ប្រវត្តិ ‹ខ្លុយ›

ខ្លុយមានអាយុរាប់ពាន់ឆ្នាំមកហើយ ។ Annale Extreme Oriant ឆ្នាំ១៩៣៥ ទំព័រ១២ សរសេរថា ៖ នៅសម័យនគរភ្នំសតវត្សទី៣ (ឆ្នាំ២៤៣) ទូតខ្មែរបានធ្វើតង្វាយទៅស្រុកចិននូវក្រុមភ្លេងមួយក្រុមមានអ្នកផ្លុំខ្លុយ ។ខ្លុយជាឧបករណ៍មានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ ព្រោះវាជាឧបករណ៍ភ្លេងមួយដែលងាយធ្វើ ងាយរៀន ងាយចេះ ជាងឧបករណ៍ដទៃ ។ ឧបករណ៍នេះប្រើមិនចំពោះវង់ណាជាវង់ណាឡើយ ជួនកាលគេផ្លុំ លេងតែម្នាក់ឯងតាមវាលស្រែ តាមផ្ទះ តាមវត្តអារាម ឬតាមទីផ្សារ ជួនកាលគេប្រើជាមួយនឹងឧបករណ៍ដទៃទៀត ក្នុងវង់ភ្លេងមហោរី វង់ភ្លេងការសម័យទំនើប វង់ភ្លេងអាយ៉ៃ វង់ភ្លេងល្ខោនបាសាក់ និងវង់ភ្លេងប្រជាប្រិយផ្សេងៗទៀត ។ គ្រប់ឧបករណ៍ដែលត្រូវប្រគំជាមួយខ្លុយ ត្រូវរឹតសំនៀងតាមខ្លុយទាំងអស់ ។

ខ្លុយប្រើខ្យល់ផ្លុំបាន២យ៉ាង ៖ កាលណាប្រគំក្នុងវង់ភ្លេងការសម័យទំនើប និងវង់ភ្លេងល្ខោនបាសាក់ ខ្លុយត្រូវ ប្រើ ខ្យល់ជាប់ដូចប៉ីអដែរ ដើម្បីតម្រូវទៅតាមលំនាំបទភ្លេងការ និងលំនាំបទភ្លេងបាសាក់ ដែលជាបទមានលក្ខណៈ ត្រូវប្រើ សំនៀង លុញ គ្រលឺត តំអែតំអូញ ។ កាលណាប្រគំក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ ឬវង់ភ្លេងដទៃទៀត ខ្លុយត្រូវប្រើខ្យល់ដាច់ ដើម្បីតម្រូវតាមបទភ្លេងដែលមានលក្ខណៈចំៗ ត្រង់ៗ មានល្បឿនញាប់ ខ្លុយត្រូវរត់សាច់បទ ដូចឧបករណ៍ដទៃទៀតដែរ ។

ខ្លុយរបស់កម្ពុជាធ្វើឡើងដោយយកដើមឫស្សីពកមួយសាច់ ឬឫស្សីដទៃណា ដែលមានប្រហោងប៉ុនម្រាមដៃ មានសំណុំអាចធ្វើខ្លុយបានយកមកធ្វើ ។ សម័យក្រោយនេះគេអាចយកបំពង់ដែក បំពង់ជ័រ ឬក្រឡឹងឈើរឹងៗ ដូចជា ឈើនាងនួន ឈើគ្រញូង ឈើខ្មៅ ។ល។ ធ្វើជាតួខ្លុយបានដែរ ។
ស្នូលដែលជាប្រដាប់ផ្លុំបញ្ចេញសំនៀងត្រូវធ្វើឡើងដោយប្រភេទឈើ ដែលមានសាច់ហាប់ ម៉ត់ជិតមិនបៀម ទឹក មិនឆាប់រីកដោយសារទឹកមាត់ ដូចជាដើមត្របែកជាដើម ។
នៅលើតួខ្លុយមានរន្ធជាច្រើនដូចជា ៖
រន្ធបញ្ចេញសំឡេង (រន្ធហែប) រន្ធនេះស្ថិតនៅខាងក្រោមតួជាប់នឹងស្នូល គឺជារន្ធសំខាន់សំរាប់ផ្តល់សំនៀង ឱ្យខ្លុយ ។
រន្ធចំហៀងស្ថិតនៅខាងក្រោម គឺជារន្ធសំរាប់ប្រើសំនៀងចំហៀងបិទបើកដោយមេដៃ ។
រន្ធចំស្ថិតនៅខាងលើជាជួរសំរាប់ប្រើសំនៀងចំបិទបើកដោយម្រាមដៃ និងកូនដៃ ។
រន្ធមានបង្ហើរខ្យល់ចោលមួយ ឬពីរស្ថិតនៅលើក្រោម ឬចំហៀងតួសំរាប់ជួយតម្រូវសំនៀងរបស់រន្ធចំ រន្ធទី៧ ឬរន្ធទី ៨ ។
ខ្លុយខ្លះមានរន្ធពិសេសមួយទៀតសំរាប់បិទក្រដាសស្តើងឱ្យសំនៀងចំហៀងបាន២ដែរ គឺជាសំនៀងដែលមានឈ្មោះ ដូចគ្នា ប៉ុន្តែសំនៀងមួយឮតូច សំនៀងមួយទៀតឮធំ (សំនៀងលើក្រោម) ។
នៅកម្ពុជាយើងមានខ្លុយបីយ៉ាង ៖ ខ្លុយតូច ខ្លុយធំ និងខ្លុយភ្លោះ ។ ខ្លុយធំមានទំហំធំ មានសំនៀងធំ ជា ខ្លុយពិសេស ប្រើតែក្នុងភ្លេងមហោរីគូនឹងខ្លុយតូច ប៉ុន្តែបច្ចុប្បន្ននេះខ្លុយធំៗពុំសូវមានគេប្រើប្រាស់ឡើយ ។ រីឯខ្លុយ ភ្លោះដែលជាខ្លុយបុរាណបំផុតត្រូវបានបាត់បង់ពីសង្គមកម្ពុជាទៅហើយ ។
ខ្លុយខ្មែរ គឺជាខ្លុយដែលមានអាយុច្រើនសតវត្សណាស់មកហើយនៅក្នុងសង្គមខ្មែរ ។ បើតាមប្រសាសន៍របស់ លោក ឧកញ៉ាមហាធិបតីមាស ឌី ជាប្រធានក្រុមភ្លេងព្រះរាជទ្រព្យក្នុងរវាងឆ្នាំ១៩៦៥ កាលនោះលោកមានអាយុ ជាង៦០ឆ្នាំហើយ លោកមានប្រសាសន៍តពីជីតារបស់លោកឈ្មោះសុវណ្ណ ជាអ្នកផ្លុំស្រឡៃ ខ្លុយពីរោះផុតគេក្នុងវាំងក្នុង រាជ្យស្តេចមុនីវង្សថា ‹ខ្លុយមានតាំងពីមុនសម័យអង្គរវត្ត មាននៅក្នុងវង់ភ្លេង មហោរីបុរាណប្រគំរួមជាមួយនឹងទ្រខ្មែរ ចាប៉ីដងវែងដោយយកបទពិណពាទ្យមកប្រគំមិនមែនមានត្រឹមតែពីសតវត្សទី១៦ ដូចគេថានោះទេ› ។ លោកមាន ប្រសាសន៍ទៀតថា ‹លោកគ្រូចៅអធិការគង់នៅវត្តមួយ នៃស្រុកមុខកំពូលជាគ្រូបង្រៀនស្រឡៃ-ខ្លុយរបស់លោកតា សុវណ្ណ ជាសង្ឃចេះដឹងច្រើនខាងមុខវិជ្ជាភ្លេង និងថា ខ្លុយមានតាំងពីរវាងឆ្នាំ៦១១ ដោយសំអាងទៅលើសិលាចារិក បានចារអំពីតង្វាយជាស្រីរាំ៧នាក់ ស្រីច្រៀង១១នាក់ និងតន្រ្តីការិនី៤នាក់ លោកមានពុទ្ធដីកាថា តន្រ្តីការិនី៤នោះគឺ ម្នាក់ចេះលេងខ្លុយ ម្នាក់ចេះដេញចាប៉ី ម្នាក់គោះឈិង និងម្នាក់ទៀតទះស្គរ›។
តាមធម្មតាខ្លុយនៅកម្ពុជាទោះតូចក្តីធំក្តី វាពុំទាន់មានកំរិតកំពស់សំនៀងឯកភាពគ្នានោះទេ ។ វាមានកំពស់សំនៀង ទាប ឬខ្ពស់ខុសគ្នាបន្តិចបន្តួចអាស្រ័យទៅតាមក្រុមភ្លេងនីមួយៗ តាមតំបន់នីមួយៗ និងតាមសំណុំលក្ខណៈនៃខ្លុយនីមួយៗ ដែលក្រុមនីមួយៗ និងតំបន់នីមួយៗនោះ និយមប្រើប្រាស់វា ។ ប៉ុន្តែគេទាំងអស់គ្នានៅតែគោរពខ្នាតចោះរន្ធខ្លុយតាមបែប បុរាណគ្រប់ៗគ្នាមិនល្អៀងឡើយ ។
គេយកខ្សែដែលមានប្រវែងស្មើនឹងតួខ្លុយបត់ជា២ផ្នត់ត្រូវចំរន្ធ៥ធៀន (រន្ធទី៣) ឬម្យ៉ាងទៀតគេយកប្រវែងខ្សែទាំង អស់មកបត់ជា១៦ផ្នត់ស្មើៗគ្នារួចគេចាប់វាស់ពីខាងចុងតួខ្លុយមក ។
ពីចុងតួខ្លុយមករន្ធបង្ហើរខ្យល់ចោល
មាន២ផ្នត់ (២/១៦)
ពីចុងតួខ្លុយមករន្ធទី៧
មាន៤ផ្នត់ (៤/១៦)
ពីចុងតួខ្លុយមករន្ធទី៦
មាន៥ផ្នត់ (៥/១៦)
ពីចុងតួខ្លុយមករន្ធទី៥
មាន៦ផ្នត់ (៦/១៦)
ពីចុងតួខ្លុយមករន្ធទី៤
មាន៧ផ្នត់ (៧/១៦)
ពីចុងតួខ្លុយមករន្ធទី៣
មាន៨ផ្នត់ (៨/១៦)
ពីចុងតួខ្លុយមករន្ធទី២
មាន៩ផ្នត់ (៩/១៦)
ពីចុងតួខ្លុយមករន្ធទី១
មាន១០ផ្នត់ (១០/១៦)
ពីចុងតួខ្លុយមករន្ធបិទក្រដាស
មាន១២ផ្នត់ (១២/១៦)
ពីចុងតួខ្លុយមករន្ធហែប
មាន១៥ផ្នត់ (១៥/១៦)
ប្រវែងស្នូល
មាន១ផ្នត់ (១/១៦)
រន្ធចំហៀងស្ថិតនៅខាងក្រោមតួខ្លុយចំពាក់កណ្តាលរន្ធទី១ និងរន្ធទី២ ។

សណ្ឋានរាងរៅ ឬទំនាក់ទំនងបែបសន្តាន ឬញាតិពន្ធរបស់ឧបករណ៍ខ្លុយយើង និងខ្លុយនៅតាមប្រទេសនានាមាន សន្ធឹកសន្ធាប់ណាស់ដូចជា ៖
ខ្លុយនៅកម្ពុជាមានរន្ធសំនៀង៤ ឈ្មោះថា រណម របស់ជនជាតិទំពួននៅខេត្តមណ្ឌលគិរី ខ្លុយប្រើទូទៅមានរន្ធ៦ ឬ រន្ធ៧ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)