ប្រិមប្រិយ​កាន់តែ​លង់​ស្នេហ៍​បុរស​អាណិកជន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​ម៉ក់ សុគន្ធ​ដា​និច្ច ហៅ​ប្រិមប្រិយ កំពុង​តែ​មាន​សេចក្តីសុខ​ជាមួយ​គូស្នេហ៍​ថ្មី​នៅ​អា​មេ​រិ​ក ។ ស្នេហា​មួយ​នេះ​កាន់តែ​ជ្រាលជ្រៅ​ខ្លាំង​ឡើង​បន្ទាប់​ពី​គូស្នេហ៍​របស់​នាង​ប្រិមប្រិយ​សម្តែង​ឱ្យ​ឃើញ​ពី​ភាព​ស្មោះស្ម័គ្រ​និង​យកចិត្តទុកដាក់​ចំពោះ​នាង ។

លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ប្រិមប្រិយ​បង្ហាញ​រូបថត​ផ្អែមល្ហែម​ជាមួយ​ម្ចាស់​ចិត្ត​របស់​នាង ។ ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បុរស​វ័យក្មេង​ជា​គូស្នេហ៍​របស់​តារា​កំប្លែង​នាង​ប្រិម ប្រិយ​ជា​អ្នកសិល្បៈ​ម្នាក់​ដែរ​នៅ​អា​មេ​រិ​ក ។ បុរស​រូប​នោះ​ធ្លាប់​មាន​ប្រពន្ធ និង​កូន​ម្នាក់ តែ​បាន​លែងលះ​គ្នា​យូរហើយ ។ នាង​ប្រិមប្រិយ​ហាក់​រីករាយ​ចំពោះ​ចំណង​ស្នេហ៍​នេះ​ព្រោះ​វា​មិន​ជំពាក់​វាក់​វិ​ន​ជាមួយ​អ្នក​ណា ។ បន្ទាប់​ពី​បាន​បង្កាត់ភ្លើង​ស្នេហ៍​ឆេះ​ឡើង​នៅ​លើ​ទឹកដី​អា​មេ​រិ​កមក បុរស​ជា​គូស្នេហ៍​បាន​បង្កើត​អនុស្សាវរីយ៍​ជា​ច្រើន​ជាមួយ​នាង​ប្រិមប្រិយ ។ ជា​ពិសេស​គេ​សុខចិត្ត​ជិះ​យន្តហោះ​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ដែល​នាង​ប្រិមប្រិយ​កំពុង​ស្នាក់​នៅ​នាំ​យក​កាដូ​ជូន​នាង ។ កាដូ​ទាំងនោះ​មាន​ស្បែកជើង គ្រឿងសំអាង កាបូប ដោយ​ភ្ជាប់​ពាក្យពេចន៍​កំណាព្យ​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម ។ នាង​ប្រិមប្រិយ​រំភើបចិត្ត​រហូត​រលីងរលោង​ទឹកភ្នែក ។

នាង​ប្រិមប្រិយ​បញ្ជាក់​តាម​សារ​អេ​ឡិច​ត្រូ​និក​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៦ ថា ក្រោយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បុរស​អា​មេ​រិ​ក​ក្នុង​ផ្លូវ​ស្នេហា​​មក នាង​សម្គាល់​ឃើញ​គេ​ស្រឡាញ់​នាង ព្រួយបារម្ភ​ពី​នាង សួរសុខទុក្ខ​នាង​ពេល​ចេញ​ទៅ​សម្តែង ម្តង​ៗ ។ គេ​ខ្លាច​នាង​លំបាក​ពេល​បែក​ស្រុក​ទេស​ទៅ​សម្តែង​នៅ​ស្រុក​គេ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ និង​ពង្រីក​កេរ្តិ៍ឈ្មោះ​។ ពេលទំនេរ​គេ​បាន​នាំ​នាង​ដើរ​កម្សាន្ត​នៅ​កន្លែង ល្បី​ៗ​។ ពិសេស​ទាំង​២​នាក់​បាន​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​កលាយ​ជាមួយ​បទ​ចម្រៀង​ចែក​ជូន​មហាជន​ទស្សនា ដោយ​ពួក​នាង​មិន​លាក់បាំង​មហាជន​នាំ​ឱ្យ​មានការ​យល់​ច្រឡំ​ទេ​។  «​គាត់​ពិតជា​ស៊ូ​ណាស់ ព្រោះ​រវាង​យើង​ទាំង​ពីរ​គឺ​រស់នៅ​ផ្សេង​គ្នា រដ្ឋ​ខុស​គ្នា គាត់​សុខចិត្ត​ជិះ​យន្តហោះ​ពី​រដ្ឋ​ផ្សេង​ស្កាត់​មក​ជួប​នាង​ខ្ញុំ​ពេល​កំពុង​គេង ដោយ​ស្ពាយ​តាំងពី​កាដូ​ដូច​ជា​កាបូប គ្រឿងសំអាង ស្បែកជើង ធ្វើ​ឱ្យ​នាង​ខ្ញុំ​ភ្ញាក់ផ្អើល ស្ទើរតែ​ស្រក់​ទឹកភ្នែក​គ្រា​ឃើញ​គាត់​លះបង់ ហើយ​សុខចិត្ត​បញ្ជាក់​ភាព​ស្មោះត្រង់​ជូន​នាង​ខ្ញុំ​ទាំង​មិន​គិត​ផ្លូវ​ឆ្ងាយ ហោះ​ទៅ​ជួប​ព្រោះថា​ផ្ទះ​ឆ្ងាយ​ពី​នាង​ខ្ញុំ​ណាស់ ។

បើ​ទោះបីជា​នាង​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ជម្រើស​ល្អជា​មួយគូ​ស្នេហ៍​ចិត្ត​ស្មោះ​នេះ​បែប​ណា​ក៏​នាង​ខ្ញុំ​នៅ​មិន​ទាន់​គិតគូរ​រឿង​រៀប​ការ​ភ្លាម​នោះ​ទេ ព្រោះ​នៅ​វែង​ឆ្ងាយ ។ ណាមួយ​ចង់​ទុក​ពេល​ទៅ​ដល់​ស្រុក​ខ្មែរ​សិន ដោយសារ​នាង​ខ្ញុំ​នៅ​បំពេញ​កិច្ចការ​សិល្បៈ​ជា​បន្ត​ទៀត ហើយ​ប្រសិនបើ អ្វី​ៗ​កាន់តែ​ប្រសើរ​នាង​ខ្ញុំ​អាច​ថា​រៀប​ការ​ជាមួយ​គាត់​ក៏​ថា​បាន​» ។
នាង​ប្រិមប្រិយ​បាន​សម្តែង​ក្តី​នឹករលឹក​ចំពោះ​ទស្សនិកជន​ដែល​ធ្លាប់​គាំទ្រ​ការ​សម្តែង​របស់​នាង និង​នឹករលឹក​ក្រុម​កំប្លែង​របស់​នាង គឺ​ក្រុម​នាយ​កុយ ។ នាង​ប្រិមប្រិយ​សន្យា​ថា ពេល​នាង​មក​ដល់​មាតុភូមិ​វិញ​នឹង​ចូលរួម​សម្តែង​ជាមួយ​ក្រុម​នាយ​កុយ​វិញ ។

នាង​ប្រិ​យ​ប្រិ​យ និង​នាយ​ក្រិន​ជាប់កិច្ចសន្យា​ទៅ​សម្តែង​នៅ​អា​មេ​រិ​ក​ជិត​១​ឆ្នាំ ជា​រយៈពេល​វែង​មិន​ធ្លាប់​មាន​សម្រាប់​អ្នកសិល្បៈ ។ ប្រិមប្រិយ និង​តារា​កំប្លែង​មាឌ​ល្អិត​នាយ​ក្រិន​នឹង​វិល​មក​កម្ពុជា​វិញ​ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​២០១៦ ៕