បវរកញ្ញា​ពាក់​មកុដ​ច្រឡំ​នឹង​សម្តែង​ភាពយន្ត​ជា​លើក​ដំបូង

បវរកញ្ញា​កូ​ឡុំ​ប៊ី​នាង Ariadna Gutierrez ដែល​គ្រង​មកុដ​ច្រឡំ​ក្នុង​ព្រឹ​តិ្ត​ការណ៍​បវរកញ្ញា​ចក្កវាឡ​២០១៥ នឹង​ចូលរួម​សម្តែង​ដំបូង​ក្នុង​ខ្សែ​ភាគ​យន្ត​ហូ​លី​វូ​ដ​ជាមួយ Vin Diesel និង​កុំ​កុំ​ក្នុង​រឿង xxx: The Return of Xander Cage ។

យោង​តាម​គេហទំព័រ TMZ ឱ្យ​ដឹង​ថា នាង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សាធារណរដ្ឋ​ដូ​មី​នី​ក ដើម្បី​ថត​រឿង​នោះ ហើយ​វា​ជា​រឿង​ដំបូង​គេ​របស់​នាង​ក្រោយ​ពី​ពិភពលោក​ភ្ញាក់ផ្អើល​រឿង​គេ​បំពាក់​មកុដ​បវរកញ្ញា​ចក្កវាឡ​ច្រឡំ ។

បវរកញ្ញា​តំណាង​ប្រទេស​កូ​ឡុំ​ប៊ី​វ័យ ២២ ឆ្នាំ​នាង Ariadna Gutierrez នឹង​សម្តែង​ជា​តួ​មិត្ត​ស្រី​របស់​លោក Vin Diesel ។ ប្រភព​ព័ត៌មាន​មិន​បាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​របស់​នាង​ទេ ខណៈ​នាង​ធ្លាប់​មាន​ព័ត៌មាន​លេចឡើង​ថា មាន​ឧស្សាហកម្ម​សិច​អា​មេ​រិ​ក​ទាក់ទង​ឱ្យ​នាង​ថត​ក្នុង​តម្លៃ​ខ្លួន ១​លាន​ដុល្លារ តែ​នាង​មិន​បាន​ទទួល​សំណើ​នេះ​ទេ ។

រឿង xxx: The Return of Xander Cage នឹង​ត្រូវ​ចេញ​បញ្ចាំង​នៅ​ឆ្នាំ ២០១៧ ដោយ​រួម​មាន​តួអង្គ​ល្បី​ដូច​ជា លោក Vin Diesel, កុំ​កុំ (Donnie Yen), និង​តារា​ស្រី​ឥណ្ឌា​នាង Deeika Padukone ជាដើម ៕