អ៊ា​ម វ​ន្នី ត្រៀម​ចេញ​ទៅ​សម្តែង​នៅ​បរទេស​លើក​ដំបូង

រាជធានី​ភ្នំពេញ ៖ លោក​អ៊ា​ម វ​ន្នី ត្រូវ​គេ​ទាក់ទង​ឱ្យទៅ​សម្តែង​នៅ​សហរដ្ឋអាមេរិក​នា​ពាក់កណ្តាល​ខែមីនា ២០១៦ នេះ គឺជា​ដំណើរ​ចេញ​ទៅ​បរទេស​ជា​លើក​ដំបូង​ក្នុង​អាជីព ។

បទ «​ខ្ញុំ​ជា​អ្នក​បាត់ដំបង​» និង​បទ «​ស្អប់​ស្នេហ៍​ដំបូង​» នឹង​ត្រូវ​លោក​អ៊ា​ម វ​ន្នី លើកយក​ទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក ។ ក្រៅពី​បទ​ចម្រៀង​ទាំងនោះ លោក​អ៊ាម វ​ន្នី នឹង​ច្រៀង​បទ​ចម្រៀង ថ្មី​ៗ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត ព្រមទាំង​បទ​មរតក​ដើម​របស់​លោក​ស៊ី​ន ស៊ី​សា​មុត ផង​ដែរ ។ លោក​អ៊ាម វ​ន្នី កំពុង​និពន្ធ​បទ​ចម្រៀង​ស្តី​ពី​ក្តី​នឹករលឹក​របស់​ជនជាតិ​ខ្មែរ​ចំពោះ​ទឹកដី​កំណើត​របស់​ខ្លួន ។

លោក​អ៊ា​ម វ​ន្នី នឹង​ចេញដំណើរ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៦ រួម​ដំណើរ​ជាមួយ​លោក​យឹ​ង យ​ន កញ្ញា​រស់ ម៉ូ​នី​កា និង​វិចិត្រករ​ម្នាក់​ទៀត ។
គោលបំណង​សំខាន់​គឺ​ចូលរួម​សម្ពោធ​សារមន្ទីរ​មួយ​ឈ្មោះ​ថា «​សារមន្ទីរ​សិល្បៈ​មរតក​ខ្មែរ​» និង​មានកម្ម​វិធី​ប្រគំ​តន្ត្រី​ដើម្បី​ស្វែងរក​ប្រាក់​ជួយ​ដល់​កុមារ​កំព្រា សិស្ស​ក្រីក្រ​នៅ​កម្ពុជា​ដែល​ជា​ការ​រៀបចំ​ឡើង​របស់​អង្គការ​អាយ​ឃែ​រ ។

តារាចម្រៀង​វ័យ​២៩​ឆ្នាំ​អ៊ាម វ​ន្នី បញ្ជាក់​ថា មាន​រដ្ឋ ធំ​ៗ​មួយ​ចំនួន​ដែល​មាន​ប្រជាជន​ខ្មែរ​រស់នៅ លោក​នឹង​ទៅ​ចូលរួម​សម្តែង ។ តាម​គម្រោង​លោក​វ​ន្នី នឹង​ទៅ​រយៈពេល​៦​ស​ប្តា​ហ៍ ប៉ុន្តែ​ដោយ​មានការ​គាំទ្រ​ច្រើន អ្នក​រៀបចំ​កម្មវិធី​ស្នើ​ឲ្យ​លោក​បន្ត​ច្រៀង​ឲ្យ​យូរ​ជាង​នេះ ហើយ​លោក​កំពុង​តែ​ពិចារណា​ថា​នឹង​បន្ត​ឬ​យ៉ាងណា ខណៈ​ដែល​លោក​មាន​ការងារ​ច្រើន​ត្រូវ​បំពេញ​បន្ត​នៅ​កម្ពុជា ។ «​ខ្ញុំ​សប្បាយចិត្ត​គឺ​បាន​ជួប​អ្នកគាំទ្រ​ជា​ច្រើន​ដែល​មិន​ធ្លាប់​បាន​ជួប​មុខ​គ្នា ។ ពួក​គាត់​តែង​ផ្តល់​ដំបូន្មាន ការ​ណែនាំ​ជា​ច្រើន​កន្លង​មក​ចាប់តាំងពី​ខ្ញុំ​នៅ​ជា​បេក្ខជន​Cambodian Idol ម្ល៉េះ ។ មាន​អ្នកខ្លះ​ជួយ​ជា​ប្រាក់​សម្រាប់​ជួយ​ដល់​ខ្ញុំ​ក្នុង​ពេល​ប្រឡង​» ។

លោក​អ៊ាម វ​ន្នី មិន​បាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​នៃ​ការ​ចេញ​ទៅ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ ប៉ុន្តែ​លោក​លើក​ឡើង​ថា ពិតជា​មាន​តម្លៃ​មួយ​ប្រសើរ​ជាង​ការ​ច្រៀង​ក្នុងស្រុក ជា​តម្លៃ​មួយ​ស្ថិត​ក្រោម​ការ​ពេញចិត្ត​ទាំង​សងខាង ។

ក្រៅពី​គម្រោង​ចេញ​ច្រៀង​នៅ​សហរដ្ឋអាមេរិក​នេះ លោក​អ៊ា​ម វ​ន្នី មាន​បំណង​ចេញ​ទៅ​ជួប​អ្នកគាំទ្រ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ។ ក្នុង​នាម​ជា​អ្នកចម្រៀង និង​ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ម្នាក់ លោក​វ​ន្នី ចង់​បង្ហាញ​អ្វី​ដែល​ថ្មី​ប្លែក​ពិសេស​ដល់​អ្នក​ទស្សនា និង​អ្នក​ស្តាប់ ។ លោក​អ៊ា​ម វ​ន្នី ចង់​ធ្វើ​ជា​អ្នកចម្រៀង​បង្ហាញ​ស្នាដៃ​ថ្មី​របស់​ខ្លួនឯង ។ ចេញ​ទៅ​ច្រៀង​នៅ​បរទេស គឺ​លោក​អ៊ា​ម វ​ន្នី ចង់​ជួប​អ្នកគាំទ្រ ស្វែងរក​បទ​ពិសោធន៍​ថ្មី​ៗ ល្អ​ៗ​មក​អភិវឌ្ឍ​ខ្លួនឯង​បន្ត​ទៀត ហើយ​លោក​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ពី​ជនរួមជាតិ​ខ្មែរ​រស់នៅ​ក្រៅប្រទេស ៕