ប៊ុ​ន ផៃ​លី​ន ឡើង​គេហដ្ឋាន​តម្លៃ​25​ម៉ឺន​ដុល្លារការពារ​ខ្លួន​ថា​មិន​​ដោះ​ដូរ​នឹង​ខ្លួនប្រាណ​ឬ​មាន​អ្នក​ឧបត្ថម្ភ​ទេ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​តារាចម្រៀង​ចូល​ចិត្ត​បង្ហាញ​សម្រស់​ដើមទ្រូង​នាង​ប៊ុ​ន ផៃ​លី​ន បាន​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ពីរ​ជុង​ជាប់​គ្នា​ក្នុង​តម្លៃ​២៥​ម៉ឺន​ដុល្លារ ។ ដោយ​មិន​ចង់​ឲ្យ​មានការ​សួរនាំ​ច្រើន ប៊ុ​ន ផៃ​លី​ន និយាយ​ការពារ​ខ្លួន​ថា ផ្ទះ​ថ្មី​របស់​នាង​នេះ​គ្មាន​អ្នក​ណា​ជួយ​ឧបត្ថម្ភ​ទេ ។

បញ្ជាក់​ប្រាប់​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​កាលពី​រាត្រី​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៦​ក្នុង​ឈុត​សម្លៀក​បំពាក់​សិច​ស៊ី​បង្ហាញ​សម្រស់​ដើមទ្រូង កញ្ញា​ប៊ុ​ន ផៃ​លី​ន ឲ្យ​ដឹង​ថា ផ្ទះ​របស់​នាង​នៅ​ម្តុំ​អូរ​ដឹ​ម​ជាទី​តាំង​បណ្តុំ​រោងចក្រ និង​មាន​កម្មករ​កម្មការិនី​ច្រើន​សន្ធឹកសន្ធាប់ ។ ផ្ទះ​នេះ​២​ល្វែង​មាន​៤០​បន្ទប់​ចំណាយពេល​ដល់​ទៅ​ជា​៦​ខែ​ឯណោះ​សម្រាប់​សាងសង់​ដោយ​នាង​ចម្រាញ់​ប្រាក់​អស់ពី​ខ្លួន​ព្រោះ​ចង់​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជួល​នា​ពេល​អនាគត ។ បើ​ទោះជា​ហត់នឿយ និង​ឧស្សាហ៍​ឈឺ តែ​ប៊ុ​ន ផៃ​លី​ន តែងតែ​តាមដាន​រាល់​សកម្មភាព​សាងសង់​ផ្ទះ​របស់​ខ្លួន​ដោយ​មិន​ធ្វេសប្រហែស​ឡើយ ។

តារា​សិច​ស៊ី​ប៊ុ​ន ផៃ​លី​ន ការពារ​ខ្លួន​ថា «​ផ្ទះ​នាង​ខ្ញុំ​ចាយ​ទុន​ដល់​ទៅ​២៥​ម៉ឺន​ដុល្លារ ពិតជា​ខ្ទង់ចំណាយ​មួយ​ដ៏​ច្រើន​ណាស់​រហូត​ត្រូវ​មហាជន និង​អ្នកមួយ​ចំនួន​លើក​ឡើង​ថា នាង​ខ្ញុំ​ច្បាស់​បានទ្រព្យ​សម្បត្តិ លុយកាក់​ពី​ប្តី ឬ​ប្រុស​កំណាន់ចិត្ត​ណា ឬ​អាច​និយាយ​ថា​នាង​ខ្ញុំ​ទៅ​ដោះ​ដូរ​ខ្លួនប្រាណ​ក្តាប់​ទ្រព្យ​ដ៏​ធំ​នេះ​មិនខាន ។ មិនមែន​ជា​រឿង​ពិត​ឡើយ ហើយ​នាង​ខ្ញុំ​សុំ​អភ័យទោស​គ្រា​ដែល​ប្រើ​ភាសា​បែប​នេះ បើ​មិន​និយាយ​អ៊ី​ចឹ​ង​ទេ ច្បាស់​គេ​លើក​ឡើង​មិន​ខាន​ឡើយ ។ ផ្ទះ​នេះ​នាង​ខ្ញុំ​ខំ​សន្សំ​លុយ​តាំងពី​បាតដៃ​ទទេ តាំងពី​ចូល​សិល្បៈ​ដំបូង​គ្មាន​អ្នក​ណា​ស្គាល់ ដើរ​ច្រៀង​តាម​ហាង​ពី​មួយ​ទៅ​មួយ​ដល់​យប់​ជ្រៅ​យក​មក​សន្សំទុក មិន​ហ៊ាន​ចាយ​ឡើយ ។ ជា​ពិសេស​នាង​ខ្ញុំ​មានឱកាស​ទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ប៉ុន្មាន​លើក​ក៏​បាន​ប្រាក់​ច្រើន​គួរសម​យក​មក​ផ្ទុក​រឿង​សាងសង់​ផ្ទះ​ជួល​ទាំងអស់​ឲ្យ​តែ​ធ្វើ​បាន​» ។

ផ្ទះ​របស់​ប៊ុ​ន ផៃ​លី​ន នេះ​ជួល​ឲ្យ​គេ​អស់​ច្រើន​បន្ទប់​រួច​ហើយដោយ​មាន​បី​ជាន់​ក្នុង​នោះ​ជាន់​ទី​៣ នៅ​មាន​បន្ទប់​ខ្លះ​សល់​ដែរ ។ រយៈពេល​២​ខែ​នេះ​គិត​សរុប​ក្នុង​១​ខែ​ប៊ុ​ន ផៃ​លី​ន ទទួល​បាន​ប្រាក់​ពិការ​ជួល​ជាង​២​ពាន់​ដុល្លារ ។ បន្ទប់​ជួល​របស់​ផៃ​លី​ន​តម្លៃ​ចាប់ពី​៤០​ដុល្លារ​ដល់​១៣០​ដុល្លារ ។

ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នោះ​ប៊ុ​ន ផៃ​លី​ន ចំណាយ​ប្រាក់​ជិត​១​ម៉ឺន​ដុល្លារ​ដោយ​អញ្ជើញ​ភ្ញៀវ​ចូលរួម​មាន​ទាំង​ភ្ញៀវ​កិត្តិយស​ទូទៅ និង​អ្នកសិល្បៈ​មួយ​ចំនួន ។

ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា ប៊ុ​ន ផៃ​លី​ន អះអាង​ថា នាង​បាន​បែកបាក់​ជាមួយ​គូស្នេហ៍​នៅ​ប្រទេស​អូស្ត្រាលី​ហើយ ។ ពេល​នេះ​នៅ​ទំនេរ តែ​ផៃ​លី​ន​មិន​ចង់​មាន​ស្នេហា​ទៀត​ទេ រង់ចាំ​ទាល់តែ​បី ឬ​បួន​ឆ្នាំ​ទៀត ដើម្បី​ទុក​ពេល​ប្រឡូក​សិល្បៈ​ឱ្យ​បាន​ពេញទំហឹង​ឡើង​វិញ ។ ផៃ​លី​ន​រង់ចាំ​ស្វាគមន៍​ទទួល​ថត​ខារ៉ាអូខេ ពិសេស​ចង់​សម្តែង​ភាពយន្ត ។

អ្នកសិល្បៈ​ចូលរួម​ពិធី​ឡើងផ្ទះ​ថ្មី​នោះ​មាន​លោក​សាយ សៀ​រ៉ា កញ្ញា​លី ច័ន្ទ​សីហា លោក​រតនៈ ពិសិដ្ឋ កញ្ញា​អា​វី​ហ្សា កញ្ញា​ធី ណា​តា និង​គូ​ដណ្តឹង លោក​ម៉ា​ដូ​ណា និង​ប្តី​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន ជាដើម ៕