ប្រវត្តិឩបករណ៍ភ្លេង <តាឃេ>

ខ្មែរ​ហៅ​ថា តាខេ ស្រ​ដៀង​គ្នា​នឹង​ភាសាសៀម​ហៅ​ថា ចរ​ខេ៍ ឬ​តៈខេ​រ៍ មាន​ន័យ​ថា សត្វ​ក្រពើ ។ ពាក្យ​ថា តាខេ ក៏​មាន​ន័យ​ថា សត្វ​ក្រពើ​ដែរ ពីព្រោះ​ឧបករណ៍​តាខេ​នេះមាន​រូបរាង​ដូច​សត្វ​ក្រពើ​សុទ្ធសាធ កាលពីសម័យ​ដើម ប៉ុន្ដែ​បច្ចុប្បន្ន​នេះ តាខេ​មាន​រូបរាង​ធម្មតា​បាត់​លក្ខណៈ​ជា​រូបរាង​សត្វ​ក្រពើអស់ហើយ ។ នៅ​ក្នុង​សង្គម​កម្ពុជា​យើង​សព្វថ្ងៃ ខ្លះ​ហៅ​ថា តៈខេ ខ្លះ​ទៀត​ហៅ​ថា តាខេ​។

ឧបករណ៍​នេះ​មានមុខ​ងារ​សំខាន់​ក្នុង​វង់ ភ្លេង​មហោរី​, វង់ភ្លេង​អា​យ៉ៃ​, វង់ភ្លេង​ការ សម័យ​ទំនើប និង​ប្រគំ​ម្នាក់ឯង ជួនកាល​ចំរៀង​ដេញ​បែប​ចាប៉ី​ដង​វែង​ក៏​មាន ។
នៅ​ក្នុង​វង់ភ្លេង​មហោរី គេ​ច្រើន​តែ​យកតាខេ​ណា​ធំ​ៗ មានសំនៀង​ក្រា​ង​ក្រអៅ​ធ្ងន់ មក​ចូលរួម​ប្រគំ ប៉ុន្ដែ​នៅ​ក្នុង​វង់ភ្លេង​អា​យ៉ៃ និង​វង់ភ្លេង​ការ​សម័យ​ទំនើប​វិញ គេ​ច្រើន​តែយក​តាខេ​តូច​ជាង​បន្ដិច​មានសំនៀង​ចរចា​តស្រាល​មក​ប្រគំ ។ តាខេ មានដំណើរ​សាច់​បទ​ចិញ្ច្រាំ​ញាប់​ធ្វើ ឱ្យ​សំនៀង​ចង្អៀត​ជាង​ឧបករណ៍​ដទៃ ។

សព្វថ្ងៃ​តាខេ​នៅ​កម្ពុជា​យើងធ្វើ​អំពី​ឈើខ្នុរ ដែល​ជា​ប្រភេទ​ឈើ​ឱ្យ​សំនៀងល្អ​ជាងឈើ​ដទៃ ។ ដូនតា​យើង​បាន​បែងចែក​តាខេទាំងមូល​ជា​៣​ផ្នែក គឺ​ក្បាលដងខ្លួន និង
ពោះ ។ នៅ​ត្រង់​ក្បាលមាន​ព្រ​លួត​៣ ច្រើន​ធ្វើ អំពី​ឈើ​រឹង​ៗ មានកំ​ប៉ក់​អាចម៍ឆ្កែ​១ (​ពក​នៅលើ​ច្រមុះ​ក្រពើ បុរាណ​ហៅ​ថា កំ​ប៉ក់​អាចម៍ឆ្កែ​) បន្ដុប​ពីលើ​សំរាប់​លំអ ។ មាន​ធរណី (​ប្រ​កៀន​) ដាក់​បន្ទាប់​ពី​ព្រ​លួត គឺជា​ខ្ទង់ ដែល​ខ្ពស់​ជាងគេ​សំរាប់​ទ្រ​ខ្សែ​ឱ្យ​ផុត​ពី​ខ្ទង់ដទៃ ។ នៅ​ក្រោម​ក្បាលមាន​ជើង​មួយ​សំរាប់ទ្រ ។

នៅ​លើ​ខ្លួន​មាន​ខ្ទង់​១២ ធ្វើ​អំពី​ឈើ​រឹង ឬ ឆ្អឹង​ដំរី ។ នៅ​លើ​ខ្ទង់​នីមួយ​ៗ​មាន​បិទ​ឆ្អឹង ឬ ខ្នងឫស្សី​រឹង​បន្ដុប​ពីលើ​សំរាប់​ការពារ​ភាព​សឹករឹល​នៃ​ខ្ទង់ ។ ខ្ទង់​ទាំង​១២​នេះ​រាយ​ចន្លោះ​ពី មួយ​ទៅ​មួយ​តាម​កំរិត​សំនៀង​របស់​ខ្លួន ។ នៅ​លើ​ពោះ​មាន​ប្រអប់​មួយ​ធ្វើ​អំពី​ឈើ ឬ​ស្ពាន់​មានឈ្មោះ​ហៅ​ថា ក្រាញ (​គីង្គក់​) នៅ​លើ​ក្រាញ​មាន​បន្ទះ​ឫស្សី​តូច​ស្ដើង​សំរាប់កល់​ខ្សែ​សំនៀង​ឱ្យ​មានសំនៀង​ក្រា​ង​ៗ ដែលជា​លក្ខណៈ​សំនៀង​របស់​តាខេ ។ នៅ​ខាងក្រោម​ពោះ​មាន​ជើង​៤ ឬ​២​សំរាប់​ទ្រ​តួតាខេ ។

ខ្សែ​សំនៀង​មាន​៣
-ខ្សែ​ទី​១ ហៅ​ថា ខ្សែ​ឯក មានសំនៀង​តូច ជាងគេ ពី​ដើម​គេ​ប្រើ​សរសៃសូត្រ​វេញ​ចូល​គ្នា បច្ចុប្បន្ន​គេ​ប្រើ​ជ័រ​នីឡុង​ជំនួស​វិញ ។
-ខ្សែ​ទី​២ ហៅ​ថា ខ្សែ​គ មានសំនៀង​គ្រលរ ធ្វើ​អំពី​សរសៃសូត្រ​ដែរ ប៉ុន្ដែ​ឥឡូវ​គេ​ប្រើ ខ្សែ​នីឡុង​វិញ ។
-ខ្សែ​ទី​៣ ហៅ​ថា ខ្សែ​បន្ទរ មានសំនៀង​ធំ ធ្វើ​អំពី​ខ្សែ​លោហធាតុ​ប្រើ​សំរាប់​តែ​បន្ទរ ។
ក្រចក​កេះ​ខ្សែ​សំនៀង មាន​រាង​មូល​ទ្រ វែង​ជម​ផ្នែក​ខាង​កេះ ក្រចក​នេះ​ធ្វើ​អំពី​ឈើ រឹង ឬ​ភ្លុក​ដំរី មាន​ដោត​ខ្សែ​ចំ​កណ្ដាល សំរាប់ ទុក​រុំ​ភ្ជាប់​នឹង​ចង្អុលដៃ​កេះ ។
ក្នុង​ពេល​ប្រគំ​បទ​ភ្លេង​ម្ដង​ៗ គេ​ប្រើប្រាស់ ខ្សែ​ឯក​ច្រើន​ជាងគេ​សំរាប់​រាយ​សាច់​បទ ឯ ខ្សែ​គ និង​ខ្សែ​បន្ទរ​ពុំ​សូវ​ប្រើ​ឡើយ ។ តន្ដ្រីករ តាខេ​គ្រប់​រូប​ប្រើ​ម្រាមដៃ​តែ​៣ សំរាប់​ចុច ខ្សែ​សំនៀង ចំណែកឯ​មេដៃ និង​កូនដៃ​គេ ច្រើន​តែ​ទុក​នៅ​ទំនេរ ៕ (ស្រាវជ្រាវចងក្រងដោយ លោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)