នាយ​ក្រូច​រំពឹង​បទ «ច្រៀង​ស្តាប់​មិនកើត» ពេញ​និយម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

រាជ​ជា​នី​ភ្នំពេញ ៖ តារា​កំប្លែង និង​ជា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ លោក សេន សុ​បុណ្យ ហៅ​នាយ​ក្រូច កំពុង​មមាញឹក​ថត​បទ​ចម្រៀង​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។ តារា​កំប្លែង​រូប​នេះ​រំពឹង​ខ្ពស់​ចំពោះ​បទ​ចម្រៀង​ថ្មី​ដែល​នឹង​ចេញ​លក់​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ ។

បទ​ចម្រៀង​«​ច្រៀង​ស្តាប់​មិនកើត​» របស់​នាយ​ក្រូច​ជា​បទ​ថ្មី​ដែល​នាយ​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន ។ នាយ​ក្រូច​បញ្ជាក់​ថា​មាន​បទ​ចម្រៀង​មួយ​ចំនួន​ត្រូវ​បាន​ផលិតកម្ម​សាន់​ដេ​ផលិត​យ៉ាង​សម្រិតសម្រាំង​មាន​ដូច​ជា​បទ «​ឃើញ​ស្រី​ស្លៀក​ខ្លី ខឹង​ៗៗ»​ជា​បទ​បែប​ប្រជាប្រិយ​បទ​«​សុំ​ស្វាន​» និង​បទ​«​ច្រៀង​ស្តាប់​មិនកើត​» ជា​បទ សប្បាយ​ៗ  ។ ក្នុង​ចំណោម​ទាំង​បី​បទ​នោះ​នាយ​ក្រូច​រំពឹង​ខ្ពស់​ចំពោះ​បទ «​ច្រៀង​ស្តាប់​មិនកើត​» ព្រោះ​ទាំង​ទំនុកច្រៀង និង​បទ​ភ្លេង​បាន​សម្រិតសម្រាំង ពិសេស​ទាក់ទង​ទៅ​នឹង​ការ​ថត​ជា​MV​មាន​លក្ខណៈ​ប្លែក​ភ្នែក ។

នាយ​ក្រូច​រំពឹង​បទ «ច្រៀង​ស្តាប់​មិនកើត» ពេញ​និយម​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី

លោក Share ផលិតករ​វ័យក្មេង​របស់​ផលិតកម្ម​សាន់​ដេ បាន​បញ្ជាក់​ថា បទ «​ច្រៀង​ស្តាប់​មិនកើត​» របស់​នាយ​ក្រូច​អាច​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ។ ក្រៅពី​សាច់ភ្លេង និង​ទំនុកច្រៀង​ល្អ ការ​ថត​ជ្រើសរើស​ប្លង់ ប្លែក​ៗ​មិន​ធ្លាប់​មាន​ជា​ច្រើន​កន្លែង រួម​បញ្ចូល​គ្នា មាន​ទាំង​នៅ​ផ្សារ​ទំនើប តំបន់​ភ្លើងស្តុប តាម​ដងផ្លូវ ទីកន្លែង​ហាត់ប្រាណ និង​នៅ​ក្នុងភូមិ​ជនបទ ។

លោក​ឡាយ សុក​ចំរើន នាយក​ចាត់ការ​ទូទៅ​របស់​ផលិតកម្ម​សាន់​ដេ បញ្ជាក់​ថា ឆ្នាំ​នេះ​ផលិតកម្ម​ផលិត​បទ​ចម្រៀង​សម្រាប់​ស្វាគមន៍​ឆ្នាំ​ថ្មី​ប្រមាណ​៤០​បទ ហើយ​ក្នុង​នោះ​បទ​ចម្រៀង​ប្រហែល​ជាង​១០​បទ សង្ឃឹមថានឹង​ពេញ​និយម​ខ្លាំង ។ បទ​ទាំងនោះ​មាន​ដូច​ជា បទ «​ច្រៀងស្ដាប់​មិនកើត​», បទ «​បែក​ស្លុយ​», បទ​«​ហ៊ា​», បទ «​អូន​រាំ​ពីមុខ​បង​រាំ​ពីក្រោយ​» និង​បទ «​ឌឹ​ប​ៗ​អ៊ួ​យ​»​ជាដើម ។ តារាចម្រៀង​ប្រុស ស្រី​ល្បីឈ្មោះ​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ នឹង​រួម​គ្នា​បម្រើ​ការ​កម្សាន្ត​របស់​ទស្សនិកជន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ ។ ចំពោះ​ការ​លក់​CD និង​VCD ក្នុង​តម្លៃ​ពិសេស​ជាង​ឆ្នាំ​មុន ៕