ប្រធាន​ក្លិប​សិល្បៈ​ ឌី​ភី​ ប្រារព្ធ​ពិធី​អបអរ​ទិវា​អន្តរជាតិ​​៨ មី​នា ​

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ទទួល​បាន​បណ្ឌិត​ផ្នែក​ទស្សនៈវិជ្ជា និង​រដ្ឋបាល​នយោបាយ នៅ​ប្រទេស​ប៉ា​គី​ស្ថាន លោក​កុយ ស៊ី​ឌឿ​ន​ប្រធាន​សិល្បៈ​ឌី​ភី និង​ជាទី​ប្រឹក្សា​ក្រសួង​ព័ត៌មាន បាន​បង្កើត​កម្មវិធី​ជួបជុំ​រីករាយ​មួយ ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​៨ មីនា ព្រមទាំង​អបអរ​ការ​ទទួល​បាន​កិច្ចការ​ខាងលើ នៅ​ប្រទេស​ប៉ា​គី​ស្ថាន ដើម្បី​ញ៉ាំង​ឱ្យ​បរិយាកាស​កាន់តែ​សប្បាយ​ទ្វេរ​ឡើង ដែល​កម្មវិធី​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង កាលពី​យប់​ថ្ងៃ​ទី​៦ មីនា ២០១៦ នៅ​ភោជនីយដ្ឋាន​វី​ហ្រែ្វ​ន ផ្សារ​ដេប៉ូ រាជធានី​ភ្នំពេញ ។

នា​ឱកាស​នោះ គេ​ឃើញ​មាន​វត្តមាន​តារា​ជើង​ចាស់​មួយ​ចំនួន បាន​មក​ចូលរួម និង​ភ្ញៀវ​កិត្តិយស​ដទៃ​ទៀត និង​ពាំនាំ​នូវ​បាច់ផ្កា កម្រង​ផ្កា អបអរ​លោក​កុយ ស៊ី​ឌឿ​ន និង​ភរិយា ដែល​បាន​សម្រេច​គោលដៅ​ពី​ប្រទេស​ប៉ា​គី​ស្ថាន ។

តារា​ដែល​មាន​វត្តមាន លោក​សាន ម៉ៅ​, អ្នក​នាង​ឈួ​ន សុវណ្ណ​ឆៃ​,  អ្នកស្រី​ថុ​ង ស៊ីវ​ទៀង​, លោក​អ៊ឹម ជីវ៉ា​, កញ្ញា​ហេង ស្រី​ពេជ្រ​, កញ្ញា​ថន តារា​, អ្នកស្រី​ចាន់ តារា​ទី​, អ្នកស្រី​ហែម សុវណ្ណ​, លោក​សុះ ម៉ាច​, អ្នកស្រី​ត្រឡុង កា​ណា​រ៉ូ​, លោក​សោ ភ័​ណ​តន្ត្រី​ព្រម​ទាំង​ញាតិ​មិត្ត​មួយ​ចំនួន​របស់​លោក​កុយ ស៊ី​ឌឿ​ន ផង​ដែរ ។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​យើង​នា​ឱកាស​នោះ លោក​កុយ ស៊ី​ឌឿ​ន អតីត​កុមារ​កំព្រា ធ្លាប់​រស់នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​កៀន​ឃ្លាំង​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​លោក​ទទួល​បាន​នូវ​ឈ្មោះ​ជា​បណ្ឌិត ផ្នែក​ទស្សនៈវិជ្ជា និង​រដ្ឋបាល​នយោបាយ​ពី​សាកលវិទ្យាល័យ ភុ​ន​ចាប ប្រទេស​ប៉ា​គី​ស្ថាន ក៏​ព្រោះតែ​គេ​បាន​ពិនិត្យ​តាមដាន​រាល់​សកម្មភាព​របស់​លោក​ជា​ច្រើន ដែល​បាន​ធ្វើ​កន្លង​មក​គិត​ទៅ មាន​រយៈ​ពេល​៤​ឆ្នាំ ។