សាលាខេត្ដ​ព្រះ​សីហ​នុ​រៀបចំ​បុណ្យ​វិសាខបូជា​នៅ​វត្ដ​ឥន្ទ​ញ្ញាណ

ខេត្ដ​ព្រះ​សីហ​នុ ៖ លោក​មាស វុ​ឌ្ឍី និងលោក​ស៊ុន សា​ខន អភិបាលរង​ខេត្ដ​បាន​ដឹកនាំ​មន្ដ្រីរាជការ និង​ពុទ្ធបរិស័ទ​ប្រារឰ​ពិធីបុណ្យ​វិសាខបូជា​នៅ​ក្នុង​វត្ដ​ឥន្ទ​ញ្ញាណ ក្រុងព្រះ​សីហ​នុ ដែល​សាលាខេត្ដ​សហការ​ជាមួយមន្ទីរ​ធម្មការ និង​សាសនា​ខេត្ដ​រៀបចំ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១០ និង​បន្ដ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ក្នុង​នោះ​រួម​មាន​កម្មវិធី​ដង្ហែ​ក្បួន​កម្មវិធី សូត្រ​វិសាខបូជា កម្មវិធី​ចំរើន​ព្រះ​បរិត្ដ និងចុង​ក្រោយ​មាន​និមន្ដ​ព្រះសង្ឃ​ចំនួន​១៥០​អង្គ​បិណ្ឌ​បាត្រ​ផង​ដែរ​។

ពិធីបុណ្យ​វិសាខបូជា គឺជា​ពិធីបុណ្យ​ព្រះពុទ្ធសាសនា​ដ៏​ធំ​មួយ​ដែល​ប្រារឰ​ឡើង​ឧទ្ទិស ទៅ​ដល់​ថ្ងៃ​នក្ខត្ដឫក្ស​ទាំង​៣​របស់​ព្រះ​សម្មាសម្ពុទ្ធ ដែល​ទ្រង់​ប្រសូត ទ្រង់​ត្រាស់​ដឹង និងទ្រង់​បរិនិព្វាន​នៅ​ក្នុង​ថ្ងៃ​១៥​កើត ខែវិសាខ ដូច​គ្នា​ខុស​តែ​ឆ្នាំ ក្នុង​នោះ គឺ​ទ្រង់​ប្រសូត​នៅ ថ្ងៃ​ទី​១៥​កើត ខែ​ពិសាខ ឆ្នាំច ទ្រង់​ត្រាស់​ដឹង សម្មា​សម្ពោធិញាណ​នៅ​ថ្ងៃ​១៥​កើត ខែ ពិសាខ​ឆ្នាំរកា ហើយ​ទ្រង់បរិ​និ​ញ្វ​ន​នៅ​ថ្ងៃ ១៥​កើត ខែ​ពិសាខ​ឆ្នាំម្សាញ់ ។

លោក​មាស វុ​ឌ្ឍី អភិបាលរង​ខេត្ដ​មានប្រសាសន៍​ថា ក្រៅពី​វត្ដ​ឥន្ទ​ញាណ​វត្ដ​ដទៃទៀត​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ក៏​មាន​រៀបចំ​ប្រារឰពិធីបុណ្យ​វិសាខបូជា​នេះ​គ្រប់​ៗ​វត្ដ​នៅ​ក្នុង ថ្ងៃ​១៥​កើត ខែ​ពិសាខ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១០ និង​បានការ​ចូលរួម​ពី ពុទ្ធបរិស័ទ​យ៉ាងច្រើន​កុះករ​ដែល​បង្ហាញ​ឱ្យឃើញ​ថា​ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ពុទ្ធ​សាស និក​ជន​គោរព​ប្រណិប័តន៍​យ៉ាង​ខ្ជាប់ខ្ជួន​គ្រប់​ទីកន្លែង​ ។