លើក​កម្ពស់​អរិយ​ធម៌ និង​កេរ​មរតក​សម័យ​អង្គរ

រាជ​ធានី​ភ្នំពេញ ៖ នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព ដោយ​មាន​ការ​គាំទ្រ និង​សហ​ការ​ពី​សមា​គម​ទី​ភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា នឹង​រៀបចំ​ការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​សំដៅ​លើក​កម្ពស់​អរិយ​ធម៌​កេរ​មរតក​នា​សម័យ​អង្គរ ​រៀង​រាល់​ថ្ងៃ​សុក្រ វេលា​ម៉ោង​៧​យប់ ចាប់​ពី​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ តទៅ​នៅ​សាល​សន្និ​សីទ​ចតុ​មុខ។

លោក​អាង គឹម​អៀង ប្រធាន​សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា (CATA) បាន​ឱ្យ​ដឹង​ថា ផ្ទាំង​ទស្សនីយ​ភាព​នៃ​ការ​សម្តែង​សិល្បៈ​ដ៏​អស្ចារ្យ​នោះ គឺ​មាន​​គោល​បំណង​ថែ​រក្សា​ និង​លើក​​តម្កើង​សិល្បៈ​​អរិយ​ធម៌ និង​កេរ​មរតក​នា​សម័យ​អង្គរ​ដ៏​រុង​រឿង​នៅ​លើ​ឆាក​ជាតិ និង​អន្តរ​ជាតិ។ ទន្ទឹម​នោះ​ ក៏​ជួយ​បង្កើត​ការ​ងារ​​ដល់​សិល្ប​ករ សិល្ប​ការិនី​នៅ​ក្នុង​ការ​ចូល​រួម​ចំណែក​ជំរុញ​សេដ្ឋ​កិច្ច​ជាតិ បង្កើត​ទំនាក់​ទំនង​​រវាង​ប្រជា​ជន​ក្នុង​ពិភព​លោក​ឱ្យ​មាន​ភាព​ស្និទ្ធ​ស្នាល និង​សន្តិ​ភាព​ ព្រម​ទាំង​ជួយ​បង្កើត​ផលិត​ផល​ផ្នែក​ទេស​ចរណ៍​បន្ថែម​ទៅ​ដល់​សមា​ជិក​នៃ​សមា​គម CATA រួម​ទាំង​អ្នក​ទស្សនា​ និង​អ្នក​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​វិស័យ​ទេស​ចរណ៍។

លោក​​អាង គឹម​អៀង បញ្ជាក់​ថា កម្ម​វិធី​នោះ​​​នឹង​ចូល​រួម​ចំណែក​ក្នុង​ការ​​លើក​កម្ពស់​ការ​សម្តែង​ជា​លក្ខណៈ​អាជីព​ទៅ​ដល់​សិល្ប​ករ សិល្ប​ការិនី​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។ អ្នក​ដែល​ចូល​រួម​ទស្សនា​នឹង​ទទួល​បាន​នូវ​ក្តី​រំភើប​រីក​រាយ​ និង​កោត​សរ​សើរ​ចំពោះ​ទេព​កោសល្យ​នៃ​ការ​សម្តែង​របស់​សិល្ប​ករ សិល្ប​ការិនី​ខ្មែរ​យើង​ដែល​រាល់​គ្នា​មិន​នឹង​ស្មាន​ដល់​អំពី​កម្រិត​នៃ​ភាព​ជំនាញ​របស់​ពួក​គេ។

អ្នក​រៀបចំ​កម្ម​វិធី​នៃ​ការ​សម្តែង​សិល្បៈ​បាន​ប្រាប់​ថា តម្លៃ​សំបុត្រ​សម្រាប់​ចូល​ទស្សនា​គឺ​១០​ដុល្លារ សម្រាប់​ជន​បរ​ទេស និង​១០.០០០​រៀល សម្រាប់​ជន​ជាតិ​ខ្មែរ។ ប៉ុន្តែ​សម្រាប់​សមា​ជិក​នៃ​សមា​គម​ទីភ្នាក់​ងារ​ទេស​ចរណ៍​កម្ពុជា​គឺ​៧​ដុល្លារ​សម្រាប់​ជន​បរ​ទេស។ អ្នក​ទស្សនា​អាច​ទំនាក់​ទំនង​​ការ​ងារ​​ផ្សេង​ៗ​ទាក់​ទង​​នឹង​ការ​សម្តែង​បាន​នៅ​នាយក​ដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព​នៃ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ៕