តារាចម្រៀង​តៃវ៉ាន់ Nicky Wu និង Celicia Liu រៀប​ការ​ខែ​ក្រោយ​លើ​កោះ​បាលី

គេហទំព័រ Jayne Stars ឱ្យ​ដឹង​ថា​តារា​សម្តែង និង​ចម្រៀង​តៃវ៉ាន់​លោក Nicky Wu នឹង​រៀបចំ​ពិធី​មង្គលការ​ជាមួយ​តារា​សម្តែង និង​ជា​អ្នក​រាំ​របាំ​បា​ឡេ​ជនជាតិ​ចិន​នាង Liu Shishi ដែល​មានឈ្មោះ​អង់គ្លេស​ថា Celicia Liu នៅ​លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នៅ​ខែ​ក្រោយ ។ គូស្នេហ៍​នេះ​នឹង​អញ្ជើញ​ភ្ញៀវ​ប្រហែល​១០០​នាក់ រួម​មាន​មិត្តភក្តិ​មិត្ត​រួម​អាជីព និង​ក្រុម​គ្រួសារ​ទាំង​សងខាង ។

ប្រភព​ដដែល​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា Mu វ័យ​៤៥​ឆ្នាំ ខណៈ​គូ​ដណ្តឹង​នាង Shishi វ័យ​២៨​ឆ្នាំ បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាលពី​ខែមករា ២០១៥ ប៉ុ​ន្តែ​ពួក​គេ​មិន​ទាន់​បាន​រៀបចំ​ពី​ធី​មង្គលការ​ទេ​ដោយសារ​តែ​មមាញឹក​នឹង​ការងារ រៀង​ៗ​ខ្លួន ។

តារា​សម្តែង​តៃវ៉ាន់​លោក Nicky Wu កាលពីមុន​ធ្លាប់​រង​ការ​រិះ​គន​តាម​អុ​ី​ន​ធើ​រ​ណេ​ត​ចំពោះ​ការ​មិន​ទិញ​ចិញ្ចៀន​ភ្ជាប់ពាក្យ​ឱ្យ​នាង Shishi ក្នុង​ពេល​ស្នើ​សុំ​នាង​រៀប​ការ ។ ទោះជា​យ៉ាង​ក៏​ដោយ​លោក​Nicky Wu បាន​ធ្វើ​ឱ្យ​គូ​ដណ្តឹង​ភ្ញាក់​ផ្ទើ​ល​ជាមួយនឹង​ចិញ្ចៀនពេជ្រ ។ ជាមួយ​គ្នា​នេះ​ដែរ Wu ត្រូវ​គេ​រាយការណ៍​ថា រក​ចំណូល​បាន​ច្រើន​ពី​អាជីព​សម្តែង និង​ការ​ផ្សាយ​ពា​ណិ​ជ្ច​កម្ម​ឱ្យ​ក្រុមហ៊ុន ផ្សេង​ៗ ។

គូស្នេហ៍​នេះ​បាន​ជួប​គ្នា​ខណៈ​ពេល​ថត​រឿង Scarlet Heart ឬ​«​បេះដូង​ពណ៌​ក្រហម​» កាលពី​ឆ្នាំ ២០១១ ហើយ​ពួក​គេ​ត្រូវ​អ្នក​សារព័ត៌មាន​រាយការណ៍​ថា បាន​ចំណាយ​ពេលវេលា​ស្និទ្ធស្នាល​ជាមួយ​គ្នា​ជាង​១​ឆ្នាំ​មុន​ពេល​សម្រេចចិត្ត​រស់នៅ​ជាមួយ​គ្នា ៕