ថ្ងៃ​បុណ្យចូលឆ្នាំ​នៅ​វត្ដ​នគរ​ក្នុង​ហ្លួង​ព្រះស្ដេច​កន​មាន​ភាព​អធិកអធម

ខេត្ដកំពង់ចាម ៖ ដើម្បី​ចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ដឹកនាំ​កីឡាករ តៃក្វា​ន់​ដូ កីឡាកាស និង​សិល្បករ​-​សិល្ប​ការិនីតន្ដ្រីករ​មួយ​ចំនួន​ទៅ​សំដែង​នៅ​វត្ដ​ព្រៃនគរក្នុង (​ហ្លួង​ព្រះស្ដេច​កន​) ក្នុងភូមិ​អង្គរ​ក្នុង ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ដកំពង់ចាម​រយៈ ពេល​២​ថ្ងៃ​២​យប់ គឺ​នៅ​ថ្ងៃ​ទី​១៤ និង​១៥ ខែមេសា ឆ្នាំ​២០១០​។

លោក​វ៉ា​ត់ ចំរើន បាន​ដឹកនាំ​ប្រជាពលរដ្ឋលេងល្បែង​ប្រជាប្រិយ​ដូច​ជា​វាយក្អម រត់បាវ និង​ឡើង​សសរ​ខ្លាញ់​ជាដើម ប្រកបដោយ​ក្ដី​រីករាយ​យ៉ាង​ខ្លាំង​។ ក្រោយ​ពី​លេងល្បែង​ប្រជាប្រិយ​នា​ពេល​ព្រឹក​រួច​មកលោក ឱ្យ​កីឡាករ កីឡាការិនី​តៃ​ក្វា​ន់​ដូ​ប្រកួត​រយៈ ពេល​ជាង​១​ម៉ោង​ លុះ​ពេល​ល្ងាច​កីឡាកាស​ប្រកួត​ក្នុង​រយៈពេល​ជាង​១​ម៉ោង​ដែរ។ ក្រៅពី​នេះ​មានការ​ប្រកួត​ចំបាប់ ដោយ​ជ្រើសរើស​ប្រជាពលរដ្ឋ និង​កុមា​រា​នៅ​ក្នុង​ពិធីបុណ្យចូលឆ្នាំ​ថ្មី​នៅ​វត្ដ​នោះ​ឱ្យ​ចូលរួម​ប្រកួត ជា​ច្រើន​គូ​ផង​ដែរ​។ ចំណែក​ពេល​រាត្រី​មានប្រគំ​តន្ដ្រី​ដោយ​មាន​តារាចំរៀង​ជា​ច្រើន​រូបចូលរួម​ច្រៀង​ឱ្យ​ប្រជាពលរដ្ឋ​រាំ​លេង​កំសាន្ដ​។

លោក​វ៉ា​ត់ ចំរើន ឱ្យ​ដឹង​ថា លោក​រៀបចំកម្មវិធី​សប្បាយ​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​នៅ​វត្ដ​ព្រៃនគរ​ក្នុង​(​ហ្លួង​ព្រះស្ដេច​កន​) នេះ គឺ​ទី​១​ចង់​បង្ក​លក្ខណៈ​ឱ្យ​សប្បាយ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​, ទី​២ ចង់​បង្ហាញពី​ការ​រីក​ចំរើន​វិស័យ​កីឡា​ជាតិ និង​បែប​អន្ដរជាតិ ដូច​ជា​កីឡា​តៃ​ក្វា​ន់​ដូ កីឡាកាស និង​ជាពិសេស​នោះ គឺ​កីឡា​ចំបាប់​ដែល​ជា​ក្បាច់បុរាណ​ខ្មែរ​មាន​តាំងពី​បុរាណ​មក​សំរាប់ប្រជាពលរដ្ឋ​ខ្មែរ​ហ្វឹកហាត់​ដើម្បី​សុខភាព​, ទី​៣ លោក​ចង់​ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា វិស័យ​សិល្បៈ វប្បធម៌​ប្រពៃណី ទំនៀមទំលាប់​ខ្មែរ និង​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែរីក​ចំរើន​ថែម​ទៀត​នៅ​ទូ​ទាំង​ប្រទេស ។

លោក​វ៉ា​ត់ ចំរើន បន្ដ​ទៀត​ថា យើង​នាំគ្នា​ហ្វឹកហាត់​កីឡា សំដែង​សិល្បៈ​ច្រៀងរាំ មិន​ត្រឹមតែ​មាន​សុខភាព​ល្អ​ប្រសើរ​នោះ​ទេ គឺយើង​ទាំងអស់​គ្នា​បាន​ចូលរួម​លើក​ស្ទួយវិស័យ​កីឡា​ជាតិ​ឱ្យ​នៅ​គង់វង្ស​ត​ដល់​កូនចៅជំនាន់​ក្រោយ​។ ជា​ពិសេស​នោះ​ហ្វឹកហាត់កីឡា និង​ច្រៀងរាំ​កំសាន្ដ គឺ​យើង​ទាំងអស់គ្នា​កាត់​បន្ថយ និង​ទប់ស្កាត់​លុប​បំបាត់​កុំឱ្យយុវជន​ទៅ​សេព​គ្រឿងញៀន​នាំ​ឱ្យ​ប៉ះពាល់ដល់​សុខភាព និង​សង្គម​ជាតិ​យើង​។ ម្យ៉ាងវិញទៀត​ការ​ដែល​លោក​ដឹកនាំ​កីឡាករ កីឡាការិនី សិល្បករ សិល្ប​ការិនី​ទៅ​សំដែងនៅ​វត្ដ​ព្រៃនគរ​ក្នុង (​ហ្លួង​ព្រះស្ដេច​កន​) នេះ​គឺ​ដើម្បី​លើកកំពស់​វិស័យ​ទេសចរណ៍ និង​បង្ហាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្ដរជាតិ​ថា នៅ​ទីនោះ​មាន​ប្រាសាទ​ប្រវត្ដិសាស្ដ្រ​ខ្មែររាប់​សតវត្សរ៍​មក​ហើយ​ដែល​អតីត​វីរក្សត្របាន​កសាង​បន្សល់​ទុក​ឱ្យ​កូនចៅ​បាន​សិក្សាស្រាវជ្រាវ​រៀនសូត្រ និង​ថែរក្សា​កេរដំណែល​នេះ​បន្ដ​ទៅ​មុខ​ទៀត ។

លោក វ៉ា​ត់ ចំរើន បន្ដ​ថា បើ​មានឱកាសលោក​នឹង​រៀបចំ​កម្មវិធី​ប្រកួត​កីឡា និង​ប្រគំ​តន្ដ្រី​នៅ​ទីនោះ​នា​ឆ្នាំ​ក្រោយ​ៗទៀត ។ ក្នុង​ឱកាស​នោះ​លោក​បាន​រៀបចំរង្វាន់​ជូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ប្រកួតកីឡា​ចំបាប់​មាន​អាវយឺត និង​ថវិកា​មួយចំនួន​ទៀត ៕