ខេមរៈ សិរីមន្ត​បញ្ជាក់​ថា ខេមរៈ ស្រី​ពៅ មាន​ជំងឺ​តែ​មិនមែន​បញ្ហា​ស្បែក

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត បាន​ចេញ​មុខ​បកស្រាយ​ទាក់ទិន​ព័ត៌មាន​ថា ប្អូនស្រី​របស់​លោក កញ្ញា​ខេមរៈ ស្រី​ពៅ មាន​ប្រតិកម្ម​ស្បែក​ធ្ងន់​ដោយសារ​ប្រើ​ឡេ ។ ខេមរៈ សិរីមន្ត បញ្ជាក់​ថា ប្អូនស្រី​របស់​លោក​មាន​ជំងឺ​មែន ប៉ុន្តែ​មិនមែន​ជំងឺ​ស្បែក​ដូច​ការ​លើក​ឡើង​ទេ ។

ការ​ចេញ​មុខ​បកស្រាយ​ពី​លោក​ខេមរៈ សិរីមន្ត នេះ​បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ការ​បាត់​មុខ​នៅ​សង្គម​សិល្បៈ​របស់​ខេមរៈ ស្រី​ពៅ មក​ពី​នាង​មាន​ជំងឺ​ធ្ងន់​ដោយសារ​ប្រើ​ឡេ​លាប​ស្បែក ហើយ​ប្រតិកម្ម​រហូត​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ ។ ព័ត៌មាន​មួយ​នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ពី​មហាជន ក៏​ដូច​ជា​ប្រិ​យ​មិត្ត​ដែល​គាំទ្រ​នាង ។ ជា​ថ្មី​ម្តងទៀត​បន្ទាប់​ពី​លោក​ខេមរៈ ភា​រុណ ជា​បងប្រុស​របស់​ខេមរៈ ស្រី​ពៅ បញ្ជាក់​រួច​ហើយ​នោះ តារាចម្រៀង​លោក​ខេមរៈ សិរីមន្ត បាន​ចេញ​វី​ដេ​អូ​ឃ្លី​ប​មួយ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​បកស្រាយ​បញ្ជាក់​ពី​ប្អូនស្រី​របស់​លោក ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​រយៈពេល​ជាង​៨​នាទី​លោក​ខេមរៈ សិរីមន្ត អះអាង​ថា «​ខ្ញុំ​សារភាព​ថា​ប្អូនស្រី​របស់ខ្ញុំ​ពិតជា​មាន​បញ្ហា​សុខភាព​មែន ប៉ុន្តែ​មិនមែន​បញ្ហា​សុខភាព​ស្បែក​នោះ​ទេ​គឺ​បញ្ហា​សុខភាព​បំពង់​សំឡេង​ដែល​ធ្វើ​ឲ្យ​នាង​មិន​អាច​បកស្រាយ​ចម្រៀង​បាន និង​បញ្ហា​សុខភាព​ពោះវៀន ក្រពះ​ឯណោះ​វិញ​ទេ ។ ប៉ុន្តែ​យើង​កំពុង​តែ​បន្ត​ការ​ព្យាបាល​នៅ​ប្រទេស​ថៃ​ដោយ​ល្អិតល្អន់​ដើម្បី​ឲ្យ​នាង​បាន​ធូរស្បើយ និង​ជា​សះស្បើយ​ឡើង​វិញ ដើម្បី​សម្តែង​ជូន​អ៊ំ ពូ មីង​នា​ពេល​ខាង​មុខ ។

កន្លង​មក​បងប្រុស​របស់ខ្ញុំ​បាន​ព្យាយាម​លាក់បាំង​ពី​អាការ​ជំងឺ​ប្អូនស្រី​របស់ខ្ញុំ​នោះ គឺ​ដោយសារ​តែ​គាត់​ខ្លាច​ប៉ះពាល់​ដល់​សតិអារម្មណ៍​បងប្អូន​អ្នកគាំទ្រ ខ្លាច​ពួក​គាត់​មានការ​ព្រួយបារម្ភ ។ ប៉ុន្តែ​សំណួរ​ដែល​សួរនាំ​ពី​បញ្ហា​ស្បែក​នោះ​គឺ​មិន​អាច​ឆ្លើយ​បាន ព្រោះ​វា​បាន​វ៉ៃ​ប្រហារ​ដល់​ទឹកចិត្ត​គាត់​ខ្លាំង​ណាស់ ព្រោះ​រាល់​សំណួរ​ដែល​បាន​សួរ​នោះ មិន​ចំ​ទៅ​នឹង​បញ្ហា​សុខភាព​ដែល​ប្អូនស្រី​របស់ខ្ញុំ​កំពុង​តែ​ជួប​ប្រទះ​នេះ ។

ខ្លះ​មានការ​លើក​ឡើង​ថា ប្អូនស្រី​របស់ខ្ញុំ​ភ្លើតភ្លើន​ចង់​ស​លឿន ទើប​ប្រើ​ឡេ ដែល​ការ​លើក​ឡើង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ប្អូនស្រី​ខ្ញុំ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ខ្ញុំ​ទាំងមូល​ផង​ដែរ ។ ខ្ញុំ​ចង់​បញ្ជាក់​ថា ប្រសិនបើ​មាន​បញ្ហា​បែប​នោះ​មែន ខ្ញុំ​នឹង​មិន​ឲ្យ​គ្លីនិក និង​ផលិតផល​ទាំងនោះ​អាច​តាំង​លក់​នៅ​លើ​ទីផ្សារ​បាន​ទៀត​ទេ ខ្ញុំ​នឹង​មិន​បណ្តោយ​​ឲ្យ​ផលិតផល​ទាំងនោះ​ទៅ​បំផ្លាញ​សុខភាព​កូនចៅ​អ៊ំ ពូ មីង បាន​ទៀត​ឡើយ ។ ខ្ញុំ​នឹង​បង្ហាញ​ផលិតផល​នោះ​ជា​សា​ធារ​ណះ​ឲ្យ​បងប្អូន​បានឃើញ មិន​ឲ្យ​ផលិត​ផល​នោះ​ចរាចរ​ជា​សាធារណៈ​បាន​ទៀត​ទេ ប៉ុន្តែ​វា​មិនមែន គឺ​ទាក់ទង​ទៅ​នឹង​ជំងឺ​នៅ​ក្នុង​ខ្លួន​របស់​នាង​ទៅ​វិញ​ទេ ដែល​មនុស្ស​ទូទៅ​តែងតែមាន​ជំងឺ​បែប​នេះ​» ។

លោក ខេមរៈ សិរីមន្ត បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​ដែល​តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​ក្រុម​គ្រួសារ​របស់​លោក ជា​ពិសេស​ប្អូនស្រី​របស់​លោក​ខេមរៈ ស្រី​ពៅ ។ នៅ​ពេល​ប្អូនស្រី​របស់​លោក​បាន​ធូរស្បើយ​ពី​ជំងឺ​ហើយ​នោះ លោក​នឹង​បញ្ជាក​លម្អិត​បន្ថែម​ទៀត ពី​ស្ថានភាព​របស់​នាង ៕