ព្រឹត្តិ​ការណ៍​វប្ប​ធម៌​រយៈ​ពេល៣ថ្ងៃ​ត្រូវ​បាន​បញ្ចប់

រាជ​ធានី​ភ្នំពេញ ៖ ព្រឹត្តិ​ការណ៍​វប្ប​ធម៌​អប​អរ​សាទរ​ខួប​អនុ​ស្សាវ​រីយ៍​នៃ​ការ​ចុះ​បញ្ជី​របាំ​ព្រះ​រាជ​ទ្រព្យ​ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​រយៈ​ពេល​៣​ថ្ងៃ​​ចាប់​ពី​ថ្ងៃទី​២៩​ដល់​​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១០​ នៅ​សាល​សន្និ​សីទ​ចតុ​មុខ​បាន​បញ្ចប់​កាល​ពីល្ងាច​ ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១០ ក្រោម​អធិបតី​ភាព​លោក​ហ៊ឹម ឆែម​ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​។
ក្នុង​ពិធី​បិទ​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​នោះ​ លោក​ឃឹម សារិទ្ធ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌​​​មាន​ប្រសាសន៍​​ថា​ ការ​បង្កើត​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​អប​អរ​សាទរ​​ខួប​អនុស្សាវ​រីយ៍​នៃ​ការ​ចុះ​បញ្ជី​បេតិក​ភណ្ឌ​វប្ប​ធម៌​រូបី និង​អរូបី​ជាសម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​ និង​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​រយៈ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​២៩ដល់​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០១០ មាន​លក្ខណៈ​អធិក​អធម​យ៉ាង​ខ្លាំង​ដោយ​មាន​សំដែង​សិល្បៈ​​ ទស្សនីយ​ភាព​របាំ​បុរាណ របាំ​ប្រពៃ​ណី​ និង​ការ​បង្ហាញ​ម៉ូដ​សំលៀក​បំពាក់​ខ្មែរ​នា​សម័យ​ចតុ​មុខ​ សម័យ​អង្គរ​ ម្ហូប​អាហារ​ និង​ការ​តាំង​ពិព័រណ៍​សិល្បៈ​សូន​រូប សិប្ប​ក​ម្ម​តម្បាញ​ហូល ផាមួង​។

លោក​ឃឹម សារិទ្ធ បន្តថា ព្រឹត្តិ​ការណ៍​វប្ប​ធម៌​​នេះ​គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​លើក​ស្ទួយ​​​ និង​ការ​គាំ​ទ្រ​ដល់​ការ​ប្រើ​ប្រាស់​​សក្តា​នុពលវប្ប​ធម៌​ និង​ការ​ជំរុញ​ឧស្សាហ​កម្ម​វប្ប​ធម៌​ដើម្បី​ជួយ​បង្កើន​ប្រាក់​ចំណូល​ និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជា​ជន​ឈាន​ទៅ​រក​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ផ្អែក​លើ​គ្រឹះ​វប្ប​ធម៌​ជា​គន្លឹះ។ ជា​ការ​ពិត​ណាស់​ ព្រឹត្តិ​ការណ៍​វប្ប​ធម៌​នេះ​បាន​ដំណើរ​ការ​ទទួល​ជោគ​ជ័យ​ដោយ​មាន​​សា​ធារណ​ជន​ចូល​រួម​ទាំង​ជាតិ​ និង​អន្តរ​ជាតិ​យ៉ាង​ច្រើន​កុះ​ករ​។ លោក​ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មាន​ប្រសាសន៍​ថា វប្ប​ធម៌​ អរិយ​ធម៌​ខ្មែរ​​ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុស​សាយ​នៅ​លើ​ពិភព​លោក​ជាង​២​សហស្ស​វត្ស​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ ជា​ពិសេស​ក្នុង​សម័យ​រុង​រឿង​នៃ​ចក្រភព​អង្គរ​រវាង​សតវត្ស​ទី​៩​ដល់​ទី​១៥​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​ឈាន​ដល់​យុគ​កំពូល​នៃ​បញ្ញា​ញាណ​ច្នៃ​ប្រឌិត​ និង​ការ​បង្កើត​ស្នា​ដៃ​ដែល​បាន​បន្សល់​ទុក​ជា​កេរមរតក​​មកដល់​សព្វ​ថ្ងៃ​នេះ​នូវ​ប្រាសាទ​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ ប្រព័ន្ធ​ធារា​សាស្ត្រ​ និង​ស្នា​ដៃ​សិល្បៈ​ចំលាក់​រាប់​ពាន់​នៅ​ពាស​ពេញ​​ផ្ទៃ​ប្រទេស​ជាមួយ​នឹង​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ដ៏​សំបូរ​បែប​។

ជាក់​ស្តែង​ការ​ទទួ​លបាន​ជោគ​ជ័យ​ក្នុង​ការ​ចុះ​បញ្ជី​តំបន់​អង្គរ​ និង​ប្រាសាទ​​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក​ និង​ការ​បញ្ចូល​របាំ​ព្រះ​រាជទ្រព្យ​ និង​ល្ខោន​ស្រមោល​ស្បែក​ធំ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ​។
លោក​ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌បាន​អំពាវ​នាវ​ដល់​សាធា​រណ​ជន​ទាំង​អស់​​ អង្គ​ការ​ជាតិ​ និង​អន្តរ​ជាតិ​គ្រប់​ស្ថាប័ន​ពាក់​ព័ន្ធ​​ជួយ​បំផុស​​ស្មារតី​ខួប​អនុ​ស្សាវ​រីយ៍​វប្ប​ធម៌​នេះ​​ឱ្យ​ផុស​ផុល​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ក្នុង​បុព្វ​ហេតុ​ថែ​រក្សា​ការ​ពារ​ និង​អភិ​វឌ្ឍសិល្បៈ​វប្ប​ធម៌​ជាតិ​ឱ្យ​បាន​គង់​វង្ស​រុង​រឿង​ជា​អមតៈ៕