តំកល់​ព្រះ​ពុទ្ធ​បដិ​មា​សំរាប់​ការ​គោរព​បូជា​របស់​ពុទ្ធ​សាសនិក

ខេត្ត​ព្រះ​សីហនុ​​ ៖ ព្រះ​ពុទ្ធ​បដិមា​ចំនួន​១៥​អង្គ ​រួម​ជាមួយ​រូប​សំណាក​លោក​យាយម៉ៅ​ចំនួន​២​ ក្នុង​នោះមាន​មួយ​ព្រះ​អង្គ​ធំ​ប្រក់​នាគ ​កំពស់​១៣,៧​ម៉ែត្រ ព្រះ​ភ្នែន​​៣,៩​ម៉ែត្រ​ កំពស់​អង្គុយ​៣,៩​ម៉ែត្រ កសាង​អំពី​ថ្ម​ភក់​នៅ​ស្រុក​ភ្នំសន្ទុក​ ខេត្ត​កំពង់​ធំ និង​រូប​សំណាក​ព្រះ​សាវ័ក​ចំនួន១៤​​អង្គ​ ក្នុង​មួយ​​អង្គ​​កំពស់​៣ម៉ែត្រ​ រួម​ជាមួយ​គ្រែ​ថ្ម​​១ត្រូវ​បាន​លោក​ស្បោង សារ៉ាត​ អភិ​បាល​ខេត្ត​ ​លោក​ជំទាវ​​ជា​ភរិយា​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជាវ​យក​មក​តំកល់​នៅសួន​ច្បារ​វិមាន​ឯក​រាជ្យ​​ស្ថិត​ក្នុង​ភូមិ​៣ សង្កាត់​​លេខ​៣ ក្រុង​ព្រះ​សីហនុ​ ។

ព្រះ​ពុទ្ធ​បដិមា​ និង​រូបសំណាក​លោក​យាយ​ម៉ៅ​បាន​ដឹក​មក​ដល់​កាល​ពី​​ល្ងាច​ថ្ងៃ​ទី​១៩ មករា កន្លង​មក​នេះ ​សំរាប់​​ពុទ្ធ​សាស​និក​ក្នុងនិង​ក្រៅ​ខេត្ត​គោរព​បូជា​ និង​ដើម្បី​ជួយ​លើក​តំកើង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចំរើន​។ អ្នក​ម៉ៅ​ការ​កសាង​រូប​សំណាក​បាន​ឱ្យ​ដឹង​ថា រូប​សំណាក​ទាំងនេះ គឺ​បាន​កសាង​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០​ មក​ម្ល៉េះ​ និង​​មាន​គំរោង​ធ្វើ​បុណ្យ​អភិ​សេក​ជា​ផ្លូវ​ការ​នៅ​ក្នុង​អំឡុង​ខែ​ផល្គុន​ត្រូវ​នឹង​ខែ​មីនា​ ខាង​មុខ​នេះ​។​
សូម​បញ្ជាក់​ថា ដោយ​គោរព​ទៅ​តាម​បវេ​ណី​ជា​ទំនៀម​ទំលាប់​ នៅ​ពេល​រថ​យន្ត​ស្ទូច​ព្រះ​ពុទ្ធ​បដិមា​ចេញ​ពី​រថ​យន្ត​ គេ​ឃើញ​មាន​ការ​ប្រគំ​ភ្លេង​ពិណ​ពាទ្យ​​៧​បទ​ និង​ធ្វើ​ពិធី​សមា​ទាន​សីល​ និង​មាន​ធម្ម​ក​ថិត​សំដែង​ធម៌​ទេស​នា​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១១ ដោយ​មាន​ការ​ចូល​រួម​ពី​យាយ​ជី តា​ជី និង​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​ ព្រម​ទាំង​ពុទ្ធ​បរិស័ទ​យ៉ាង​ច្រើន​កុះ​ករ​។​

យោង​តាមលោក​អ៊ំ​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​​និយាយ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​របស់​ខេត្ត​មាត់​សមុទ្រ​នេះ​ដែល​មាន​ព្រះ​ពុទ្ធ​បដិមា​ជា​ច្រើន​អង្គ​​រួម​ជាមួយព្រះ​អង្គ​​ធំ​ប្រក់​នាគ​មួយអង្គ​​មាន​កំពស់​រហូត​ដល់​១៣,៧​ម៉ែត្រ ត្រូវ​បាន​ដាក់​តំកល់​នៅ​សួន​ច្បារ​ដែល​ជា​កន្លែង​លំហែ​កាយ​ហាត់​ប្រាណ​របស់​ប្រជា​ពល​រដ្ឋ​ និង​ងា​យ​ស្រួល​ដល់​ការ​គោរព​​បូជា​ដែល​ជា​សីល​ធម៌​សំរាប់​ពុទ្ធ​សាសនិក​។ គាត់​បន្ត​ដោយ​ក្តី​រី​ករាយ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែលមក​ទី​នេះ​បាន​ទាំង​លំហែ​កាយ ហាត់​ប្រាណ​ និង​គោរព​ព្រះ​ពុទ្ធ​ជាព្រះ​បរម​គ្រូ​ផង​ដែរ ៕