វ៉ា​ត់ ចំរើន បង្ហាញ​លម្អិត​ពី​ព្រឹត្តិការណ៍​កីឡា​នៅ​បុណ្យ​ទន្លេ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​សុក្រ​ទី​១១ មីនា ខានស្អែក​នេះ ប្រទេស​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​២​ នៅ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។ ក្រៅពី​មានការ​តាំង​ពិ​ព​រ័​ណ៍ និង​ការ​សម្ដែង​សិល្បៈ​ទ្រង់ទ្រាយ​ធំ ក៏​មានការ​បង្ហាញ កីឡា​ចំនួន​១១​ប្រភេទ​ផង​ដែរ ដែល​លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​ជា​អ្នក​រៀបចំ​ដោយ​ផ្ទាល់ បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះ​។

វ៉ា​ត់ ចំរើន បង្ហាញ​លម្អិត​ពី​ព្រឹត្តិការណ៍​កីឡា​នៅ​បុណ្យ​ទន្លេ

 

ក្នុង​បទ​សម្ភាសន៍​ដោយ​ផ្ទាល់​ជាមួយនឹង​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្ដិភាព លោក វ៉ា​ត់ ចំរើន បាន​អះអាង​ថា កីឡា​ទាំង​១១​ប្រភេទ​ដែល​នឹង​ចូលរួម​ក្នុង​បុណ្យ​ទន្លេ​ថ្ងៃខាន​ស្អែក នឹង​ត្រូវ​រៀបចំ​នៅ​ក្នុង​បរិវេណ​ក្រុង​សួង ទីរួមខេត្ត​កំពង់ចាម​ប៉ុណ្ណោះ ខណៈ​ដែល​ការ​រៀបចំ​ក៏​ធ្វើ​ឲ្យ​ខុស​ម៉ោង​ពេល​គ្នា ដើម្បី​ទាក់ទាញ​អ្នក​ទស្សនា​។ កម្មវិធី​កីឡា​ទាំង​នោះ​ត្រូវ​បាន​ចែក​ចេញ​ជា​២​ប្រភេទ គឺ​កីឡា​សម្រាប់​មហាជន និង​កីឡា​សម្រាប់​អ្នកជំនាញ ។ យ៉ាងណា​ក៏​ដោយនៅ​ក្នុង​ចំណោម​នោះ​ក៏​ត្រូវ​បែងចែក​ជា​២​ប្រភេទ​ផ្សេង​ទៀត គឺ​កីឡា​សម្រាប់​គ្រាន់តែ​សម្ដែង និង​សម្រាប់​ប្រកួតប្រជែង​យក​ប្រាក់​រង្វាន់ ក៏​ដូច​ជា​មេដាយ ។ កីឡា​ទាំងនោះ មិន​ត្រូវ​បាន​ចាត់​ឲ្យ​លេង​នៅ​លើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ សូ​ម្បី​តែ​មួយ​​ប្រភេទ​កីឡា​ដោយសារ​តែ​យល់​ឃើញ​ថា​ ទីតាំង​បុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ចាម នឹង​ទាក់ទាញ​អ្នក​ទស្សនា​ច្រើន​ជាង ហើយ​ទីលាន​សម្រាប់​ការ​រៀបចំ​ក៏​មាន​ភាព​អំណោយ​ផល​។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ប្រភេទ​កីឡា​បើក​ឆាក​សម្រាប់​ថ្ងៃ​សុក្រ​ទី​១១ មីនា ខាន​ស្អែក គឺ​មាន​៦​ប្រភេទ​កីឡា​រួម​មាន ការ​រត់ប្រណាំង​មហាជន ការ​ប្រកួត​បាល់ទះ ការ​ប្រកួត​ហែល​ទឹក​ (​មហាជន​) កីឡា​អុកចត្រង្គ ឆត្រយោង និង​កីឡា​សី​ស្លាប​-​សីដក់ ។  លោក​ថា ការ​ប្រកួត​បាល់ទះ គឺ​ត្រូវ​បើក​ឆាក​ប្រកួតប្រជែង​ពី​សំណាក់​ក្រុម​ជម្រើស​ជាតិ​៥​ក្រុម​តាំងពី​ថ្ងៃ​ទី​១០ មីនា នេះ​ម្ល៉េះ នៅ​ចន្លោះ​ម៉ោង​៨​ដល់​ម៉ោង​១១​ព្រឹក និង​ពី​ម៉ោង​៣​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​នៅ​សាល​កីឡាបាល់ទះ​ខេត្តកំពង់ចាម ដើម្បី​ឲ្យ​បាន​ចប់​ទាំងស្រុង​នៅ​ថ្ងៃ​ទី​១៣ មីនា ក្នុង​ថ្ងៃ​បញ្ចប់​បុណ្យ​ទន្លេ ។

 

វ៉ា​ត់ ចំរើន បង្ហាញ​លម្អិត​ពី​ព្រឹត្តិការណ៍​កីឡា​នៅ​បុណ្យ​ទន្លេ

ការ​ប្រកួត​រត់ប្រណាំង​មហាជន​លោក​ថា ​មានការ​រត់​ចំនួន​២​ប្រភេទ ​គឺ​ចម្ងាយ​៣​គីឡូម៉ែត្រ និង​៥​គីឡូម៉ែត្រ​ដោយ​អ្នកចូលរួម​សុទ្ធតែ​ជា​សិស្ស និង​មហាជន​ទាំងអស់​មក​ពី​ខេត្ត​ត្បួ​ង​ឃ្មុំ និង​ខេត្តកំពង់ចាម ចាប់ផ្ដើម​នៅ​វេលា​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៩​ព្រឹក នៅ​មុខ​សាលាខេត្ត​កំពង់​ចាម។ ចំពោះ​ការ​ប្រកួត​អុកចត្រង្គ​លោក​ថា មានការ​ចូលរួម​ដោយ​កីឡាករ​ជំនាញ​ៗ​ប្រមាណ​ពី​៣០​ទៅ​៤០​នាក់ មក​ពី​ខេត្តកំពង់ចាម និង​ត្បូងឃ្មុំ  ដោយ​ការ​ប្រកួត​មាន​រយៈ​ពេល​៣​ថ្ងៃ នៅ​ចន្លោះ​ម៉ោង​៣​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច នៅ​ទីលាន​ខាងក្រោយ​មន្ទីរ​វប្បធម៌​ទល់មុខ​ផ្សារ​រាត្រី​។ សម្រាប់​ការ​ប្រកួត​ហែល​ទឹក ក៏​ត្រូវ​បាន​បើក​ឆាក​នៅ​ថ្ងៃ​ខាន​ស្អែក​ផង​ដែរ ដោយ​អ្នកចូលរួម​សុទ្ធតែ​ជា​មហាជន និង​សិស្ស​សាលា​ទាំងអស់ មក​ពី​ខេត្ត​ទាំង​ពីរ ដោយ​ការ​ប្រកួត​ទៀត​សោត​គឺ​មិន​មាន​កំណត់​វិញ្ញាសា​នោះ​ទេ សំខាន់​ឲ្យ​តែ​ហែល​បាន​ដល់​គោលដៅ​មុនគេ និង​ឈាន​ដល់​វគ្គ​ជម្រុះ​ចុង​ក្រោយ​នឹង​ទទួល​បាន​ចំណាត់ថ្នាក់​។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​អាង​ហែល​ទឹក​តេ​ជោ​សែន​ខេត្តកំពង់ចាម ចាប់ពី​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០ និង​ពី​ម៉ោង​៤​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ​នៅ​ថ្ងៃ​ទី​១១ និង​ទី​១២ ខែ​មីនា​។ ដោយឡែក​សម្រាប់​ការ​បង្ហោះ​ឆត្រយោង និង​ការ​ប្រកួត​សី​ស្លាប​-​សីដក់ លោក​ថា ​នឹង​ត្រូវ​បើក​ឆាក​នៅ​ថ្ងៃខានស្អែក​ដូច​គ្នា ប៉ុន្តែ​បង្ហាញ​រយៈពេល​ពេញ​៣​ថ្ងៃ ដោយ​ឆត្រ​យោង​ចំនួន​៥​ឆត្រ​នឹង​ត្រូវ​សម្ដែង​ចាប់ផ្ដើម​ពី​ម៉ោង​៣​រសៀល​ដល់​ម៉ោង​៦​ល្ងាច និង​ការ​ប្រកួត​សី​ស្លាប​-​សីដក់ ធ្វើ​នៅ​ចន្លោះ​ម៉ោង​ស្របគ្នា នៅ​ទីលាន​ក្រោយ​មន្ទីរ​វប្បធម៌​ទល់​មុខ​ផ្សារ​រាត្រី​។

សម្រាប់​កីឡា​ចំនួន​៥​ប្រភេទ​ទៀត លោក​វ៉ា​ត់ ចំរើន បញ្ជាក់​ថា រួម​មាន​កីឡា​ចំបាប់​បុរាណ​មហាជន កីឡា​ទូកក្ដោង ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ កីឡា​សម្ដែង​លើ​ទឹក និង​ទូកប្រណាំង​ប្រពៃណី គឺ​នឹង​ត្រូវ​ផ្ដើម​លេង​ចាប់ពី​ថ្ងៃ​ទី​១២ មីនា ទាំងអស់ នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ ។ ការ​ប្រកួត​ចំបាប់​បែប​បុរាណ​របស់​មហាជន​ត្រូវ​រៀបចំ​ឡើង​នៅ​ចន្លោះ​ម៉ោង​៤ ដល់​ម៉ោង​៦​ល្ងាច​នៅ​ទីលាន​ក្រោយ​មន្ទីរ​វប្បធម៌​ទល់មុខ​ផ្សារ​រាត្រី គឺ​ធ្វើ​រយៈពេល​ពេញ​២​ថ្ងៃ​ចុង​ក្រោយ និង​កីឡា​ប្រណាំង​ទូកក្ដោង​ធ្វើ​នៅ​ចន្លោះ​ម៉ោង​៤ ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​២​ថ្ងៃ​ចុង​ក្រោយ​ដូច​គ្នា នៅ​រូបសំណាក​កំពង់​រង់ចាំ​ក្នុង​ខេត្តកំពង់ចាម ។ សម្រាប់​ការ​ប្រកួត​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ត្រូវ​បាន​រៀបចំ​តែ​រយៈពេល​មួយ​លើក​ប៉ុណ្ណោះ ​នៅ​ក្នុង​បុណ្យ​ទន្លេ គឺ​ថ្ងៃ​ទី​១២ មីនា ចាប់ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច នៅ​ទីលាន​ខាងក្រោយ​មន្ទីរ​វប្បធម៌​ទល់មុខ​ផ្សារ​រាត្រី ។ កីឡា​សម្ដែង​លើ​ទឹក លោក​ថា​ធ្វើ​ឡើង​នៅ​រូបសំណាក​កំពង់​រង់ចាំ​ដូច​គ្នា ចាប់ពី​ម៉ោង​៤​ដល់​ម៉ោង​៦​ល្ងាច ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​។ សម្រាប់​កីឡា​ចុង​ក្រោយ​គឺ​ការ​ប្រណាំងទូក​ប្រពៃណី​ (​ខ្នាត​តូច) ក៏​នឹង​ត្រូវ​រៀបចំ​នៅ​ក្នុង​ទន្លេ​នៅ​រូបសំណាក​កំពង់​រង់ចាំ​ផង​ដែរ ដោយ​មាន​ទូកប្រណាំង​ចំនួន​២០​ទូក​មក​ពី​ខេត្តកំពង់ចាម និង​ត្បួ​ង​ឃ្មុំ​ប្រកួត​គ្នា​ពេញ​២​ថ្ងៃ​ចុង​ក្រោយ ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១១​ព្រឹក និង​ចាប់ពី​ម៉ោង​៣​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ។

លោក វ៉ា​ត់ ចំរើន បន្ថែម​ថា ព្រឹត្តិការណ៍​កីឡា​ភាគច្រើន​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​តែ​នៅ​ទីលាន​ទល់មុខ​ផ្សារ​រាត្រី និង​ត្រង់​រូបសំណាក​កំពង់​រង់ចាំ​ប៉ុណ្ណោះ ដោយសារ​តែ​ទីតាំង​នោះ​ជា​ចំណុចកណ្ដាល​នៃ​ការ​រៀបចំ​បុណ្យ​ទន្លេ​សម្រាប់​ឆ្នាំ​នេះ​។ ប៉ុន្តែ​នៅ​ខេត្ត​ត្បូងឃ្មុំ បើ​ទោះ​មាន​ព្រឹត្តិការណ៍​កីឡា​នៅ​ទីនោះ ក៏​មានការ​ប្រគំ​តន្ត្រី ការ​រៀបចំ​ល្បែង​កម្សាន្ត និង​ការ​រៀប​ទីតាំង​កម្សាន្ត​ឲ្យ​មាន​ភាព​ទាក់ទាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​ផង​ដែរ​។ លោក​អះអាង​ថា ដើម្បី​ឲ្យ​ការ​ដើរ​កម្សាន្ត​នៅ​បុណ្យ​ទន្លេ​លើក​ទី​២​ចាប់ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ មីនា​ទទួល​បាន​ភាព​ទាក់ទាញ គឺ​លុះត្រាតែ​ដឹង​នូវ​តារាង​កម្មវិធី​នៃ​ការ​បង្ហាញ​ជូន​នូវ​ព្រឹត្តិការណ៍​នីមួយ​ៗ និង​ទីតាំង​រៀបចំ​ឲ្យ​បាន​ច្បាស់លាស់​។ ក្នុង​នោះ​ក្នុង​នាម​ជា​គណៈកម្មការ​រៀបចំ​ក៏​នឹង​ធ្វើការ​ប្រកាស​ឲ្យ​ដឹង​ពី​តារាង​កម្មវិធី​ដើម្បី​ឲ្យ​ងាយស្រួល​សម្រាប់​ការ​ទស្សនា​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ​។ ព្រឹត្តិការណ៍​នេះ ក៏​នឹង​មានការ​ផ្សព្វផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន​ផង​ដែរ​ពេញ​រយៈពេល​ទាំង​៣​ថ្ងៃ​៕