ចំណងមិត្តភាព​រវាង​លី មីន​ហូ និង​ស៊ូ​ស៊ី រឹង​មាំ

កំលោះ​សង្ហា​លី មីន​ហូ និង​សមាជិក​ក្រុម​ចម្រៀង Miss A នាង​ស៊ូ​ស៊ី ត្រូវ​សារព័ត៌មាន​ចុះ​ផ្សាយ​ថា ចំណងទាក់ទង​របស់​ពួក​គេ​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ហើយ ក្រោយ​ពី​ពួក​គេ​ស្និទ្ធស្នាល​នឹង​គ្នា​តាំងពី​ដើមឆ្នាំ​២០១៥ មក​ម៉្លេះ ។

តារា​សម្តែង ចម្រៀង និង​ម៉ូ​ដែល​វ័យ​២៨​ឆ្នាំ លី មីន​ហូ និង​តារាចម្រៀង​ក្នុង​ក្រុម​នារី Miss A នាង​ប៊ែ ស៊ូ​ស៊ី វ័យ​២១​ឆ្នាំ តែងតែ​បង្ហាញ​វត្ត​មាននៅ​ទី​សាធារណៈ និង​ក្នុង​ពិភព​សិល្បៈ​ជាមួយ​គ្នា ។ ពួក​គេ​ធ្លាប់​ញ៉ាំ​អាហារ​តែ​ពីរ​នាក់​ក្នុង​ភោជនីយដ្ឋាន​ដែល​សកម្មភាព​អស់ទាំង​នេះ​ធ្វើ​ឱ្យ​សង្គម​សិល្បៈ​ចាប់អារម្មណ៍​ខ្លាំង ។

បច្ចុប្បន្ន​នេះ​អ្នក​ទាំង​ពីរ​មមាញឹក​ជាមួយនឹង​ការងារ​សម្តែង​ភាពយន្ត តែ​អ្នកគាំទ្រ​របស់​ពួក​គេ​ទាំង​ពីរ​មិន​ជំទាស់​នឹង​មិត្តភាព​ដែល​នឹង​ឈាន​ដល់​ចំណង​ស្នេហ៍​មួយ​នេះ​ទេ ។ ការ​ស្និទ្ធស្នាល​រវាង​លោក​លី មីន​ហូ និង​នាង​ប៊ែ ស៊ូ​ស៊ី តែងតែ​ចុះ​ផ្សាយ​លើ​ទំព័រ​សិល្បៈ​ជា រឿយ​ៗ ពោល​គឺ​ចាប់តាំងពី​ពួក​គេ​កាន់​ដៃ​បណ្តើរគ្នា​មក​ម៉្លេះ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ពួក​គេ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​ថា ជា​ចំណងមិត្តភាព ឬ​ចំណង​ស្នេហ៍​ទេ ផ្ទុយ​ស្រឡះ​ពី​តារាចម្រៀង​លី​យ៉ុ​ង ជេ បាន​ប្រកាស​ពី​ចំណង​ស្នេហ៍​ជាមួយ​នាង​គី​ម តែ​ហេ ៕