កម្ពុជា​ត្រៀម​បញ្ជូន​កីឡា​5​ប្រភេទ​ទៅ​ចូលរួម​ប្រកួត​កីឡា​សុច្ឆន្ទៈ​ទន្លេមេគង្គ​លើក​ទី​12​នៅ​ប្រទេស​ថៃ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​នេះ កម្ពុជា​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ​ក្នុង​ការ​បញ្ជូន​ប្រតិភូ​កីឡា​ចំនួន​៥​ប្រភេទ​មាន​បាល់ទាត់​, សី​ប៉ា​ក់តា​ក្រ​, វាយ​សី​, វាយ​កូន​ឃ្លី​លើ​តុ និង​ប៉េតង់ ទៅ​ចូលរួម​ប្រកួត​កីឡា​សុច្ឆន្ទៈ​ទន្លេមេគង្គ​លើក​ទី​១២​នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ ដែល​មាន​បណ្ដា​ប្រទេស​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​ចំនួន​៦​ចូលរួម​គឺ​កម្ពុជា​, វៀតណាម​, ឡាវ​, ថៃ​, មី​យ៉ា​ន់​ម៉ា និង​ប្រទេស​ចិន ។

លោក​ឧត្តមសេនីយ៍ ជាម សុភា អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២០​ដល់​២៦​ឧសភា នៅ​ខេត្ត​ឈៀង​រ៉ៃ ប្រទេស​ថៃ ។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​បញ្ជូន​វិញ្ញាសា​កីឡា​វាយ​សី​ទៅ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ ។ សម្រាប់​ប្រភេទ​កីឡា​វាយ​សី កម្ពុជា​នឹង​លេង​លើ​វិញ្ញាសា​វាយ​គូ​បុរស -​នារី វាយ​ទោល​បុរស​-​នារី និង​ប្រកួត​វាយ​គូ​ចម្រុះ ។ ពេល​នេះ​សហព័ន្ធ​កីឡា​វាយ​សី​ក៏​ដូច ជា​សហព័ន្ធ​កីឡា​ដទៃ​ទៀត បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​អស់ហើយ គឺ​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ជា​ពិសេស​ប្រភេទ​កីឡា​វាយ​សី​តែ​ម្ដង ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​លោក​ឧត្តមសេនីយ៍ លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ។

លោក​ឧត្តមសេនីយ៍ ជាម សុភា បានឱ្យ​ដឹង​ទៀត​ថា ការ​ហ្វឹកហាត់​ក្នុង​មួយ​ថ្ងៃ​២​ពេល​គឺ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៩​ដល់​ម៉ោង​១១​និង​៣០​នាទី និង​ពេល​រសៀល​ចាប់ពី​ម៉ោង​១​ដល់​ម៉ោង​២​និង​៣០​នាទី ។ ចំណែក​អត្ត​ព​លិ​ក​ដែល​មានឈ្មោះ​ត្រូវ​ទៅ​ចូលរួម​ប្រកួត​មាន​ចំនួន​៨​រូប ក្នុង​នោះ​កីឡាករ​មាន ទេព ច័ន្ទ​ម៉ា​រ៉ា​, យ៉ា​ន កុសល​, វ៉ា​ន់ សៅ​មុន្នី និង ចេ​ង ភារ​ម្យ និង​កីឡាការិនី​មាន លឹ​ម គឹ​ម​ហួយ​, កែវ ពេជ្រ​ឆ​រ៉ា​វី​, ឆួ​ន ឆៃ​រី និង​អ៊ុ​ង វ​ល័​ក្ខ​ទេវី ។ ចំណែក​អ្នក​ដែល​ត្រូវ​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​កម្ពុជា​ទៅ​ចូលរួម​ប្រកួត គឺ​រូប​លោក​រួម​ជាមួយនឹង​គ្រូបង្វឹក​មួយ​រូប​ទៀត គឺ​លោក ដែង ទិ​ត្យរ​ស្មី ។

បើ​តាម​ការ​ឱ្យ​ដឹង ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​បញ្ជូន​កីឡាករ​៣​រូប និង​កីឡាការិនី​៣​រូប ប្រកួត​លើ​វិញ្ញាសា​វាយ​គូ​បុរស​-​នារី និង​ប្រកួត​វាយ​ទោល​-​បុរស​នារី ។ ប្រភេទ​កីឡា​ប៉េតង់ បញ្ជូន​កីឡាករ​៣​រូប និង​កីឡាការិនី​៣​រូប ប្រកួត​លើ​វិញ្ញាសា​វាយ​ទោល​បុរស​-​នារី ប្រកួត​វាយ​គូ​បុរស​-​នារី និង​ប្រកួត​វាយ​គូ​ចម្រុះ ។ ចំណែក​ប្រភេទ​កីឡា​សី​ប៉ាក់​តា​ក្រ​បញ្ជូន​កីឡាករ​៥​រូប​ទៅ​ចូលរួម​ប្រកួត ៕