សម័យ​អង្គរ​សំបូរ​ទៅ​ដោយ​កន្លែង​មាន​ថ្មភក់ រចនាប័ទ្ម​កោះ​កេរ បន្ទាយស្រី បាពួន បាយ័ន បង្ហាញ​ពី​ការ​អភិវឌ្ឍន៍

បុរាណ​ឋាន ប្រាង្គ​ប្រាសាទ​នានា ពិតជាបាន​បង្ហាញ​ពី​អរិយធម៌​រុងរឿង​របស់​បុព្វបុរស​ខ្មែរ​ដែល​កំណត់​បាន​ថា ជនជាតិ​ខ្មែរ​មានអរិយធម៌​ចំណាស់​ជាងគេ​នៅ​ជ្រោយ​ឧបទ្វីបឥណ្ឌូចិន​នេះ ។ តឹកតាង​ជា​ប្រវត្ដិសាស្ដ្រ​នានាបាន​បង្ហាញ​យ៉ាង​ជាក់ស្ដែង​បំផុត សំរាប់មនុស្ស​ខ្មែរ​សម័យ​ក្រោយ​ៗ​មក រាប់​ទាំង​ក្រុមអ្នក​ស្រាវជ្រាវ​បរទេស​ផង​ដែរ ។ស្ដី​ពី​រចនាប័ទ្ម​ចម្លាក់​ត្រូវ​បាន​កត់សម្គាល់ថា មានការ​វិវឌ្ឍន៍​ពី​សម័យកាល​មួយ​ទៅសម័យកាល​មួយ ។

សំរាប់​សម័យ​អង្គរ​តាមការ​ស្រាវជ្រាវ​នានា​បង្ហាញ​ថា ប្រទេស​កម្ពុជាសំបូរ​ទៅ​ដោយ​កន្លែង​ដែល​មាន​ថ្មភក់​ច្រើន​។ ក្នុង​សម័យ​អង្គរថ្មភក់​ត្រូវ​បាន​យក​ពី​ភ្នំគូលែន (​ទៅ​ខាងជើង​ក្រុង​អង្គរ​) ដោយបណ្ដែត​តាម​ក្បូន​តាម​បណ្ដោយ​ព្រែក និងព្រែកជីក រហូត​ដល់​ការដ្ឋាន​នានា ។សិល្បៈ​ដែល​គេ​បាន​ទទួលស្គាល់​ជា​លើកដំបូង​នា​សម័យ​អង្គរ គឺ​សិល្បៈ​ក្នុង​រចនាប័ទ្មគូលែន (​ប្រហែល​ពី​គ​.​ស​៨២៥-​គ​.​ស  ៨៧៥) ។

គេ​ប្រសិទ្ធ​នាម​ឈ្មោះ​នេះ ក្រោយ ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ទ្រង់​បាន​តាំង​រាជធានី និង​ប្រារឰ​ព្រះរាជ​ពិធី​ដើម្បី​ឧទ្ទិស​ដល់​លទ្ធិទេវរាជ​ដែល​ព្រះមហាក្សត្រ​បន្ដបន្ទាប់​គោរព​តាម ។រចនាប័ទ្ម​នេះ គឺជា​រចនាប័ទ្ម​ដំបូង​គេ ដែលបាន​បោះបង់​ចោល​អ័ក្ស​សំរាប់​ទប់​លំនឹង (​រូបចម្លាក់​) ជា​ហេតុ​ធ្វើ​ឱ្យ​បដិមា​មាន​រាងកន្ទ្រល​ៗ ។ ដងខ្លួន​មាន​សភាព​ទ្រឹង ព្រមទាំង​បាន​បង្ហាញ​នូវ​លក្ខណៈ​របស់​ខ្មែរ ៖ មុខ មូល​, ថ្ងាសទូលាយ ។

រចនាប័ទ្ម​កោះ​កេរ (​គ​.​ស​៩៤១-​គ​.​ស ៩៤៤) បាន​បញ្ចេញ​នូវ​ការ​វិវត្ដន៍​ដ៏​សំខាន់ដោយ​ធ្វើ​ឱ្យ​រូបចម្លាក់​មាន​រូបរាង​ធំ​ៗ ៖ មនុស្ស និង​សត្វ ដែល​ប្រកប​ទៅ​ដោយ​ក្បាច់ រចនា និង​ថាមពល ។ ក្រុម​អ្នក​ប្រយុទ្ធ (​ចម្បាប់​) រវាង​សុគ្រីព និង​ពាលី ជាឧទាហរណ៍​ដ៏​ល្អ​ៗសំរាប់​រចនាប័ទ្ម​នេះ ។ផ្ទុយ​ទៅ​វិញ​, រចនាប័ទ្ម បន្ទាយស្រី គឺជារចនាប័ទ្ម​តែ​មួយ​គត់ ដែល​ធ្វើ​ឱ្យ​រូបចម្លាក់មាន​ភាព​ស្មុគស្មាញ និង​សំបូរ​ទៅ​ដោយគ្រឿង​តុបតែង​លំអ ព្រមទាំង​ការ​ចូល​ចិត្ដ ប្រើប្រាស់​ថ្មភក់​ពណ៌​ផ្កាឈូក ។

បដិមា​នៅ​រចនាប័ទ្ម​បា​ភួ​ន (​គ​.​ស ១០១០-​គ​.​ស​១០៨០) សុទ្ធសឹងតែ​មាន​ទ្រង់ទ្រាយ​ស្ដើង​ៗ ហើយ​ស្រស់​សង្ហា ។ បដិមាទាំងនោះបាន​ផ្ដល់​លទ្ធភាព​ឱ្យ​គេ​ធ្វើ​ទំនប់​ទប់លំនឹងនៅ​ខាងក្រោយ​កជើង ។ ភ្នែក (​បដិមា​) ភាគច្រើន​បាន​បង្ហាញ​គ្រាប់ភ្នែក ដែល​ត្រូវ​បាន​គេ​បញ្ចុះ​គជ់ ឬ​ត្បូង​ដែល​មានតម្លៃ ។ រចនាប័ទ្ម​អង្គរវត្ដ (​គ​.​ស​១១០០-​គ​.​ស​១១៧៥) បាន​បង្ហាញ​នូវ​ឧត្ដមានុភាពនៃ​សមិទ្ធផល​ក្នុង​ផ្នែក​ស្ថាបត្យកម្ម និង​ការតុបតែង​លំអ​តួ​ប្រាសាទ ព្រមទាំង​ផ្នែក​បដិមាកម្ម ។

ទន្ទឹម​នឹង​ប្រាសាទ អង្គរវត្ដ​ដែល​ល្បី​, ប្រាសាទ​ភិ​ម៉ៃ (​ក្នុង​ប្រទេស​ថៃ​) ក៏​ត្រូវ​បានសាងសង់​ឡើង​ក្នុង​សម័យ​នោះ​ដែរ ។ រូបចម្លាក់​សុទ្ធសឹងតែ​មាន​ជំហរ​ឈរ​ទ្រឹង មានសាច់ដុំ​ហើយ​ធាត់​ៗ ក៏​ប៉ុន្ដែ​បដិមា​ទាំងនោះ ត្រូវ​បាន​តុបតែង​លំអ​ដោយ​ខ្សែក្រវាត់​ដែលមាន​ក្បាច់ក្បូរ និង​គ្រឿងអលង្ការ ខ្សែ​.​ក និងខ្សែដៃ ។រចនាប័ទ្ម​បាយ័ន ស្ថិត​នៅ​ចុង​សតវត្សរ៍ ទី​១២-​ដើម​សតវត្សរ៍​ទី​១៣ បាន​សាង​ពុទ្ធបដិមា​មួយ​ចំនួន​ធំ ដោយ​យោង​ទៅ​តាមសាសនា ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ទ្រង់​បានគោរព​បូជា ។

រហូត​បច្ចុប្បន្ន​នេះ ព្រះ​មហាក្សត្រ​មួយ​អង្គក្នុង​ចំណោម​ព្រះមហាក្សត្រ ដែល​ល្បីល្បាញ​របស់​ខ្មែរ​, គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧, ត្រូវ​បាន​គេ​គោរព​បូជា​យ៉ាង​ខ្ពង់ខ្ពស់បំផុត។ ថ្វីបើ​ព្រះ​អង្គជា​ពុទ្ធសាសនិកជនក៏​ដោយ ក៏​ព្រះ​អង្គជា​អ្នក​អនុគ្រោះ​ដល់សាសនា​ដទៃ​ៗ​ទៀត ដោយ​មាន​សក្ខីភាពយ៉ាង​ច្បាស់លាស់​អំពី​ការ​កសាង​រួម​បញ្ចូល​គ្នារវាង​និមិត្ដរូប​របស់​ព្រាហ្មណ៍​សាសនា និងពុទ្ធសាសនា​ក្នុង​សម័យ​បាយ័ន ។

ឧទាហរណ៍មួយ​ក្នុង​បញ្ហា​នេះ គឺ​ក្បាំង​របស់​ព្រះពុទ្ធ (​មកុដ​) ដូច​គ្នា​ទៅ​នឹង​របស់​ដែល​ព្រះ​វិស្ណុពាក់​ជា​ធម្មតា ។ ទំនោរ (​នៅ​ក្នុង​សម័យនោះ​) គឺ​ការ​ធ្វើ​ព្រះ​ភ័ក្ដ្រ​របស់​បដិមា​ទាំងឡាយ​ភ្នែក​ព្រាហ្មណ៍​សាសនា​ឱ្យ​ដូច​ព្រះ​ភ័ក្ដ្រ របស់​ព្រះ មហាក្សត្រ​ដែល​សំបូរ​ទៅ​ដោយប្រាជ្ញាញាណ ។ ការ​ឱ្យ​អត្ថន័យ​មួយទៀតទៅ​លើ​លក្ខណៈ​របស់​រចនាប័ទ្ម​បាយ័ន គឺ​ការរីក​ដុះដាល​សិល្បៈ (​ទឹកមុខ​)​។