ពិធី​បុណ្យ​រំលឹកខួប​គំរប់មួយ​ឆ្នាំ​ព្រះ​អង្គ​ធំ​នៅ​ភ្នំ​ជីតា​ពេជ្រស្រុកគិរីវង់

ខេត្ត​តាកែវ៖ ​ព្រឹកថ្ងៃ​ទី៩ កញ្ញា​ ឆ្នាំ​២០១០ នៅ​លើ​ភ្នំ​ជី​តា​ពេជ្រ ស្ថិត​ក្នុង​ឃុំ​កំពែង ស្រុ​ក​គិរី​វង់ មានប្រារព្ធ​ពិធី​បុណ្យ​រំលឹក​ខួប​មួយ​ឆ្នាំថ្វាយ​ព្រះ​អង្គ​ធំ​ ក្រោម​អធិបតីភាព​លោក​យាយមហា​ឧបា​សិកា​តាន់ វិច​ហុង ដែល​ត្រូវ​ជា​មាតាក្មេក របស់​លោក​បណ្ឌិត​សុខ​ អាន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ។ ចូល​រួម​ក្នុង​ពិធី​នោះ​រួម​មាន​​អស់់លោក​រដ្ឋ​លេខា​ធិការ​ អនុរដ្ឋ​លេខា​ធិការ​នៅទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ លោក​ជំទាវ​ឧកញ៉ា ​យិន ផាន្នី សមា​ជិកាសា​ខា​កាក​បាទក្រហម​កម្ពុជា ​​បុត្រា បុត្រី​ និង​ចៅ​ៗ​របស់​លោក​យាយ​ឧបា​សិកា​តាន់ វិច​ហុង ព្រម​ទាំង​លោក​យាយ លោក​​តា ជា​ពុទ្ធ​បរិស័ទ​នៅ​ក្នុង​ឃុំ​កំពែង​ទាំង​មូល ។

លោក​យាយមហា​ឧបា​សិ​កា​តាន់ វិច​ហុង បានមាន​ប្រសាសន៍​​ថា ថ្ងៃ​នេះ​លោក​យាយ​ព្រម​ទាំង​ពុទ្ធ​បរិស័ទ​ក្នុង និង​ក្រៅ​ប្រទេស ​​បាន​សំរេច​ធ្វើ​បុណ្យ​រំលឹកខួប​មួយ​ឆ្នាំ​ព្រះ​អង្គ​ធំ​នៅ​លើ​ភ្នំ​ជីតា​ពេជ្រ​ដែល​មានកំពស់​១៣,៥ម៉ែត្រ កសាងអំពីថ្ម​ភក់ ។ សូម​បញ្ជាក់​ថា ការ​រៀប​ចំ​កសាង​ព្រះពុទ្ធ​រូបអង្គ​ធំ​នៅ​លើ​កំពូល​ភ្នំ​ដែល​មានជណ្តើរ​ឡើងចំនួន​២៦១​កាំ មាន​សាលា​សំណាក់​ចំនួន៣ កន្លែង​​ និង​ទី​លាន​គុណ​មាតា​ គឺផុសចេញ​ពីគំនិតដ៏ឈ្លាស​វៃ​របស់​លោកយាយមហាឧបា​សិកា​តាន់ វិចហុង ​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​លោក​បណ្ឌិត​សុខ អាន ឧប​នាយករដ្ឋ​មន្ត្រី​រដ្ឋមន្ត្រី​ទទួលបន្ទុក​​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ និង​លោក​ជំទាវថេង អាយ​អាន្នី បុត្រា​ បុត្រី​ សប្បុរស​ជន​ក្នុង និង​ក្រៅ​ប្រទេស​ក្នុង​គោល​បំណង​លើក​ស្ទួយ​ព្រះពុទ្ធ​សាសនាដែល​ជា​សាសនា​របស់​រដ្ឋ ។

លោក​យាយ​មហាឧបា​សិកា​តាន់ វិច​ហុង បានមាន​ប្រសាសន៍​ទៀត​ថា បុណ្យ​រំលឹក​ខួប ​ព្រះអង្គ​ធំ​នេះ​គឺមួយ​ឆ្នាំ​ត្រូវ​ធ្វើ​ម្តង​ហើយ​នេះជា លើក​ទី១​ដែលមានរយៈពេល​ពីរ​យប់​​បី​ថ្ងៃដោយ​មាន​​ការ​បញ្ចាំង​ភាព​យន្ត​ និង​សំដែងល្ខោន​បា​សាក់​ទស្ស​នាកំសាន្ត​ទល់​ភ្លឺ​​។ ​ដោយ​ឡែក​ នៅ​ថ្ងៃទី៩ កញ្ញា ២០១០លោក​យាយ​​មហាឧបា​សិកា​តាន់ វិចហុង បាន​និមន្ត​ព្រះ​សង្ឃ​ចំនួន​១០៨អង្គដាក់បាត្រ ព្រម​ទាំង​ប្រគេន ទេយ្យ​ទាន ​​ និង​ថវិកា​ក្នុង​អង្គ​ចំនួន១០.០០០ រៀល តាជី៣៦​នាក់ និង​យាយ​ជី​៣៦នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ឃីត​មួយ​កញ្ចប់ និង​ថវិកា​១ម៉ឺន​រៀល ដែរ ។ ទន្ទឹម​នឹង​នោះ​ លោក​យាយ​មហាឧបា​សិកា​​តាន់ វិច​ហុង ក៏​បាន​រៀប​ចំ​ឱ្យ​មានការប្រគំ​ភ្លេង ពិណពាទ្យ​ និង​របាំ​ជូន​ពរថ្វាយ​ដល់​ព្រះ​អង្គ​ធំ និង​បាញ់​កាំជ្រួចតូច-ធំ​យ៉ាង​ច្រើន​ ញុំង​ឱ្យ​ពិធី​បុណ្យ​រំលឹកខួប​នេះ​មាន​ភាព​អធិក​អធម​រីក​រាយ​ក្រៃ​លែង ៕