ទម្រង់ល្ខោន6បែប​នឹង​ត្រូវ​បង្ហាញក្នុង​មហោ​ស្រពល្ខោនលើកទី4

រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌល​វប្បធម៌​បារាំង​នឹង​រៀបចំ​មហោ​ស្រព​ល្ខោន​លើក​ទី៤ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ២០១០  ​ប្រមូល​ម្ដុំ​ដោយ​ទម្រង់​ល្ខោន​៦​បែប រួម​មាន​ល្ខោន​អាប៉េ  ល្ខោន​យីកេ ល្ខោន​គែន ល្ខោន​បែបបទ ល្ខោន​ប្រមោទ័យ និង​ល្ខោន​ស្បែក​​តូច ។ ទន្ទឹម​នោះ​ឈុត​សំដែង​នីមួយៗ​សុទ្ធ​សឹង​ជា​ឈុត​ឆាក​បង្កើត​ថ្មីៗ​ទាំង​អស់​ព្រមទាំង​សន្ទនា​ជាភាសាខ្មែរ​។​ មន្ត្រី​មជ្ឈមណ្ឌល​វប្ប​ធម៌​បារាំង​បាន​ឱ្យ​ដឹងថា គោល​បំណងនៃ​ការ​រៀបចំ​មហោ​ស្រព​នេះ គឺ​ដើម្បី​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោន​គ្រប់​ប្រភេទ​ដែល​កំពុង​មាន​វត្ត​មាន​នៅ​កម្ពុជា ពិសេស​នោះ​គឺ​ទម្រង់​ល្ខោន​ដែល​ទើប​បង្កើតថ្មី។ ​ក្រុម​សិល្បករ​ទាំង​អស់​នឹង​សំដែង​ឈុត​ឆាក​ថ្មី​ៗ​ដែល​បង្កប់​ដោយ​អត្ថន័យ​ជាប្រវត្តិ​សាស្ត្រ​ទាំង​ប្រពៃណី​​បុរាណ​និង​សម័យ ។ 

ក្រុម​សិល្បៈ​ដែល​ត្រូវ​ចូល​រួម​នាឱកាស​នោះ​រួម​មាន​ក្រុម​ចិន្ត​នាគ  ក្រុម​គោក​ធ្លក ក្រុម​សិល្បៈ​ខ្មែរ ​អមតៈ ក្រុម​សិល្បៈ​មេខលា នាយកដ្ឋាន​សិល្បៈ​ ក្រុម​ល្ខោន​ប៉ុក​សារ៉ាន់ ក្រុម​​ល្ខោន​សុវណ្ណភូមិ​ ក្រុម​​ល្ខោន​បន្ទាយ​ស្រី និងក្រុម​សិល្បៈមកពី​​ខេត្ត​តាកែវ ។ អ្នក​ចូល​រួម​ទស្សនា​មហោស្រព​នេះ​មិន​តំរូវ​ឱ្យ​បង់​ប្រាក់​ឡើយ ។ លោក​ស្រី​កាទីរីន ម៉ាក​​ណាស់ ដែល​បាន​រៀបចំ​ការ​សំដែង​រឿង​ទទាញី​ និង​ទទា​ឈ្មោល កាលពី​ឆ្នាំ​២០០៨ បាន​និយាយថា​ អ្នក​ស្រី​បាន​ធ្វើ​ការ​ជាមួយ​សិល្បករ​ខ្មែរ រៀប​ចំ​ការ​សំដែង​​រឿង​កំប្លែង​បារាំង«រឿងរ៉ាវ​នៅ​ផ្លូវ​ឡូស៊ីនរបស់​ Eugéne Labiche »អស់​រយៈពេល​២​ខែ ហើយ​រឿង​នោះ​នឹង​យក​មក​សំដែង​ក្នុង​មហោ​ស្រព​ឆ្នាំ​នេះ​ផងដែរ ។ អ្នក​ស្រី​និង​ក្រុម​សិល្បករ​របស់​គាត់​ធ្លាប់​បាន​ដឹកនាំ​ការសំដែង​និង​សំដែង​រឿង​ជាច្រើន​នៅ​អាមេរិកឡាទីន និង​នៅ​អាស៊ី ដូចជា​​ប្រទេសម៉ិច​ស៊ិក​ ប្រទេស​ចិន និង​ប្រេស៊ីល​ជា​ដើម​ ។  លើក​នេះ​គឺ​ជា​លើក​ទី៣១​ហើយ​ដែល​ក្រុម​សិល្បៈ​របស់​អ្នក​ស្រី​បាន​ចូលរួម​សំដែង​ក្នុង​មហោ​ស្រព​ល្ខោន​នៅ​កម្ពុជា​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​២លើក​រួច​មក​ហើយ ។

ទន្ទឹម​នេះ ក្នុង​មហោ​ស្រព​ល្ខោន​នេះ​​ទស្សនិក​ជន​នឹង​បាន​ទស្សនា​ការ​សំដែង​រឿង​ល្បើក​ឡា​ហ្វុង​តែន ដែល​បាន​មកពីការ​កែ​សំរួល​ទៅ​ជា​ទម្រង់​ល្ខោន​ស្បែក​តូចៗ ។ លោក​ហ្វុង​តែន​គឺ​ជា​កវី​ដ៏​ល្បី​ល្បាញ​នៅ​សម័យ​សតវត្ស​ទី១៧ នៅ​បារាំង ​និង​ពិភព​លោក​។​រឿង​និទាន​របស់​លោក​ហ្វុង​តែន​ដែល​ត្រូវ​លើក​យក​មក​សំដែង​នាពេល​នេះ​គឺ​កើត​ចេញ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​​លាត​ត្រដាងពី​​អំពើ​អយុត្តិធម៌​ បង្ហាញ​ពីគុណ​វិបត្តិ​ និង​គុណ​សម្បត្តិ​របស់​មនុស្ស​គ្រប់​រូប ។ សិល្បករ​៣​ក្រុម​បាន​ចូលរួម​សំដែង​ទម្រង់​ល្ខោន​រៀង​រាល់​រាត្រី​តាម​កន្លែង​ផ្សេងៗ ​សំខាន់​តាម​ភោជនីយដ្ឋាន​​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ ។​ មហោ​ស្រព​ល្ខោន​លើក​ទី៤​នេះ​នឹង​សំដែង​នៅ​រោង​មហោ​ស្រព​ចេនឡា មជ្ឈ​មណ្ឌល​វប្ប​ធម៌​បារាំង​​ ហាង​កាហ្វេឌុយសង់ ភោជនីយដ្ឋាន​រាត្រី​ ភោជនីយដ្ឋាន​សួនរីករាយ ភោជនីយដ្ឋាន​បុប្ផា​ភ្នំពេញ និង​Chinese House៕