ប្រារព្ធ​ពិធី​ប្រណាំង​ទូក​នៅ​តាម​ដង​ស្ទឹង​សង្កែ​អប​អរ​ថ្ងៃ​បុណ្យ​ចេញ​ព្រះ​វស្សា

ខេត្ត​បាត់​ដំបង​​​ ៖ រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​២២ និង​២៣​ ខែ​តុលា​ នៅ​តាម​ដង​ស្ទឹង​សង្កែ​មាន​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​បាន​មក​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក​ដោយ​មាន​ការ​រៀប​ចំ​ប្រណាំង​ទូក​ដណ្តើម​ចំណាត់​ថ្នាក់​ចំ​ថ្ងៃ​បុណ្យ​ចេញ​ព្រះ​វស្សា​​គឺ​ថ្ងៃ​ទី​១៤ និង​១៥កើត​ ខែ​​អស្សុជ​សំដៅ​ផ្សារ​ភ្ជាប់​ទៅនឹង​ប្រពៃ​ណី​របស់​បង​ប្អូន​ខ្មែរ​យើង​នៅ​ខេត្ត​បាត់​ដំបង​ដែល​ធ្លាប់​តែ​ធ្វើ​បុណ្យ​ចេញ​ព្រះ​វស្សា​នេះ​ជា​រៀង​រាល់​ឆ្នាំ​ទៅ​តាម​គន្លង​ប្រពៃ​ណី​ទំនៀម​ទំលាប់​នៃ​ព្រះ​ពុទ្ធ​សាសនា​។ រីឯ​នៅ​តាម​វត្ត​អារាម​វិញ​ ប្រជា​ពល​រដ្ឋ​ដែល​​រស់​នៅ តាម​ដង​ស្ទឹង​សង្កែ​តែង​តែ​ធ្វើ​ប្រទីប​ជ្វា​លា បណ្តែត​នៅ​តាម​ដង​ស្ទឹង​សង្កែភ្លឺ​ព្រោង​ព្រាត​ ហើយ​ប្រទីប​នីមួយៗ​បាន​តុប​តែង​លំអ​ទៅ​ដោយ​ក្បូរ​ក្បាច់​ផ្កា​ភ្ញី ភ្លើង​ទៀន នំ​ចំណី ។ល។ ចំណែក​ឯ​ប្រជា​ពល​រដ្ឋ​យើង​ដែល​នៅ​ឆ្ងាយ​ពី​ដង​ស្ទឹង​ក៏​បាន​នាំ​គ្នា​រៀប​ចំ​ធ្វើ​ប្រទីប​បណ្តែត​នៅ​តាម​ស្រះ​វត្ត​ ត្រពាំង​ បឹង​បួ​ ក្នុង​ភូមិ​ផង​ដែរ​។

ក្នុង​ពិធី​ប្រណាំង​ទូក​នេះ​ក៏​មាន​ការ​អញ្ជើញ​ជា​គណៈ​អធិបតី​ពី​លោក​​អ៊ុយ ស៊ីប តំណាង​ឱ្យ​លោក​ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​នាយក​ខុទ្ទ​កា​ល័យ​ លោក​ស ខេង លោក​ប្រាជ្ញ ច័ន្ទ​ អភិ​បាល​ខេត្ត​ លោក​ងិន ឃន ប្រតិភូ​រាជរដ្ឋា​ភិ​បាល​ទទួល​បន្ទុក​អគ្គ​នាយក​រតនា​គារ​ជាតិ​ អស់​លោក​អភិ​បាល​រង​ខេត្ត​ ក្រុម​ប្រឹក្សា​ខេត្ត​ ប្រធាន​ អនុ​ប្រធាន​មន្ទីរ​នានា​ជុំ​វិញ​ខេត្ត​ កង​កំលាំង​ប្រដាប់​អាវុធ​ កីឡា​ករ​ កីឡា​ការិនី​ប្រណាំង​ទូក​ និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះករ។ លោក​មុំ ក្រាត​ សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​ប្រធាន​គណៈ​កម្ម​ការ​​រៀប​ចំ​បុណ្យ​អុំ​ទូក​​ខេត្ត​បាន​ធ្វើ​របាយ​ការណ៍​ឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​នេះ​គណៈ​កម្ម​ការ​បច្ចេក​ទេស​បាន​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ទូក​ចូល​រួមប្រកួត​មាន​ចំនួន​១៩​ទូក​ក្នុង​នោះ​មាន​ទូក​ចូល​ថ្មី​ចំនួន​២​ទូក គឺ​ទូក​ខ្នាត​អន្តរ​ជាតិ​ឈ្មោះ​សង្កែ​មហា​សាល​មាន​ជ័យ​ និង​ទូក​ឈ្មោះ​មង្គល​បុរី​បារមី​នាយ​កន​សន្តិ​ភាព​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​។ កីឡាករ​សរុប​មាន​ចំនួន​៨៧១​នាក់ ក្នុង​នោះ​កីឡា​ករ​ កីឡាការិនី​ពេញ​សិទ្ធិ​មាន​៦៧២​នាក់​ បំរុង​មាន​១៩៩​នាក់​ ដោយ​ធ្វើ​ការ​ប្រកួត​វិល​ជុំ​ប្តូរ​ខ្សែ​ទឹក​យក​ចំណាត់​ថ្នាក់។ ជា​លទ្ធ​ផល​ ទូក​ខ្នាត​អន្តរ​ជាតិ​ចំណុះ​២២​នាក់​ ផ្នែក​បុរស​លេខ១ បាន​ទៅ​លើ​ទូក​ឈ្មោះ​អន្លង់​តា​អួ​ស​ជ័យ​បារមី​គង្គា ​ស្រុក​ឯក​ភ្នំ​ ទទួល​បាន​ពាន​១ ទង់​១​ និង​ថវិកា​៧០០.០០០​រៀល​។ លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ​ពន្ធ​ដារ​មហា​ចក្រ​វាឡ​សែន​ជ័យ​ មន្ទីរ​ពន្ធ​ដារ​ខេត្ត​ ទទួល​បាន​ទង់​១ និង​ថវិកា​៥០០.០០០​រៀល​ និង​លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ​រតន​មាន​ជ័យ​បារមី​ពាយ័ព្យ ​ស្រុក​រតន​មណ្ឌល​ ទទួល​បាន​ទង់​១ ថវិកា​៣៥០.០០០​រៀល។

ផ្នែក​នារី​លេខ​១​បាន​ទៅ​លើ​ទូក​ឈ្មោះ​ ព្រះ​វិស្ណុ​តេជៈ​សាធារណ​ការ​សែន​ជ័យ​​ទទួល​បាន​​រង្វាន់​​ដូច​បុរស​ដែរ ​លេខ​២ បាន​ទៅ​លើ​ទូក​ពាក់​ស្លាក​លេខ​២​នៃ​មន្ទីរ​សង្គម​កិច្ច​ខេត្ត​ទទួល​បាន​រង្វាន់​ដូច​បុរស​ដែរ​ និង​លេខ​៣​ បាន​ទៅ​លើ​ទូក​ពាក់​ស្លាក​លេខ​១​ មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ទទួល​រង្វាន់​ដូច​​បុរស​ដែរ​ និង​រង្វាន់​លួង​ចិត្ត​សំរាប់​ទូក​ចាញ់​ក្នុង​១​ទូក​១២០.០០០​រៀល​។ ប្រភេទ​ទូក​ង​ខ្នាត​វែង​​លេខ​១ បាន​ទៅ​លើ​ទូក​ឈ្មោះ​មង្គល​បុរី​នាយក​ន​សន្តិ​ភាព​ខេត្ត​បន្ទាយ​មាន​ជ័យ​ ទទួល​បាន​ពាន​១ ទង់​១ និង​ថវិកា​១.២០០.០០០​រៀល​ លេខ​២ បាន​ទៅ​លើ​ទូក​នរិន្ទមាន​ជ័យ​ស្រុក​ឯក​ភ្នំ​ ទទួល​បាន​ទង់​១ និង​ថវិកា​១.០០០.០០០​រៀល និង​លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ​ថ្មគោល​សែន​ជ័យ​បារមី​ជណ្តើ​រស្វា​​​ ស្រុក​ថ្ម​គោល ទទួល​បាន​ទង់​១ និង​ថវិកា​៦០០.០០០​រៀល​ និង​រង្វាន់​លួង​ចិត្ត​សំរាប់​​អ្នក​ចាញ់​ក្នុង​១​ទូក​៣០០.០០០​រៀល។

លោក​អ៊ុយ ស៊ីប តំណាង​ឱ្យ​លោក​ស ខេង​ ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ថ្លែង​អំណរ​គុណ​ និង​កោត​សរសើរ​​ដល់​អាជ្ញា​ធរ​ខេត្ត​ដែល​ជានិច្ច​កាល​តែង​តែ​ផ្តួច​ផ្តើម​ជួយ​ឧបត្ថម្ភ​គាំទ្រ​រៀប​ចំ​​ពិធី​ប្រកួត​កីឡា​ជា​ច្រើន​​​ដូច​ជា​កីឡា​ប៉េតង់​​ កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ កីឡា​វាយ​សី​ កីឡា​បាល់​ទះ​ ព្រម​ទាំង​វិស័យ​កីឡា​​ជាច្រើន​ទៀត​​មិន​មែន​តែ​កីឡា​ប្រណាំង​ទូក​មួយ​មុខ​នេះ​ទេ​។ ម្យ៉ាង​ទៀត​ក៏​មាន​តាំង​ពិព័រណ៍​មហា​ជន​ល្បែង​កំសាន្ត​ផ្សេងៗ​ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​សប្បាយ​រីក​រាយ​ផង​ដែរ​។ លោក​បាន​បន្ត​ទៀត​ថា​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ខេត្ត​បាត់​ដំបង​បាន​រៀប​ចំ​កម្ម​វិធី​ប្រណាំង​ទូក​នា​ថ្ងៃ​ចេញ​ព្រះ​វស្សា​ ដើម្បី​បង្ហាញ​ពី​វីរភាព​ដ៏​អង់​អាច​ក្លាហាន​នៃ​កង​ទ័ព​​ជើង​ទឹក​របស់​បុព្វ​បុរស​ខ្មែរ​យើង​កាល​ពី​ជំនាន់​ដើម និង​ដើម្បី​ផ្សារ​ភ្ជាប់​នូវ​វិស័យ​កីឡា​​ដោយ​បង្កើត​បាន​នូវ​កំលាំង​ពលំ​ក៏​ដូច​ជា​ផ្សារ​ភ្ជាប់​ទំនៀម​ទំលាប់​ប្រពៃ​ណី​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​បាត់​ដំបង ជាពិសេស​ដើម្បី​ជ្រើស​រើស​​ទូក​ដែល​ជាប់​ចំណាត់​ថ្នាក់​ទៅ​ចូល​រួម​ប្រកួត​​ក្នុង​​ពិធី​បុណ្យ​​អុំទូក​ អក​អំបុក​ សំពះ​ព្រះ​ខែ​នៅ​រាជ​ធានី​ភ្នំពេញ​នា​ពេល​ខាង​មុខ។ លោក​អ៊ុយ ស៊ីប​ បាន​នាំ​យក​អំណោយ​របស់​លោក​​ឧប​នាយ​ក​រដ្ឋ​ម​ន្ត្រី​ ស​ ខេង និង​លោក​ជំទាវ​ឧប​ត្ថម្ភ​ដល់​កីឡា​ករ​ កីឡា​ការិនី​អុំ​ទូក​ចំនួន​៨៧១​នាក់​ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១០.០០០​រៀល​ និង​គណៈ​កម្ម​ការ​រៀប​ចំ​ពិធី​ប្រណាំង​ទូក​ ថវិកា​ចំនួន​២​លាន​រៀល៕