លើ​សង្វៀន​ច្រើន​ណាស់ ដោយ​កេរ្តិ៍ឈ្មោះ​របស់​គេ​ក៏​ត្រូវ​ស្ថានីយទូរទស្សន៍​នៅ​ក្នុង​ទីក្រុង​បាងកក ផ្ដល់​រហស្សនាម​ថា ជា​កីឡាករ​ដែល​មាន​ប្រជាប្រិយភាព​ព្រោះតែ​ការ​ឡើង​ប្រកួត​កម្រ​ផ្ដល់​ឱកាស​ឱ្យ​ដៃគូ​គេច​ផុត​ពី​ការ​បរាជ័យ​។ ការ​ប្រកួត​របស់​គេ​ជាមួយ​បឺត ខាំ យប់​ខានស្អែក មាន​អ្នក​ស្នេហា​ប្រដាល់​មិន​តិច​នោះ​ទេ​ រង់ចាំ​ឃ្លាំមើល និង​ចង់​ដឹង​ថា អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់​ក្រោយ​បញ្ចប់​ការ​ប្រកួត ។

យ៉ាងណា​ក៏​ដោយ​មានការ​ប៉ាន់​ស្មានថា កីឡាករ​ថៃ​ទំនង​មិន​អាច​វាយ​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុជា​បាន​ទេ ដោយសារ​បឺត ខាំ ក្រៅពី​ជា​កីឡាករ​លំដាប់​ជួរ​មុខ​សម្រាប់​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម គាត់​ក៏​ជា​គ្រូបង្វឹក​ដែល​មាន​ស្នាដៃ​ម្នាក់​ដែរ ។ កីឡាករ ណាំ ឈោ​ក ធ្លាប់​ប្រកួត​បាន​៩៩​លើក ឈ្នះ​៧៩​លើក ចាញ់​១៦​លើក និង​ស្មើ​៤​លើក ដោយ​ការ​ប្រកួត​របស់​គេ​កន្លង​មក គឺ​គេ​ល្អ​ត្រង់​ម៉ាត់ និង​ទាត់​ឆ្វេង​ស្ដាំ​។ ភាគី​អ្នកគាំទ្រ​នៅ​តែ​ទុកចិត្ត​លើ​កីឡាករ​កម្ពុជា​ដោយសារ​តែ​ជើង​ខ្លាំង​រូប​នេះ ទាំង​កម្លាំង​ស៊ុ​ហ្វ និង​បច្ចេកទេស​គឺ​ល្អ​រស់​រវើក​ទាំង​ព្រម ។ សំអាង​លើ​ប្រវត្តិ​ធ្លាប់​ប្រកួត​បាន​ដល់​២៦៤​លើក ឈ្នះ​២៥១​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក  អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ច្រើន​ថា​កីឡាករ​បឺត ខាំ នឹង​ស្ពាយ​ជ័យជម្នះ​ពី​កំពង់ចាម​ត្រឡប់​មក​ភ្នំពេញ​វិញ​មិន​ខាន ។

កីឡាករ​ម៉ឺន សុភា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នឹង​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភិ​ច ប៊ុ​ន​ជុង ក្នុង​នាម​ជា​គូ​អន្តរជាតិ​ទី​២​នៅ​លើ​សង្វៀន ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ច្រើន​លើក​មក​ហើយ ដោយ​ការ​ប្រកួត​របស់​គេ គឺ​ទោះជា​មាន​លទ្ធផល​អាក្រក់​ខ្លះ​នៅ​ក្រោយ​ពេល​ប្រកួត​ចប់​ក៏​ដោយ ក៏​លទ្ធផល​ថ្វីដៃ​ដែល​បាន​បង្ហាញ​ឡើង​មិនធម្មតា ។ កីឡាករ ភិ​ច ប៊ុ​ន​ជុង គឺជា​សមាសភាព​ថៃ​ដែល​មាន​អ្នក​ស្នេហា​ការ​ប្រដាល់​នៅ​កម្ពុជា​ទទួលស្គាល់​សមត្ថ​ភាព​មិន​អន់​ជាង​ម៉ឺន សុភា នោះ​ឡើយ ដោយ​អាច​និយាយ​បាន​ថា អ្នក​ទាំង​ពីរ​មាន​ថ្វីដៃ​នៅ​លើ​រេញ​មិន​ចាញ់​គ្នា​នោះ​ផង ។ គូ​នេះ គេ​មិន​ហ៊ាន​ធានា​ថា​កីឡាករ​កម្ពុជា ឬ​កីឡាករ​ថៃ នឹង​ឈ្នះ​នោះ​ទេ ដោយ​ម្នាក់​ៗ​បាន​ទទូច​រង់ចាំ​មើល​ភាព​ជាក់ស្ដែង​នៅ​លើ​សង្វៀន​យប់​ស្អែក​ច្រើន​ជាង​។

យ៉ាងណា​ក៏​ដោយ គេ​នៅ​តែ​ទុកចិត្ត​ចំពោះ​កីឡាករ​កម្ពុជា​ក្នុង​កម្រិត​ច្រើន​ជាង ដោយសារ​តែ ម៉ឺន សុភា ឡើង​ប្រកួត​លើក​ណា​ក៏​សឹង​មិន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ខកចិត្ត ។ ការ​ប្រកួត​គូ​នេះ មានការ​ប៉ាន់​ស្មានថា នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ទេសចរណ៍​នៅ​ខេត្តកំពង់ចាម​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​លើក​នេះ​មិន​ខាន​។ កីឡាករ​ភិ​ច ប៊ុ​ន​ជុង ធ្លាប់​ប្រកួត​១០៩​លើក ឈ្នះ​៨៩​លើក ចាញ់​១៦​លើក និង​ស្មើ​៤​លើក ខណៈ​ដែល​កីឡាករ​កម្ពុជា ម៉ឺន សុភា ធ្លាប់​ប្រកួត​បាន​៨៦​លើក ឈ្នះ​៧៤​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។ ទោះបី​តួលេខ​ប្រកួត​តិច​ជាង​កីឡាករ​ថៃ​បន្តិច​មែន ប៉ុន្តែស​ន្ទ​ស្សន៍​នៃ​ការ​ព្យាករ​មាន​ទំនុកចិត្ត​លើ​កីឡាករ​កម្ពុជា​ច្រើន​ជាង​។

គូ​អន្តរជាតិ​មួយទៀត គឺជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជាមួយនឹង​កីឡាករ​ថៃ​ឈ្មោះ ហ្វា ផា​យ៉ាក់ ដែល​គូ​នេះ​ក៏​មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ដែរ ។ កីឡាករ​ថៃ​គូ​នេះ ធ្លាប់​ប្រកួត​បាន​៩៩​លើក ឈ្នះ​៧៤​លើក ចាញ់​២៤​លើក និង​ស្មើ​១​លើក ខណៈ​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​១១៧​លើក ឈ្នះ​៩៤​លើក និង​ចាញ់​២៣​លើក គឺ​ច្រើន​ជាង​គូប្រកួត ។ យ៉ាងណា​ក៏​ដោយ​គេ​ចាត់​ទុក​ថា កីឡាករ​មាស ច័ន្ទ​មាន ទំនង​មិន​ងាយ​ស៊ី​កីឡាករ​ថៃ​ដោយ​ស្រួល​នោះ​ទេ ដោយសារ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​របស់​គេ​ក៏​មិនសូវ​នឹង​ដៃ ហើយ​កីឡាករ​ថៃ ហ្វា ផា​យ៉ាក់ ក៏​មាន​ថ្វីដៃ​មុត​ស្រួច ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ការ​បើក​សង្វៀន​ប្រកួត​នៅ​ខេត្តកំពង់ចាម យប់​ស្អែក គឺជា​ការ​ចាប់ផ្ដើម​លើក​ទី​៣ សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ទេសចរណ៍​ដែល​រៀបចំ​ធ្វើ​ឡើង​ក្នុង​ឆ្នាំ​២០១៦ ។ ក្រៅពី​ការ​ប្រកួត​របស់​គូ​អន្តរជាតិ​ទាំង​៣​គូ ក៏​មាន​កីឡាករ​កម្រិត​ជាតិ​ប្រកួត​គ្នា​ចំនួន​៤​គូ​ផង​ដែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ។ លោក​នៅ​តែ​រំពឹង​ខ្ពស់​ចំពោះ​សន្ទុះ​គាំទ្រ​បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​នៅ​ខេត្ត​រតនគីរី និង​ខេត្តសៀមរាប​ទទួល​បានការ​គាំទ្រ​យ៉ាង​ពេញទំហឹង ។ ព្រឹត្តិការណ៍​នេះ​លោក​ថា នឹង​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​១០​យប់ ដោយ​ព្រឹត្តិការណ៍​ប្រដាល់​គឺ​បើក​ឱ្យ​ទស្សនា​ដោយ​សេរី​មិន​មាន​លក់​សំបុត្រ​នោះ​ឡើយ ៕